ប្រធានបទ៖ មនុស្សមានបាបជាប់ខ្លួន តើព្រះជាម្ចាស់បន្សុតពួកគេដោយរបៀបណា?

បកស្រាយដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី (មណ្ឌលសកម្មភាពភ្នំពេញខាងជើង)

បូ. រឿង ឆ័ត្រសិរី៖ បងប្អូន ក្តីមេតាករុណារបស់ព្រះជាម្ចាស់អាចជួយ ឬក៏បន្សុតបាបរបស់យើងតាមរបៀបដ៏អស្ចារ្យ។ យើងដឹងថាមនុស្សយើងនៅតែមានអំពើបាបមិនថាអ្នកតូចតាច អ្នកមានអ្នកក្រ ជាគ្រហស្ថ ជាបុព្វជិតនោះឡើយ។ អ្វីដែលយើងត្រូវចាប់អារម្មណ៍ ឬក៏ត្រូវសួរខ្លួនឯង និងមនុស្សទូទៅនៅជុំវិញខ្លួនថា តើអំពើបាបដែលយើងម្នាក់ៗបានប្រព្រឹត្តកន្លងមក ស្ថិតនៅជាប់ខ្លួនយើងរហូតឬក៏យ៉ាងណា? ​តើត្រូវធ្វើបែបណាដើម្បីយកបាបនេះចេញពីមនុស្សម្នាក់ៗ?

បងប្អូនដឹងថាព្រះជាម្ចាស់ក៏ជាមនុស្ស ជាពិសេសព្រះយេស៊ូគ្រីស្ត ព្រះអង្គបានចាប់កំណើតជាមនុស្សរស់នៅក្នុងត្រកូលអ្នកក្រីក្រមានឪពុកជាជាងឈើ និងម្តាយជាស្ត្រីមេផ្ទះដូចគេដូចឯង។ គោលដៅរបស់ព្រះយេស៊ូយាងមកក្នុងលោកនេះគឺដើម្បីលាងបាបឲ្យមនុស្ស ដោយត្រូវឆ្លងកាត់ទុក្ខព្រួយការឈឺចាប់យ៉ាងច្រើន មិនត្រឹមតែប៉ុណ្ណើទ្រង់ក៏បានប្រើគ្រប់វិធីដើម្បីឲ្យមនុស្សបានរួចពីអំពើបាប និងក្លាយទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ទាំងអស់គ្នា។ កាន់តែពិសេសជាងនេះទៅទៀត ព្រះយេស៊ូផ្ទាល់បានសម្តែងការអស្ចារ្យជួយមនុស្សជាច្រើនក្នុងសម័យនោះឲ្យបានឃើញ និងបានទទួលការសង្គ្រោះយ៉ាងពិតប្រាកដ។

ជាក់ស្តែងពេលព្រះយេស៊ូយាងទៅវិញយើងបានឃើញការជម្រះបាប ឬការបន្សុតបាបនេះនៅតែបន្តរហូតមកដល់បច្ចុប្បន្ន។  តើការជម្រះបាបនេះបន្តយ៉ាងដូចម្តេច? មានអ្វីជាអំណះអំណាង? ទី១ សូមបងប្អូនរិះគិតអំពីបេសកម្មរបស់ព្រះជាម្ចាស់ដែលមាននៅក្នុងលោកនេះតាមរយៈព្រះសហគមន៍។ ព្រះសហគមន៍ជាកន្លែងមួយដែលបង្ហាញអំពីសកម្មភាពសង្គ្រោះដែលមកពីព្រះជាម្ចាស់ ជាកន្លែងដែលទ្រង់បន្តលប់លាងបាបមនុស្ស។​

តើលប់លាងបាបបែបណា?  ព្រះសហគមន៍ធ្វើតាមបញ្ជារបស់ព្រះអង្គ ឲ្យមនុស្សយើងដែលមិនទាន់ស្គាល់ព្រះជាម្ចាស់រួចអំពីបាបដែលពួកគេបានប្រព្រឹត្តកន្លងមក ដោយទទួលអគ្គសញ្ញាជ្រមុជទឹក។ ជាក់ស្តែងយើងបានដឹងថាអស់អ្នកណាដែលជឿលើព្រះជាម្ចាស់ត្រូវមានអគ្គសញ្ញា​ជ្រមុជទឹកបញ្ជាក់ ហើយការជ្រមុជទឹកនេះមិនគ្រាន់តែជាការស្រោកទឹកដើម្បីឲ្យដឹងថា យើងចូលសាសនានោះទេ តែតាមពិតការជ្រមុជទឹកគឺជាការជម្រះបាបទាំងអស់ ដើម្បីឲ្យយើងបានប្រែទៅជាមនុស្សថ្មី។

នៅតាមព្រះសហគមន៍កាតូលិកតែងតែមានពិធីជ្រមុជទឹកឲ្យអ្នកស្វែងយល់ ដែលចង់ដើរតាមព្រះយេស៊ូ ដើម្បីឲ្យពួកគេមានសិទ្ធពេញលេញក្នុងប្រតិបត្តិជំនឿក្នុងជីវិតប្រចាំថ្ងៃ។ មួយវិញទៀត តាមប្រពៃណីរបស់ព្រះសហគមន៍យើងក៏មានពិធីស្រាយបាប ឬក៏ពិធីជម្រះបាបជាប្រចាំដែលធ្វើដោយលោកបូជាចារ្យ ឬលោកឪពុក ដើម្បីឲ្យពួកគេបានស្អាតល្អ ហើយរួមរស់ជាមួយសិរីរុងរឿងរបស់ព្រះអង្គជាម្ចាស់ ដែលមានព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះយេស៊ូជាប្រភពដើមនៃជំនឿរបស់យើង ទ្រង់ជាស្ពានចម្លងយើងគ្រប់គ្នាទៅកាន់ព្រះបិតា។ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail