ធម្មទេសនាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេអភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ​ក្នុង​​អភិបូជា​រម្លឹក​ព្រះវិញ្ញាណក្ខន្ធ​របស់​សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ

ក្នុង​អត្ថបទ​គម្ពីរ​ថ្ងៃនេះ ព្រះយេស៊ូស្រែកខ្លាំងៗថា ខ្ញុំ​បាន​សម្រេច​អស់សព្វគ្រប់ហើយ និងព្រះអង្គប្រគល់វិញ្ញាណរបស់ព្រះអង្គ​នៅក្នុងស្នាព្រះហស្ត​របស់ព្រះបិតា។ នេះជាការសោយទិវង្គតរបស់ព្រះយេស៊ូដែលយើងបានចូលរួមនៅថ្ងៃសុក្រពិសិដ្ឋថ្មីៗនេះ។ នៅពេលយើងបានទទួលដំណឹងថា​សម្ដេចប៉ាបបានសោយទិវង្គតនៅថ្ងៃចន្ទនៃបុណ្យចម្លង​ អាទិត្យចុងក្រោយរបស់សម្ដេចប៉ាបនៅលើផែនដីនេះ ​ជាអាទិត្យពិសិដ្ឋសម្រាប់ព្រះសហគមន៍សកល​ប៉ុន្តែជាអាទិត្យពិសិដ្ឋនិងពិសេសសម្រាប់សម្ដេចប៉ាបផ្ទាល់ដែរ។

​នៅក្នុងអាទិត្យនេះនៅក្នុងប៉ុន្មានថ្ងៃដែលជាពេលវេលាដ៏ខ្លី យើងអាចមើលគ្រប់ស្នាដៃរបស់សម្ដេចប៉ាប គ្រប់សកម្មភាពដែលសម្ដេចប៉ាបបានប្រព្រឹត្ត។ ​គាត់​បាន​ទៅវិសាលវិហារ​សន្តសិលា នៅក្នុងរបៀបសាមញ្ញធម្មតា ដូចជាប្រជាជនទាំងអស់ដែលជាគ្រីស្តបរិស័ទដែលកំពុងធ្វើដំណើរឆ្ពោះទៅសេចក្ដីសង្ឃឹម ដើម្បីអធិដ្ឋាននៅក្នុងវិសាលវិហារដែលជាអាសនៈរបស់ព្រះសហគមន៍កាតូលិកជាផ្នូរបស់សន្តសិលា។​ គាត់​បានធ្វើដំណើរ​ដើម្បី​អធិដ្ឋាន​នៅក្នុង​ព្រះវិហារ​សន្តីម៉ារី​ ដើម្បីផ្ញើជីវិតម្ដងទៀតទៅលើព្រះនាងដែលសម្ដេចប៉ាបស្រឡាញ់អស់​ពី​ដួងចិត្ត។ ​នៅក្នុង​ពិធី​ជប់លៀង​របស់​ព្រះអម្ចាស់​ ​ សម្ដេចប៉ាប​បាន​ទៅ​មន្ទីរ​ឃុំឃាំង ​ដើម្បីសួរសុខទុក្ខ​អ្នកជាប់គុក ដែលជាអ្នកតូចតាចដែលព្រះយេស៊ូមានព្រះបន្ទូលថា សូមបម្រើគ្នាទៅវិញទៅមក ដូចខ្ញុំបានបម្រើបងប្អូនឯទៀតៗ​និងនៅថ្ងៃអាទិត្យពេលព្រឹកដែលជាថ្ងៃបុណ្យចម្លងសម្ដេចប៉ាបបានមានបន្ទូលដ៏ខ្លី​  ការី ហ្វ្រាតេលី អេ ស័រេលេ ប៊ូណា ប៉ាស្កា (Cari fratelli e sorelle, buona Pasqua) «បងប្អូនជាទីស្រឡាញ់ សូមជូនពរ (ក្នុង​ថ្ងៃ)​ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ» ដោយសំឡេងដូចជាអស់ខ្យល់ហើយ និងដោយកាយវិការខ្សោយៗបានឲ្យព្រះពរដល់ព្រះសហគមន៍កាតូលិក​ប៉ុន្តែដល់ពិភពលោកទាំងមូលនៅក្នុងពិធីអ៊ូប៊ី អេ អូប៊ី​ (Urbi et Orbi)នៅក្នុងថ្ងៃបុណ្យចម្លង។ និងក្រោយមកបានធ្វើដំណើរដើម្បីលាប្រជារាស្ត្ររបស់ព្រះអង្គ​នៅបុរីវ៉ាទីកង់​និងនៅក្នុងពិភពលោក។ ពិតមែនអស់សព្វគ្រប់ហើយ។​

នៅថ្ងៃចន្ទនៃបុណ្យចម្លង ព្រះជាម្ចាស់បានត្រាស់ហៅអ្នកបម្រើ ដើម្បីធ្វើដំណើរទៅព្រះដំណាក់របស់ព្រះបិតា​។ សម្ដេចប៉ាបលែងគង់នៅលើផែនដីនេះហើយ។ ​កៅអីរបស់សន្តសិលានៅទទេ។ ​បងប្អូនជាទីស្រឡាញ់​ ពាក្យ​ «ជម្រាប​សួរ» នេះជារបៀបសម្ដេចប៉ាបនិយាយ​ប្រសិនបើយើងពិចារណាពីថ្ងៃព្រហស្បហតិ៍ដែលព្រះសហគមន៍កាតូលិកកម្ពុជាបានរៀបចំទីកន្លែងដើម្បីគោរពព្រះវិញ្ញាណកន្ធរបស់សម្ដេចប៉ាប​យើងបានទទួលជាង៥០ក្រុម ដែលមានសម្ដេចសង្ឃ ដែលមានរដ្ឋមន្ត្រីពីរដ្ឋាភិបាលពីព្រះរាជាណាចក្រកម្ពុជា​ ដែលមានអគ្គរាជទូតពីប្រទេសប៉ុន្មាន ដែលមានអ្នកដឹកនាំសាសនា ​ដែលមានបងប្អូនគ្រីស្តបរិស័ទរបស់យើងទាំងអស់គ្នា បានចូលរួមដើម្បីបង្ហាញការគោរព បានបង្ហាញការចូលរួមនៅក្នុងមរណទុក្ខ ​ប៉ុន្តែជាពិសេស ទោះបីមិនស្គាល់សម្ដេចប៉ាបផ្ទាល់​ទោះបីមិនបានកាន់សាសនាកាតូលិកទេ ប៉ុន្តែបានទទួលស្គាល់ថា សម្ដេចប៉ាបមានឥទ្ធិពលនៅលើពិភពលោកទាំងមូល ដើម្បីណែនាំឲ្យយើងទៅជាគ្រួសារតែមួយ និងដោយសារលោក​ជាគ្រូគង្វាលដ៏សប្បុរស ដែលណែនាំប្រជាជនទាំងអស់​ភ្ញាក់ស្មារតី «ពិតមែនយើងអាចរស់នៅជាមួយគ្នាបាន»។​

ព្រឹកនេះគឺជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ទូទាំងទឹកដីនៃប្រទេសកម្ពុជា ដែលចូលរួមជាមួយព្រះសហគមន៍សកល ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់សម្រាប់ជីវិតរបស់សម្ដេចប៉ាប ដែលបានណែនាំឲ្យព្រះសហគមន៍ទៅជាអង្គតែមួយ និងដើម្បីអធិដ្ឋានសម្រាប់សម្ដេចប៉ាប ​ព្រោះសម្ដេចប៉ាបបានសុំយើងយ៉ាងច្រើន ​ហើយក៏ច្រើនដងសូមអធិដ្ឋានសម្រាប់ខ្ញុំផង។​​​​​​នេះជាពាក្យរបស់សម្ដេចប៉ាប ដែល​យើង​បាន​បិទ​នៅ​លើ​ជញ្ជាំង «ព្រះជាម្ចាស់បានជ្រើសរើសទូលបង្គំ ព្រោះព្រះអង្គបានលើកលែងទោសឲ្យទូលបង្គំ»។​ បងប្អូនជាទីស្រឡាញ់ខ្ញុំជឿថា ព្រះបន្ទូលនេះបានដឹកនាំរបៀបដែលសម្ដេចប៉ាបបានថែរក្សានិងស្រឡាញ់ព្រះសហគមន៍អស់រយៈ១៣ឆ្នាំ។​ប៉ុន្មានដងប៉ុន្មានសារ សម្ដេចប៉ាបបានណែនាំឲ្យយើងភ្ញាក់ស្មារតី ​បាននិយាយទៅយុវជន។ ខ្ញុំឮច្រើនដង «​យុវជនអើយកុំដេកនៅលើអង្រឹង សូមភ្ញាក់ស្មារីឈឡើង​កុំចូលនិវត្តន៍មុនអាយុ» ​យុវជនដែលមានកម្លាំងដ៏ពេញខ្លួន​។ ព្រះអង្គ​ក៏បាននិយាយដល់យើងដែលជាលោកបូជាចារ្យ លោកអភិបាល ជាគ្រីស្តបរិស័ទ​ប៉ុន្មានដងប៉ុន្មានសារ​ ឲ្យយើងធ្វើប្រយ័ត្ន កុំឲ្យយើងមានចិត្តរឹងរូស ​កុំឲ្យវិញ្ញាណរបស់យើងចង្អៀតចង្អល់​ កុំឲ្យយើងរស់នៅតែគ្នាយើងនិងគ្នាយើង​ កុំឲ្យយើងធ្វើដើម្បីធ្វើនិងដើម្បីតែធ្វើ ​កុំឲ្យយើងនិយាយដើមគេនិងនិយាយតមិនឈប់ ​កុំឲ្យយើងមិនអើពើរអំពីបងប្អូនឯទៀតៗ។​ សម្រាប់​ពិភពលោកទាំងមូល សម្ដេចប៉ាបបាននិយាយឲ្យយើង មើលសង្គ្រាមដែលចេះតែបន្តនិងតទៅទៀត​ ឲ្យមើលកុំឲ្យយើងបណ្ដេញមនុស្សមួយចំនួន ផ្ទុយទៅវិញឲ្យយើងយកចិត្តទុកដាក់ស្វាគមន៍និងស្វាគមន៍ទៀត ​កុំឲ្យយើងបង្កើតវប្បធម៍នៃសំរាម ដោយយល់ថាជីវិតគ្មានតម្លៃ​ ប៉ុន្តែ​ជីវិតមានតម្លៃតាំងតែពីថ្ងៃដំបូងរហូតដល់ថ្ងៃចុងក្រោយ ​ជាពិសេសកុំឲ្យយើងមិនអើពើដល់មនុស្សតូចតាច ដល់បងប្អូនឯទៀតៗ ដែលជាបងប្អូនបង្កើតរបស់យើង។​

ហេតុនេះហើយ បងប្អូនជាទីស្រឡាញ់ ខ្ញុំមិនធ្វើរបាយការណ៍អំពីការដឹកនាំរបស់សម្ដេចប៉ាបទេ ​ប៉ុន្តែខ្ញុំលើកចំណុចប្រាំ​ដែលណែនាំឲ្យយើងមានកម្លាំង ដើម្បីតទៅមុខសម្រាប់ព្រះសហគមន៍កម្ពុជារបស់យើង។ ​ទី១ សម្ដេចប៉ាបបានរើសឈ្មោះហ្វ្រង់ស៊ីស្កូ ដោយនឹកឃើញសន្តហ្វ្រង់ស្វ័នៃទីក្រុងអាស៊ីស៊ី​និងភ្លាមសម្ដេចប៉ាបបានរំលឹកព្រះសហគមន៍ជាមណ្ឌលសុខភាព​នៅតាមជនបទ​ដែលមិនមានឯកទេសខ្ពស់​ដូចមន្ទីពេទ្យពិសេសៗ ​ប៉ុន្តែជាមណ្ឌលសុខភាព​ ដែលទទួលស្វាគមន៍ប្រជាជនទាំងអស់ដែលមកពីណាមិនសំខាន់ទេ​ប៉ុន្តែស្វាគមន៍ដើម្បីព្យាបាល ដើម្បីលើកទឹកចិត្ត ដើម្បីធ្វើដំណើរ។ ​សម្ដេចប៉ាបបានរលឹកយើងភ្លាមៗ កុំឲ្យយើងសាងសង់របងជុំវិញព្រះវិហាររបស់យើង​ផ្ទុយទៅវិញ ឲ្យព្រះសហគមន៍ចេញពីទីតាំងរបស់យើង ​ពីកន្លែងរបស់យើង ដើម្បីទៅគ្រប់ទីកន្លែង​ដែលមានសេចក្ដីត្រូវការ​ ដែលខ្វះសេចក្ដីសង្ឃឹម ដែលខ្វះព្រះហឫទ័យប្រណីសន្ដោស​របស់ព្រះជាម្ចាស់​។ ពិតមែនសម្ដេចប៉ាបបានអញ្ជើញយើង ឲ្យយើងទៅជាគ្រីស្តទូតនៃធម៌មេត្តាករុណា​នៃព្រះបេះដូង​របស់ព្រះយេស៊ូគ្រីស្ត​ ដោយបង្កើតឆ្នាំមហាករុណាទិគុណដែលជាឆ្នាំនៃព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ ​ដែលយើង​មានក្លោងទ្វារនៅទីនេះ ឲ្យ​យើងនឹកឃើញ​ឆ្នាំនេះ​ជា​ឆ្នាំមហាករុណាទិគុណ​ដែលណែនាំ​ឲ្យធ្វើដំណើរឆ្ពោះទៅសេចក្ដីសង្ឃឹម​ ដែលណែនាំឲ្យព្រះសហគមន៍របស់យើង​ទៅជាកន្លែងមួយយ៉ាងពិសេស ដើម្បីប្រមូលមនុស្សទាំងអស់មិនមែនតែគ្រីស្តបរិស័ទ ប៉ុន្តែមនុស្សទាំងអស់ ដើម្បីរកឃើញកន្លែងមួយឲ្យមានបទពិសោធអំពីការសម្រុះសម្រួល អំពីព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះបិតាដែលស្រឡាញ់មនុស្សទាំងអស់​។

ទីពីរសម្ដេចប៉ាបបានអញ្ជើញយើងឲ្យយើងទៅជាសាវ័កនិងគ្រីស្តទូតពោរពេញដោយអំណរសប្បាយនៃដំណឹងល្អ​ពោរពេញដោយអំណរសប្បាយ​នៃដំណឹងល្អ​ ជាពិសេសនៅក្នុងសាលិខិត​​​​​អំណរសប្បាយនៃដំណឹងល្អ ណែនាំឲ្យយើងយល់ថា សញ្ញាសម្កាល់នៃគ្រីស្តបរិស័ទ ​សញ្ញាសម្គាល់នៃបព្វជិតបព្វជិតា​ សញ្ញាសម្គាល់នៃលោកបូជាចារ្យ គឺអំណរសប្បាយ​។ អំណរសប្បាយដែលបានមកពីព្រះជាម្ចាស់ ​មិនមែនអំណរសប្បាយតាមលោកកីយ៍​ មិនមែនអំណរ​សប្បាយ​ដែលណែនាំឲ្យយើងសប្បាយមួយភ្លែតៗ ​អំណរសប្បាយដ៏ជ្រៅដែលជាអំណរសប្បាយដែលរកឃើញប្រភពនៅក្នុងព្រះយេស៊ូគ្រីស្តផ្ទាល់។

​ទីបីសម្ដេចប៉ាបបានអញ្ជើញយើង ឲ្យយើងទៅជាបងប្អូននិងគ្នា ​ជាពិសេសបងប្អូនជាមួយអ្នកតូចតាច​ មនុស្សដែលគ្មានទីពឹង​ ភាតរភាពរវាងសាសនានិងសាសនា​ ភាតរភាពរវាងប្រជាជននិងប្រជាជន ​ភាតរភាពរវាងប្រទេសទាំងអស់ ​ភារតភាពជាមួយមាតារបស់យើង។ ​មាតារបស់យើងដែលជាផែនដី ដែលតែងតែស្រែកយំជារៀងរាល់ថ្ងៃដោយសារមនុស្សយើង ដែលបានទទួលផែនដីដែលជាមរតកពីព្រះជាម្ចាស់​បានទុកចោលជាសំរាម​ បានទុកចោលដែលគ្មានតម្លៃ ​ដែលបានប្រើប្រាស់ដែលអត់មានព្រំដែន ​ដែលអត់មានប្រយោជន៍ទៀត។ ព្រះអង្គ​បាន​សរសេរ​ក្នុង​ ឡោដាតូស៊ី (Laudato Si’)។ ​នៅពេលសម្ដេចប៉ាបបានទៅសួរសុខទុក្ខជាប្រចាំឆ្នាំ​ជាមួយ​អ្នកជាប់គុក​ នៅពេលសម្ដេចប៉ាប​បានទៅគ្រប់ទីកន្លែង​ដែលមានរងទុក្ខលំបាក និងជាពិសេសសម្រាប់ជនភៀសខ្លួន​ដែលត្រូវការចេញពីប្រទេសនិងដែលស្លាប់យ៉ាងច្រើននៅក្នុងវាលមហាសមុទ្រ​ជាពិសេសសមុទ្រមេឌីទែរ៉ាណេនៅអឺរ៉ុប។ ​សម្ដេចប៉ាបបានរំលឹក​ថា ព្រះជាម្ចាស់បានបង្កើតយើងជាបុត្រាជាបុត្រីរបស់ព្រះជាម្ចាស់នៅលើផែនដីនេះ យើងជាគ្រួសារតែមួយ។

ទី៤ សម្ដេចប៉ាបអញ្ជើញយើង ឲ្យយើងជាអ្នកកសាងសុខសន្តិភាពនៅក្នុងពិភពលោក។ កុំភ្លេចថា សម្ដេចប៉ាបបានទៅបើកទ្វារនៃឆ្នាំមហាករុណាទិគុណនៅឆ្នាំ២០១៦ នៅក្នុងព្រះសហគមន៍បង់ហ្គី(Cathédrale Notre-Dame in Bangui)នៅប្រទេសអាហ្វ្រិកកណ្ដាល ដែលជា​កន្លែងកំពុងមានសង្គ្រាម។ ព្រះអង្គ​ បានរើសប្រទេសដែលមានសង្គ្រាម ដើម្បីបើកឆ្នាំមហាករុណាទិគុណ​ពោរពេញដោយមេត្តាករុណារបស់ព្រះជាម្ចាស់ និងរហូតដល់ចុងក្រោយបំផុតជិតអស់ដង្ហើម សម្ដេចប៉ាបបានទូរស័ព្ទជារៀងរាល់ថ្ងៃ​ទៅកាន់​លោកឪពុក​ដែល​ទទួលខុស​ត្រូវព្រះសហគមន៍ដ៏តូចមួយ​នៅកាហ្សា មិនមែនខាងអ៊ីស្រាអែល​ មិនមែនខាងប៉ាលេស្ទីន ប៉ុន្តែនៅកាហ្សា សម្រាប់​គ្រីស្តបរិស័ទ សម្រាប់បងប្អូនដែលកំពុងស្លាប់និងស្លាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ​សម្ដេចប៉ាបបានទូរស័ព្ទអស់ពីកម្លាំងកាយកម្លាំងចិត្ត។​ប្រសិនបើបងប្អូន បានចាប់អារម្មណ៍អំពីសាររបស់សម្ដេចប៉ាបចុងក្រោយ ឲ្យព្រះពរដល់ពិភពលោក តាមរយៈលោកកាឌីណាល់ដែលបានអាន​សម្ដេចប៉ាបបានរំលឹកគ្រប់កន្លែងដែលសព្វថ្ងៃនៅក្នុងពិភពលោកមានសង្គ្រាម មានការស្អប់គ្នា​ មានសត្រូវរវាងគ្នានិងគ្នា​ពិតមែនឲ្យយើងជាអ្នកកសាងសុខសន្តិភាព។ ​និងចុងក្រោយប្រហែលជាទី១​ សម្ដេចប៉ាបបានអញ្ជើញយើងឲ្យយើងដើរនៅលើផ្លូវដ៏វិសុទ្ធ​ជាផ្លូវនៃសេចក្ដីសង្ឃឹម ​ជាផ្លូវនៃសុភមង្គលដែលព្រះយេស៊ូបានអញ្ជើញយើងឲ្យដាក់ខ្លួន ដើម្បីឲ្យមានសុភមង្គលដ៏ពិតប្រាកដ​​​​ ដែលជាសាលិខិតរបស់សម្ដេចប៉ាប ដែលអញ្ជើញគ្រីស្តបរិស័ទទាំងអស់ឲ្យដើរតាមផ្លូវដ៏វិសុទ្ធ ឲ្យទៅជាសន្តសន្តីនៅលើផែនដីនេះ ឲ្យចេះស្រឡាញ់ ឲ្យចេះគោរព ឲ្យចេះធ្វើដំណើរជាមួយគ្នារួមជាមួយព្រះយេស៊ូគ្រីស្តដែលជាប្រភពនៃជីវិតយើង។ ​ប្រសិនបើយើងខ្វះការអធិដ្ឋាន​ ប្រសិនបើយើងខ្វះទំនាក់ទំនង​ជាមួយព្រះជាម្ចាស់​ ប្រសិនបើយើងខ្វះសេចក្ដីស្រឡាញ់​ចំពោះព្រះជាម្ចាស់​ អ្វីៗទាំងអស់ដែលយើងនិយាយ​ អ្វីៗទាំងអស់ដែលយើងប្រព្រឹត្ត​គ្មានតម្លៃសោះ។​យើងអរគុណសម្ដេចប៉ាប ដែលបានជំរុញ​ព្រះសហគមន៍កាតូលិកកម្ពុជា​នៅពេល​យើងបានធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូង​ ដោយអញ្ជើញយើង​ឲ្យយើង រៀបចំការទទួលស្វាគមន៍​និងការទទួលស្គាល់មរណសាក្សីនៃប្រទេសកម្ពុជា។ យើងសង្ឃឹមឆ្នាំនេះ យើងអាចផ្ញើឯកសាររបស់យើងទាំងអស់ពីឆ្នាំ២០១៥ដល់ឆ្នាំ២០២៥ អស់រយៈ១០ឆ្នាំ បានឈប់ហើយ នៅក្នុងប៉ុន្មានខែទៀតយើងផ្ញើឯកសាររបស់យើង ទៅទីក្រុមរ៉ូម​។ សង្ឃឹមសម្ដេចប៉ាបអធិដ្ឋានពីលើ ​ដើម្បីឲ្យសម្ដេចប៉ាបថ្មីទទួលស្គាលមរណសាក្សីរបស់យើងឆាប់ៗ។

​និង​ទី​៥ បងប្អូនជាទីស្រឡាញ់ពិតមែនទៅជាគ្រីស្តទូតនៃធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ​ទៅជាសាវ័កដែលទៅប្រកាសដំណឹងល្អអំពីអំណរសប្បាយ​ ទៅជាបងប្អូនគ្នានិងគ្នា​ដោយភាតរភាពនៅលើផែនដីនេះ ​ទៅជាអ្នកកសាងសុខសន្តិភាព​ ទៅជាសន្តសន្តីដែលធ្វើដំណើរទៅលើផ្លូវនៃសុភមង្គល នេះជាជីវិតរបស់យើង នេះជាផែនការណ៍សម្រាប់ព្រះសហគមន៍កាតូលិកកម្ពុជារបស់យើង។ អត្ថបទទី១ដែលយើងស្ដាប់ថ្ងៃនេះ គឺបន្តពីអត្ថបទទី១ដែលលោកសិលាដែលជាសម្ដេចប៉ាបទី១។ លោក​ប្រាប់​ថា  ខ្ញុំរំលឹក​ដែលមានប្រសាសន៍ថាដល់អ្នកពិការខ្ញុំគ្មានប្រាក់​ខ្ញុំគ្មានមាស ខ្ញុំមិនមានអី ​ប៉ុន្តែអ្វីដែលខ្ញុំមាន ខ្ញុំឲ្យដោយនាមព្រះយេស៊ូគ្រីស្តជាអ្នកភូមិណាសារ៉ែត សូមឈរឡើងនិងដើរ។ «​សូមឈរឡើងនិងដើរ»​  ខ្ញុំគិតថា ព្រះបន្ទូលរបស់លោកសិលាដែលជាសម្ដេចប៉ាបដំបូង ទៅជាព្រះបន្ទូលរបស់សម្ដេចប៉ាបដែលបន្តពីលោកសិលា ដែលជាសម្ដេចប៉ាបទី២៦៦​សម្រាប់ព្រះសហគមន៍របស់យើង​មាសប្រាក់ យើងអត់មានទេ ប៉ុន្តែអ្វីដែលយើងមាន គឺឈ្មោះរបស់ព្រះយេស៊ូដែលជាអ្នកភូមិណាសារ៉ែត ដែលអញ្ជើញយើង ឲ្យយើងឈរឡើងដើម្បីប្រកាសដំណឹងល្អតទៅទៀត។ ​នៅក្នុងអត្ថបទទី១ថ្ងៃនេះ យើងបានស្ដាប់ព្រះយេស៊ូ​បន្ទោសគេ ព្រោះគេគ្មានជំនឿ ហើយមានចិត្តរឹងរូសពុំព្រមជឿអីសោះ។​បន្ទាប់មកព្រះអង្គមានព្រះបន្ទូលថា ចូរនាំគ្នាទៅគ្រប់ទីកន្លែងក្នុងពិភពលោកទាំងមូល ហើយប្រកាសដំណឹងល្អដល់មនុស្សទាំងអស់ចុះ។ ​នេះជាអ្វីដែលសម្ដេចប៉ាបនិយាយដល់យើងនៅថ្ងៃនេះ ដោយសួរសំណួថែមទៀត​«សូមអស់លោកពិចារណាមើលចុះ ដើម្បីឲ្យបានស្របតាមព្រះហឫទ័យព្រះជាម្ចាស់ ​គួរឲ្យយើងខ្ញុំធ្វើតាមបង្គាប់អស់លោក​ឬធ្វើតាមបង្កាប់របស់ព្រះអង្គ?​យើងខ្ញុំឈរ យើងខ្ញុំឈប់និយាយអំពីហេតុការណ៍​ដែលយើងខ្ញុំបានឃើញ បានឮនោះពុំកើតឡើងទេ»។​ពិតមែន អ្វីដែលយើងបានឮ អ្វីដែលយើងបានឃើញនៅក្នុងជំនឿរបស់យើង​ យើងមិនអាចទុកសម្រាប់​តែ​ខ្លួន​យើងទេ ​និងថ្ងៃនេះព្រះបន្ទូលរបស់ព្រះយេស៊ូដែលអញ្ជើញយើង​ ឲ្យយើងទៅប្រកាសដំណឹងល្អនៅក្នុងពិភពលោកទាំងមូល ជាព្រះបន្ទូលរបស់តំណាងរបស់ព្រះយេស៊ូគ្រីស្តនៅលើផែនដីនេះ គឺសម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ​ដែលអញ្ជើញព្រះសហគមន៍កាតូលិកកម្ពុជា​ដើម្បីរួមរស់ជាអង្គតែមួយ ដើម្បីយកចិត្តទុកដាក់ចូលរួមនៅក្នុងគ្រប់សកម្មភាព ដើម្បីប្រកាសដំណឹងល្អដោយសុខចិត្តធ្វើដំណើររួមជាមួយគ្នាជាប្រជាជនតែមួយរបស់ព្រះអង្គ ធ្វើដំណើរឆ្ពោះទៅសេចក្ដីសង្ឃឹម និងសេចក្ដីសង្ឃឹមរបស់យើង គឺព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មរស់ឡើងវិញ។ ​

នៅពេលនេះយើងដឹងថា ព្រះនាងម៉ារី​កំពុងធ្វើដំណើររួមជាមួយយើងនៅលើផែនដីនេះ ដើម្បីឲ្យយើងធ្វើដំណើរឆ្ពោះទៅព្រះយេស៊ូគ្រីស្ត ដោយសារព្រះនាងម៉ារីជាសាវ័កដំបូង ជាគ្រីស្តទូតដំបូង ជាសាសនទូតដំបូង ជាមាតារបស់ព្រះជាម្ចាស់ ជាមាតារបស់ព្រះសហគមន៍​។ សម្ដេចប៉ាបអើយ សូមអធិដ្ឋានសម្រាប់យើង ដូចយើងអធិដ្ឋានសម្រាប់សម្ដេចប៉ាបផង។ ​អ៉ាម៉ែន។​

Daily Program

Livesteam thumbnail