កម្តៅស្រួចស្រាវ និងភ្លៀងស្ទើរគ្មាន ៖ គ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ កំពុងគំរាម កំហែងកសិកម្ម និងជីវិតមនុស្សនៅចក្រភពអង់គ្លេស
វិបត្តិអាកាសធាតុកំពុងរុញច្រានប្រទេសអង់គ្លេស និងប្រទេសវេលស៍ ឱ្យធ្លាក់ចូលទៅក្នុង គ្រោះរាំងស្ងួត និងរលកកម្តៅដ៏ធ្ងន់ធ្ងរបំផុត មិនធ្លាប់មានសោះក្នុងប្រវត្តិសាស្ត្រជិត ២ សតវត្សរ៍ចុងក្រោយ ដោយសារការធ្លាក់ភ្លៀងថយចុះស្ទើរតែដល់កម្រិតសូន្យ ហើយវាកំពុងតែប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យកសិកម្មផងដែរ។
យោងតាមទិន្នន័យបណ្តោះអាសន្នពីនាយកដ្ឋានឧតុនិយមជាតិអង់គ្លេស ម៉េដ អហ្វហ្វ៊ីស (Met Office) បានឱ្យ ដឹងថា ខែកក្កដា ឆ្នាំ២០២៦ នេះ គឺជាខែដែលស្ងួតហួតហែងបំផុតមិនធ្លាប់មាន ចាប់តាំងពីមានការស្រង់ទិន្នន័យក្នុងឆ្នាំ១៨៣៦។ បាតុភូតអាកាសធាតុដ៏ក្តៅគគុក និងពន្លឺព្រះអាទិត្យចាំងខ្លាំងក្នុងកម្រិតឯកតកម្មនេះ បានបង្កឱ្យមានការប្រែប្រួលយ៉ាងគំហុកដល់បរិស្ថាន និងជីវភាពរស់នៅ។
លោកស្រីអាមី ដូហឺធី (Amy Doherty) អ្នកវិទ្យាសាស្ត្រនៅម៉េដ អហ្វហ្វ៊ីក Met Office បានគូសបញ្ជាក់ថា ៖ «ការរួមផ្សំគ្នារវាងគ្រោះរាំងស្ងួតកម្រិតឯកតកម្ម កម្តៅក្តៅខុសធម្មតា និងពន្លឺព្រះអាទិត្យខ្លាំងក្លា ដែលមិនធ្លាប់មាន បានបង្កើតឱ្យមានខែនៃរដូវក្តៅដ៏គួរឱ្យកត់ សម្គាល់បំផុតនៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្ររបស់យើង»។
តួលេខនៃគ្រោះរាំងស្ងួតបានបង្កឲ្យមានការព្រួយបារម្ភ ៖
ប្រទេសអង់គ្លេស មានកម្ពស់ទឹកភ្លៀងត្រឹមតែ ៦,៥ មីលីម៉ែត្រប៉ុណ្ណោះក្នុងខែកក្កដា (ថយចុះមកត្រឹមតិចជាង ១០% នៃកម្រិតមធ្យមប្រចាំរដូវ)។
ភាគខាងត្បូងអង់គ្លេសទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ដោយមានកម្ពស់ទឹកភ្លៀងត្រឹម ១,៩ មីលីម៉ែត្រ (តិចជាង ៣% នៃកម្រិតមធ្យម)។
ចំណែក ប្រទេសវេលស៍ កត់ត្រាកម្ពស់ទឹកភ្លៀងបានត្រឹម ៩,៣ មីលីម៉ែត្រ (ប្រមាណ ៩% នៃកម្រិតមធ្យម)។
មានផលប៉ះពាល់ធ្ងន់ធ្ងរលើវិស័យកសិកម្ម និងសុខភាពសាធារណៈ។
វិបត្តិអាកាសធាតុនេះបានវាយប្រហារចំៗលើវិស័យកសិកម្ម និងជីវភាពរស់នៅ។ លោកថម ប្រាដស្ហ៉ល់ (Tom Bradshaw) ប្រធានសហភាពកសិករជាតិអង់គ្លេស បានប្រាប់បណ្តាញព័ត៌មានស្កាយញូ Sky News ថា ការច្រូតកាត់ប្រមូលផលត្រូវបង្ខំចិត្តបញ្ចប់ទាំងស្រុងតាំងពីដើមខែសីហា ដែលជារឿង «មិនដែលនឹកគិតឃើញកាលពី ១០ ឆ្នាំមុន»។ លោកបានបន្ថែមថា ទិន្នផលដំណាំមួយចំនួនបានធ្លាក់ចុះរហូតដល់ ១/៣ នៃកម្រិតធម្មតា។ ទោះជាយ៉ាងណាក៏ដោយ វាឆាប់រហ័សពេកក្នុងការវាយតម្លៃលើផលប៉ះពាល់នៃតម្លៃទីផ្សារកសិកម្ម ពិភពលោកដោយសារវិបត្តិអាកាសធាតុ។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារអង់គ្លេសនៃសន្តិសុខសុខភាព (UKHSA) បានប្រកាសអាសន្នរលកកម្តៅ ដោយដាក់កំណត់សម្គាល់ «កម្រិតពណ៌ទឹកក្រូច» (កម្រិតទី២ ខ្ពស់បំផុតបន្ទាប់ពីពណ៌ក្រហម) នៅតំបន់ជាច្រើន រួមទាំងរាជធានីឡុងដ្រ៍ ផងដែរ ដែលសីតុណ្ហភាពបានហក់ឡើងដល់ ៣១ អង្សារសេ។ យោងតាមទិន្នន័យពី UKHSA បានឲ្យដឹងទៀត រលកកម្តៅកម្រិតឯកតកម្មកាលពីខែមិថុនា និងកក្កដាកន្លងទៅ បានបណ្តាលឱ្យមានមនុស្សស្លាប់ប៉ាន់ប្រមាណរហូតដល់ ២៨៧៧ នាក់ នៅអង់គ្លេស។
គេមានការអំពាវនាវឱ្យមានចំណាត់ការជាបន្ទាន់។
ដោយសារការព្យាករអាកាសធាតុរយៈពេលខ្លីមិនទាន់បង្ហាញសញ្ញានៃការធ្លាក់ភ្លៀងនៅឡើយ លោកស្រី រ៉ូហ្ស៊ី ដោននើ (Rosie Downer) តំណាងអង្គការមិត្តនៃផែនដី (Friends of the Earth) បានអំពាវនាវយ៉ាងទទូចថា ៖ «យើងបាន និងកំពុងជំរុញឱ្យមានផែនការជាតិរឹងមាំមួយ ក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីជួយឱ្យចក្រភពអង់គ្លេសអាចត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតឧតុនិយមដែលកាន់តែខ្លាំងក្លាឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ»៕
