កសិកម្មដោយមិនប្រើថ្នាំពុល ការពិសោធន៍ដែលធ្វើឲ្យប្រែប្រួលដល់គំរូកសិកម្ម

បើយោងតាមវិទ្យាស្ថានជាតិស្រាវជ្រាវបារាំង សម្រាប់កសិកម្ម ចំណីអាហារ និងបរិស្ថាន បាន ឲ្យដឹងថា ការដាំដុះដោយមិនប្រើថ្នាំពុលសម្លាប់សត្វល្អិត និងសម្របសម្រួលទាំងទិន្នផល និងប្រសិទ្ធភាពខាងសេដ្ឋកិច្ឋ គឺអាចទៅរួច។ ការសិក្សាស្រាវជ្រាវ ដែលដឹកនាំធ្វើរយៈពេល ១០ឆ្នាំ លើមជ្ឈមណ្ឌលចំនួន ៩ នៅប្រទេសបារាំង បង្ហាញឲ្យឃើញនូវសក្តានុពលដែលគួរ​ឲ្យ​សង្ឃឹមទុក។

លោកហ្ស៉ង់ ណូអែល អូប៊ែរតូត អ្នកផ្តួចផ្តើមគំនិតនៃគម្រោងបានរៀបរាប់ថា នៅក្នុងការ សិក្សា វិទ្យាស្ថានជាតិនៃការស្រាវជ្រាវសម្រាប់កសិកម្ម ចំណីអាហារ និងបរិស្ថាន (Inrae) បាន​បង្ហាញអំពីជម្រើសនៃការកាត់ផ្តាច់ទាំងស្រុងពីប្រព័ន្ធកសិកម្មតាមទម្លាប់ធម្មតា ដោយ​ការ​ដាំដុះដោយមិនប្រើថ្នាំបំពុល លោកបន្ថែមថា គំនិតសម្រាប់រូបលោក មិនមែនមាន ន័យ​ថា នេះគឺជាគំរូល្អសម្រាប់​កសិកម្មនៅទូទាំងពិភពលោកនោះទេ ប៉ុន្តែគេរកមើល​នូវអ្វី ដែល​អាច​ដំណើរការដោយ​គោរពឲ្យបានប្រសើរ នូវធម្មជាតិ ព្រំដែនរបស់វា បរិស្ថាន និង​សុខភាព។

សម្រាប់សំនួរដែលថា ជាបច្ចេកទេស តើប្រព័ន្ធកសិកម្មដែលមិនមានប្រើថ្នាំសម្លាប់សត្វល្អិត​សោះ​​អាចធ្វើទៅរួចដែរឬទេ? ចម្លើយ គឺថា បាន។ ហើយសួរថា តើវាអាច​ផ្តល់ផល​ចំណេញ​ខាង​សេដ្ឋកិច្ចទេ? ចម្លើយក៏ថា បានដែរ។ ដោយគ្មានរបាំងគីមីនៃថ្នាំសម្លាប់សត្វល្អិត ដំណាំ​កសិកម្ម​អាចទទួលរងការវាយប្រហារពីសត្វល្អិត និងជំងឺកសិកម្មខ្លះៗ។ ប៉ុន្តែទិន្នផល​នៅតែ​មាន និងមានការប្រែប្រួលកាន់តែច្រើនឡើងជាងមុន អាស្រ័យទៅតាមឆ្នាំ តំបន់ និង​ប្រភេទ​ដំណាំ​ដែលបានដាំផងដែរ។

ដំណាំ ព័រឆីក អាចជួបការលំបាកក្នុងការរីកលូតលាស់នៅតំបន់អុកស៊ីតានី ភាគខាងត្បូង​ប្រទេស​បារាំង ប៉ុន្តែដំណាំដំឡូង និងស្រូវរីកចម្រើនល្អនៅភាគខាងជើងទន្លេឡ័រ៍ និងភាគ​ខាង​ជើងប្រទេស។ ចំពោះដំណាំគ្រាប់ធញ្ញជាតិ ទិន្នផលជាប្រព័ន្ធ គឺតែងតែខ្ពស់ជាង​កសិកម្ម​សរីរាង្គ​តាមការពិសោធន៍។

យោងតាមការសិក្សាបានឲ្យដឹងថា ប្រព័ន្ធកសិកម្មធំៗ ដែលបានវាយតម្លៃ បានផ្តល់នូវភាព​ចំណេញ។ ពួកវាអាចបង្កើតចំណូលបានចន្លោះពី​ ១ ដល់ ៣ នៃប្រាក់ឈ្នួលអប្បរមា។ ​ប្រាក់​ឈ្នួលអប្បបរមានៅបារាំង ប្រហែល ១៨៧០ អឺរូ ក្នុងមួយខែ សម្រាប់​កសិករ​នៅមួយ​កន្លែង។ ក្នុងករណីខ្លះ ៨០% ទិន្នផលអាចឈានដល់យ៉ាងហោចណាស់ពីរ​ដងនៃប្រាក់ឈ្នួល​អប្បរមា។

លោកសេបាស្យ៊ាន ដារ៉ាស គឺជាអ្នកទទួលខុសត្រូវលើការសាកល្បងប្រព័ន្ធកសិកម្ម​មិនប្រើថ្នាំ​ពុល និងពិសោធន៍សម្រាប់កសិកម្មធំៗ ដូចជា ស្រូវអ័ហ្ស៍ ដំឡូងប៊ីតត្រាវ ដំណាំកូលហ្ស៉ា និង​ដំឡូង​បារាំង។ លោកនិយាយទាំងញញឹមថា នៅស្រុកអេស្ត្រេ មូន នៅក្នុងតំបន់សូម ភាគជើង​បារាំង ការរំពឹងទុកពីការសិក្សាត្រូវបានឆ្លើយតប។ នៅកណ្តាលខែមិថុនា ស្រូវនៅតែមាន​ពណ៌​បៃតង និង​កន្ទុយស្រូវបានពង្រីកល្អ ដែលជាសញ្ញាបង្ហាញថា ‘ទិន្នផលល្អ’។ នៅលើ​ដី​កសិកម្ម​នេះ លោករំពឹងថា ក្នុងរយៈពេលមួយខែទៀត ទិន្នផលនឹងឈានដល់ ៧,៥ តោន ទៅ ៨ តោន ក្នុង ១ហិកតា” ដែលខ្ពស់ជាងមធ្យមជាតិនៅឆ្នាំ២០២៥។ តំបន់សូម នេះគឺជា “មួយ​ក្នុង​ចំណោមតំបន់ដែលមានលទ្ធផលល្អបំផុតក្នុងកសិកម្មពិសោធន៍ធំៗ”។

ការបង្ហាញឲ្យឃើញនូវលទ្ធផលមួយដែលមិនសូវបានរំពឹងទុក គឺនៅក្នុងវាលទំនាបពីការឌី ដែល​មានសំណើមច្រើន គឺអាចបង្កើតលក្ខខណ្ឌសមស្របសម្រាប់ជំងឺដូចជា ជំងឺ​ច្រែះ​លឿង នៅលើស្រូវសាលី ឬជំងឺផ្សិតនៅលើដំឡូង។ ប៉ុន្តែនៅក្នុងវាលស្រូវសាលី លោក​សេបាស្យ៊ាន ដារ៉ាស បង្ហាញស្លឹកដែលមានស្នាមតូចៗលើដើមដែលមានកន្ទុយស្រស់ស្អាត ដែល​ជាស្នាម​នៃ “ការវាយប្រហារដោយជំងឺច្រែះលឿង ប៉ុន្តែស្រូវប្រភេទនេះនៅតែអាច​ធន់​ទ្រាំ​បាន។

Daily Program

Livesteam thumbnail