អភិបូជាសម្រាប់សម្តេចប៉ាបថ្មី ឡេអូ ទី១៤នៅមជ្ឈមណ្ឌលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញភ្នំពេញថ្មី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥“សេចក្តីក្លាហាន អំណរសប្បាយ ធ្វើដំណើររួមជាមួយគ្នា”

“នៅក្នុងព្រះជាម្ចាស់ដែលជាអង្គតែមួយ ឱ្យយើងទាំងអស់គ្នាទៅជាធ្លុងតែមួយ”
បងប្អូនជាទីស្រឡាញ់!
នេះជាពាក្យស្លោករបស់សម្តេចប៉ាប ឡេអូ ទី១៤ ដែលព្រះអង្គបានជ្រើសរើសតាំងពីទ្រង់ធ្វើជាលោកអភិបាលនៅប្រទេសប៉េរូ ទៅជាលោកកាឌីណាល់ទទួលខុសត្រូវក្រសួងជ្រើសរើសលោកអភិបាល។ ព្រះបន្ទូលរបស់ព្រះយេស៊ូដែលយើងបានស្តាប់ថ្ងៃនេះ “ខ្ញុំនិងព្រះបុតាជាអង្គតែមួយ”។ ថ្ងៃនេះ យើងមានអំណរសប្បាយដ៏ពេញលក្ខណៈ អំណរសប្បាយសម្រាប់ព្រះសហគមន៍ទាំងមូល ដោយស្វាគមន៍សម្តេចប៉ាបថ្មី គ្រូគង្វាលដ៏សប្បុរសសម្រាប់ព្រះសហគមន៍សកល សម្រាប់ព្រះសហគមន៍នៅក្នុងពិភពលោក និងសម្រាប់ព្រះសហគមន៍នីមួយៗ។ សម្តេចប៉ាបមានតួនាទីថែរក្សាព្រះសហគមន៍នៅក្នុងធម៌មេត្តាករុណារបស់ព្រះអង្គ ឱ្យព្រះសហគមន៍នីមួយៗធ្វើដំណើររួមគ្នាឆ្ពោះទៅជីវិតអស់កល្បជានិច្ច។ ដូច្នេះ រួមគ្នាយើងអបអរសាទរសម្តេចប៉ាបថ្មី ឡេអូ ទី១៤។
តាំងពីថ្ងៃសុក្រ ជាមួយយុវជនយុវនារីជាង ៣០០នាក់ ដើម្បីឱ្យយើងរួមគ្នាធ្វើដំណើរឆ្ពោះទៅសេចក្តីសង្ឃឹម នៅក្នុងឆ្នាំព្រះមហាករុណាទិគុណនេះ។ ជាពិសេស ដើម្បីទុកឱ្យយុវជនយុវនារីម្នាក់ៗមានឱកាសស្តាប់ព្រះសូរសៀងរបស់ព្រះយេស៊ូ ដែលមិនមែនជាសម្លេងដែលលឺខ្លាំងៗ តែជាព្រះសូរសៀងដែលកំពុងខ្សិបៗនៅក្នុងដួងចិត្តរបស់យើងម្នាក់ៗ “សូមអញ្ជើញមក អ្នកនឹងឃើញ”។ ពីម្សិលមិញ យើងជាអ្នកធ្វើដំណើររួមជាមួយគ្នាឆ្ពោះទៅសេចក្ដីសង្ឃឹម យើងបានឆ្លងទ្វារដ៏វិសុទ្ធ យើងបានទៅអធិដ្ឋានផ្គាំនៃធម៌មេត្តាករុណារួមជាមួយព្រះយេស៊ូ យើងដឹងថាមានតែព្រះយេស៊ូដែលណែនាំឱ្យយើងមានសេចក្ដីសង្ឃឹមនៅក្នុងពិភពលោកនេះ។ យើងបាននឹករលឹកដល់មរណសាក្សីនៃប្រទេសកម្ពុជាដែលបានលះបង់ចោលអ្វីៗទាំងអស់។ លោកអភិបាល ឆ្មារ សាឡាស់ បានធ្វើជាគ្រូគង្វាលដ៏សប្បុរសដល់នាទីចុងក្រោយ ដើម្បីឱ្យយើងរួមគ្នាកសាងព្រះសហគមន៍របស់យើងសព្វថ្ងៃ។ យើងបានជួបជុំគ្នានៅកន្លែងព្រះនាងម៉ារីនៃទន្លេមេគង្គ ព្រះនាងម៉ារីដែលជាម្តាយរបស់យើង ព្រះនាងម៉ារីដែលជាម៉ែរបស់យើង។
ព្រឹកនេះ យើងជួបជុំគ្នាដោយអរព្រះគុណព្រះជាម្ចាស់សម្រាប់សម្តេចប៉ាបថ្មី។ យើងអធិដ្ឋានទូលអង្វរព្រះជាម្ចាស់ដើម្បីឱ្យសម្តេចប៉ាបថ្មី ពោរពេញដោយព្រះអំណោយទានដែលមកពីព្រះអង្គ ពោរពេញដោយព្រះអំណោយទានដែលជាព្រះពន្លឺរបស់ព្រះយេស៊ូគ្រីស្ត ដើម្បីបំភ្លឺយើងនៅក្នុងពិភពលោកដែលកំពុងដើរនៅក្នុងភាពងងឹត។ សង្រ្គាមក៏នៅមាន មនុស្សដែលគិតតែពីសម្ភារៈនិយមក៏នៅមានច្រើនទៅៗ ជាពិសេសនៅក្នុងពិភពលោកយើងពូកែគិតអំពីផ្ទាល់ខ្លួន ដែលមិនបានអើពើជាមួយបងប្អូនឯទៀតៗ នៅប៉ុន្មានកន្លែងយើងបានភ្លេចវត្តមានរបស់ព្រះជាម្ចាស់។ យើងអធិដ្ឋានទូលអង្វរព្រះជាម្ចាស់ ដើម្បីឱ្យសម្តេចប៉ាបណែនាំឱ្យយើងស្តាប់លឺព្រះសូរសៀងរបស់ព្រះយេស៊ូ ដូចយើងបានស្តាប់ថ្ងៃនេះនៅក្នុងអត្ថបទគម្ពីរដំណឹងល្អ “ខ្ញុំជាគង្វាលដ៏សប្បុរស ចៀមរបស់ខ្ញុំតែងតែស្តាប់សម្លេងខ្ញុំ ខ្ញុំស្គាល់ចៀមទាំងនោះ ហើយចៀមទាំងនោះមកតាមខ្ញុំ”។ នេះជាព្រះបន្ទូលរបស់ព្រះយេស៊ូ ប៉ុន្តែនេះជាក៏ជាព្រះបន្ទូលរបស់សម្តេចប៉ាបថ្មីសម្រាប់យើងដែរ ដើម្បីណែនាំឱ្យយើងធ្វើដំណើររួមជាមួយគ្នា ទៅដល់ព្រះយេស៊ូគ្រីស្តដែលប្រទានជីវិតអស់កល្បជានិច្ច ដោយដឹងថានៅក្នុងព្រះយេស៊ូយើងមិនអាចស្លាប់បានទេ។
បងប្អូនជាទីស្រឡាញ់ តាមរយៈសម្តេចប៉ាបឱ្យយើងទាំងអស់គ្នាទៅជាគ្រួសារតែមួយ អង្គតែមួយ នៅក្នុងព្រះសហគមន៍របស់យើង ដើម្បីឱ្យយើងប្រកាសម្តងទៀតដូចលោក សិលា “ប្រសិនបើអត់មានព្រះអង្គតើឱ្យយើងទៅណា យើងមានតែព្រះអង្គទេដែលណែនាំឱ្យយើងទទួលជីវិតអស់កល្បជានិច្ច”។ បងប្អូន និងយុវជនយុវនារីជាទីស្រឡាញ់ ព្រឹកនេះព្រះសហគមន៍ពោរពេញដោយអំណរសប្បាយ អំណរសប្បាយដោយអរព្រះគុណព្រះជាម្ចាស់សម្រាប់សម្តេចប៉ាបថ្មី អំណរសប្បាយដោយសារយើងដឹងថាព្រះយេស៊ូគ្រីស្តស្គាល់យើង ព្រះយេស៊ូគ្រីស្តស្រឡាញ់យើង។ អំណរសប្បាយសម្រាប់ព្រះសហគមន៍យើង ដែលនៅក្នុងឆ្នាំព្រះមហាករុណាទិគុណនេះធ្វើដំណើរឆ្ពោះទៅសេចក្ដីសង្ឃឹម។ ព្រឹកនេះ អត្ថបទដែលយើងបានស្តាប់ណែនាំឱ្យយើងមើលឃើញសេចក្តីក្លាហានរបស់លោក ប៉ូល និងលោក បាណាប៉ាស នៅពេលនោះសាសនាយូដាកំពុងបណ្តេញគេដូចជាសម្រាម ប៉ុន្តែគេមិនខ្លាចដោយដឹងថាគេមានព្រះបន្ទូលរបស់ព្រះយេស៊ូគង់នៅជាមួយគេ និងគេបន្តប្រកាសព្រះបន្ទូលរបស់ព្រះយេស៊ូ ដោយធ្វើដំណើរតទៅទៀតនៅកន្លែងផ្សេងៗ។
ព្រឹកនេះ យើងមើលឃើញអំណរសប្បាយរបស់សាសន៍ដទៃ ដែលទទួលដំណឹងល្អនៅក្នុងជីវិតរបស់គេ ដែលលឺថាព្រះអង្គបានជ្រើសរើសគេឱ្យធ្វើជាពន្លឺសម្រាប់ជាតិសាសន៍នានា ដើម្បីឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការសង្រ្គោះទៅដល់ទីដាច់ស្រយាលនៃផែនដី។ នៅពេលហ្នឹង សាសន៍ដទៃពោរពេញអំណរសប្បាយ ទទួលពិធីជ្រមុជទឹក លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយដឹងថាគេមានជីវិតអស់កល្បជានិច្ច ដោយសារគេបានផ្ញើជីវិតទៅលើព្រះជាម្ចាស់មែន។ ព្រឹកនេះ យើងបានស្តាប់ព្រះបន្ទូលសន្យាអំពី ជីវិតអស់កល្បជានិច្ច។ នៅក្នុងអត្ថបទទី២ យើងបានឃើញលោក យ៉ូហាន “មើលឃើញព្រះអង្គគង់លើបល្ល័ង្ក និងទទួលគេឱ្យជ្រកកោននៅក្នុងព្រះពន្លារបស់ព្រះអង្គ ពួកគេនឹងលែងឃ្លាន លែងស្រេកទៀតហើយ ព្រះអាទិត្យនឹងកំដៅគ្រប់យ៉ាង ហើយក៏លែងធ្វើទុក្ខគេទៀតដែរ ត្បិតកូនចៀមដែលគង់នៅកណ្ដាលបល្ល័ង្ក ទ្រង់នឹងឃ្វាលពួកគេ ព្រះអង្គនាំពួកគេទៅរកប្រភពទឹកដែលផ្តល់ជីវិតអស់កល្បជានិច្ច”។
បងប្អូនជាទីស្រឡាញ់ យើងលែងយំ យើងលែងស្រេកឃ្លាន យើងដឹងថាព្រះយេស៊ូគង់នៅជាមួយយើង។ ដូចព្រះយេស៊ូសន្យាថ្ងៃនេះនៅក្នុងគម្ពីរដំណឹងល្អ “ខ្ញុំនឹងប្រទានជីវិតអស់កល្បជានិច្ច យើងលែងស្លាប់អស់ហើយ”។ បន្តិចទៀត ពេលយើងធ្វើដំណើរទៅផ្ទះរបស់យើង ក្រោយពីបានឡើងលើភ្នំដ៏ពិសេសក្នុងរយៈពេលបីថ្ងៃនេះ យើងត្រូវការទុកពាក្យបីដ៏សំខាន់ ដើម្បីធ្វើដំណើរតទៅទៀតតាមភូមិភាគយើង តាមព្រះសហគមន៍យើង តាមកន្លែងដែលយើងធ្វើការ តាមកន្លែងដែលយើងរៀន៖
ពាក្យទី១ ឱ្យយើងមានសេចក្តីក្លាហាន យើងដឹងថានៅក្នុងជីវិតរបស់យើង យើងមានឧបសគ្គដូចគេដូចឯង នៅក្នុងជីវិតរបស់យើង យើងមានបញ្ហាដែលណែនាំឱ្យយើងអស់សង្ឃឹមដូចគេដូចឯង។ នៅក្នុងពិភពលោករបស់យើង យើងមើលឃើញសង្រ្គាមដែលនៅមានតទៅទៀត នៅក្នុងសង្គមរបស់យើងជួនកាលយើងមានអារម្មណ៍ថាមានអយុត្តិធម៌ យើងមិនចេះមើលឃើញអ្នកតូចតាចដែលគ្មានទីពឹង។ ប៉ុន្តែ គ្រប់ឧបសគ្គដែលយើងមាន គ្រប់បញ្ហាដែលណែនាំឱ្យយើងគិតថាយើងរស់នៅក្នុងភាពងងឹត ឧបសគ្គនេះ បញ្ហានេះយើងឈ្នះបានដោយដឹងថាយើងមានព្រះជាម្ចាស់ដែលស្រឡាញ់យើង។ យើងមានព្រះជាម្ចាស់ដែលមានព្រះហឫទ័យមេត្តាករុណាដល់យើង ព្រះហឫទ័យប្រណីសន្តោសសម្រាប់ពិភពលោក ជាពិសេសសម្រាប់យើងរៀងៗខ្លួន។ ព្រះយេស៊ូស្គាល់យើង មិនស្គាល់ទូទៅគឺព្រះអង្គស្គាល់ឈ្មោះយើងផ្ទាល់ ព្រះអង្គដឹងពីអ្វីដែលមាននៅក្នុងខ្លួនរបស់យើង ណែនាំឱ្យយើងពោរពេញដោយសេចក្តីក្លាហានដើម្បីទៅមុខ។
ពាក្យទី២ ឱ្យយើងមានអំណរសប្បាយដ៏ពេញលក្ខណៈ ដូចសាសន៍ដទៃយើងឃើញ យូដា គេមិនចង់ស្តាប់ព្រះបន្ទូលរបស់ព្រះយេស៊ូ។ ប៉ុន្តែ សាសន៍ដទៃដែលជាបងប្អូនមិនដែលមានព្រះជាម្ចាស់នៅក្នុងខ្លួន នៅពេលគេបានស្តាប់ព្រះបន្ទូលតាមរយៈលោក ប៉ូល លោក បាណាប៉ាស ពេលគេបានទទួលពិធីជ្រមុជទឹកដោយព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ណែនាំឱ្យគេសប្បាយខ្លាំងណាស់។ ឆ្នាំនេះ ក្នុងភូមិភាគភ្នំពេញយើងមាន ១៣៧នាក់ ដែលបានទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងរាត្រីបុណ្យចម្លង យើងមាននៅភូមិភាគកំពង់ចាម និងភូមិភាគបាត់ដំបងជាច្រើននាក់ទៀត។ យើងឃើញអំណរសប្បាយរបស់គេ យើងឃើញស្នាមញញឹមរបស់គេ នៅពេលទទួលជីវិតថ្មី។ អណរសប្បាយ ជាសញ្ញាសម្គាល់នៃសាវ័ករបស់ព្រះយេស៊ូគ្រីស្ត។ បងប្អូនជាយុវជនយុវនារី ដែលពោរពេញដោយកម្លាំង ដែលពោរពេញដោយសុបិនសម្រាប់អនាគតសូមថែរក្សាអំណរសប្បាយ។ ប៉ុន្តែ មិនមែនអំណរសប្បាយមួយភ្លេតៗ គឺជាអំណរសប្បាយដែលយើងជាមិត្តសម្លាញ់របស់ព្រះយេស៊ូគ្រីស្ត នេះជាអំណរសប្បាយរបស់យើង។ យើងជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ នេះជាអំណរសប្បាយរបស់យើង។ យើងជាគ្រីស្តបរិស័ទនៅក្នុងព្រះសហគមន៍កាតូលិកកម្ពុជា នេះជាអំណរសប្បាយរបស់យើង។ យើងជាគ្រីស្តបរិស័ទ ជាបងប្អូនបង្កើតនៅក្នុងព្រះសហគមន៍នៃពិភពលោកទាំងមូល ដែលកំពុងស្វាគមន៍គ្រូគង្វាលដ៏សប្បុរសថ្មី នេះជាអំណរសប្បាយរបស់យើង។ យើងមានម៉ែរបស់យើង គឺព្រះនាងម៉ារី ដែលស្រឡាញ់ថែរក្សាយើងជានិច្ច នេះជាអំណរសប្បាយរបស់យើង។ ដូច្នេះ បងប្អូនត្រូវតែថែរក្សាទាំងសេចក្តីក្លាហាន ទាំងអំណរសប្បាយ។
ពាក្យទី៣ ឱ្យយើងធ្វើដូចម្តេចដើម្បីថែរក្សាភាពឯកភាពគ្នា ធ្វើដំណើររួមជាមួយគ្នា ជាអង្គតែមួយ ជាធ្លុងតែមួយ ដូចព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធជាអង្គតែមួយ។ ដូចសម្តេចប៉ាប បានអញ្ជើញយើងឱ្យយើងទៅជាគ្រួសារតែមួយ នៅក្នុងព្រះជាម្ចាស់ដែលជាអង្គតែមួយ។ ឱ្យយើងថែរក្សាភាពតែមួយ អង្គតែមួយ យល់ចិត្តគ្នាជាមួយសម្តេចប៉ាប និងព្រះសហគមន៍នៅក្នុងពិភពលោកទាំងមូល។ ជាមួយលោកអភិបាលនៅក្នុងភូមិភាគយើង ជាមួយលោកបូជាចារ្យ ជាមួយបងប្រុសបងស្រី ជាមួយគណៈកម្មការ ជាមួយបងប្អូនគ្រីស្តបរិស័ទ នៅក្នុងព្រះសហគមន៍របស់យើង។ ឱ្យយើងថែរក្សាសេចក្តីស្រឡាញ់រវាងគ្នានិងគ្នា ដើម្បីយល់ថាពិតមែនយើងជាគ្រួសារតែមួយ ដោយសារយើងមានព្រះជាម្ចាស់តែមួយ។ ឱ្យយើងថែរក្សាសេចក្តីស្រឡាញ់ ការយល់ចិត្តគ្នា ធ្វើដំណើររួមជាមួយគ្នានៅក្នុងសង្គមរបស់យើង។ ដោយនឹកឃើញ អត្តសញ្ញាណរបស់យើងជាគ្រីស្តបរិស័ទកាតូលិកកម្ពុជា ដោយនឹកឃើញអត្តសញ្ញាណរបស់យើងជាសាវ័ករបស់ព្រះយេស៊ូនៅក្នុងសង្គមបច្ចុប្បន្ននេះ។ ប៉ុន្តែ ដោយថែរក្សាទំនាក់ទំនងជាមួយវប្បធម៌ផ្ទាល់របស់យើង ជាមួយសាសនានានាដែលមាននៅប្រទេសកម្ពុជា។ ឱ្យយើងជាប់ជាមួយគ្រួសាររបស់យើង មិនមែនតែបងប្អូនពីចម្ងាយ ដើម្បីឱ្យយើងមានអារម្មណ៍ថាទោះបីយើងដើរតាមព្រះយេស៊ូ ប៉ុន្តែយើងជាបងប្អូនបង្កើតធ្វើដំណើរជាមួយគ្នានៅក្នុងសុខដមរមនាដែលយើងទទួលពីព្រះជាម្ចាស់។
បងប្អូនជាទីស្រឡាញ់ សូមពោរពេញដោយសេចក្តីក្លាហាន សូមថែរក្សាអំណរសប្បាយ និងសូមធ្វើដំណើររួមជាមួយគ្នានៅក្នុងក្រុមគ្រួសារតែមួយ ដែលជាព្រះសហគមន៍របស់យើង ដែលជាវប្បធម៌របស់យើង ដែលជាជីវិតរបស់យើងផ្ទាល់ រួមជាមួយព្រះជាម្ចាស់។ សូមព្រះជាម្ចាស់ប្រទានពរដល់យើងទាំងអស់គ្នា សូមព្រះជាម្ចាស់ថែរក្សាឱ្យយើងរស់នៅក្នុងសេចក្តីសុខសាន្តរបស់ព្រះអង្គ ដូចសម្តេចប៉ាបមានព្រះបន្ទូលដំបូងរបស់ព្រះអង្គ នៅពេលទ្រង់បង្ហាញខ្លួនដល់ពិភពលោកទាំងមូលថា “សូមសេចក្តីសុខសាន្តគង់នៅជាមួយបងប្អូន”។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ




Daily Program
