ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ អត្ថាធិប្បាយគម្ពីរ លូកា ២,១៥-២០បកស្រាយដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរព! ព្រះសហគមន៍កាតូលិក និងពិភពលោកទាំងមូលនឹករំលឹកបុណ្យឱឡារិត គឺជាខួបព្រះយេស៊ូប្រសូត្រ ឬខួបកំណើតព្រះអង្គ។ ខួបកំណើតព្រះយេស៊ូជាបុណ្យនៃអំណរសប្បាយ សេចក្តីសុខសាន្ត សេចក្តីស្រឡាញ់ ការលើកលែងទោស និងសេចក្តីសង្ឃឹម។ ព្រះយេស៊ូប្រសូត្រជាមនុស្សរួមសាមគ្គី និងរួមវាសនាជាមួយមនុស្សយើង គ្រីស្តបរិស័ទ គោរពព្រះគ្រីស្តទុកជាពន្លឺនៃពិភពលោកដូចជាថ្ងៃរះឡើងដែរ។ អត្ថបទថ្ងៃនេះនិយាយពីដំណើរកំណើតព្រះយេស៊ូ និងទេវទូតប្រកាសពីកំណើតព្រះយេស៊ូប្រាប់ពួកគង្វាល។ ព្រះយេស៊ូប្រសូត្រជាមនុស្សនៅភូមិបេក្លេហឹមនៅថ្ងៃទី២៥ ខែធ្នូ ២០០០ឆ្នាំមុន។
ពេលលោកយូសែប និងនាងម៉ារីទៅដល់ភូមិបេក្លេហឹម នាងម៉ារីគ្រប់ខែហើយសម្រាលបានបុត្រមួយជាបុត្រច្បង នាងរុំបុត្រនោះនឹងសំពត់រួចដាក់ឱ្យផ្ទុំនៅក្នុងស្នូកសត្វ ត្បិតគ្មានសំណាក់នៅក្នុងផ្ទះសោះ។ ទោះបីជាព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន តែទ្រង់បានប្រសូត្រជាមនុស្សក្រីក្រដូចពួកយើង។ អត្ថបទថ្ងៃនេះចង់សង្កត់ធន់លើភាពក្រីក្រមានន័យថា ឱ្យគុណតម្លៃ ឬគុណធម៌របស់ព្រះជាម្ចាស់ដល់ព្រះយេស៊ូដែលបានចាក់ឫសនៅក្នុងជីវិតរបស់យើងត្បិតទ្រង់បានប្រសូតជាមនុស្សសាមញ្ញ។
បុណ្យព្រះយេស៊ូប្រសូត្រគឺជាអំណរសប្បាយ សេចក្តីសុខសាន្ត សេចក្តីស្រឡាញ់ ការលើកលែងទោស និងសេចក្តីសង្ឃឹមផ្ទាល់ មួយវិញទៀតការចែករំលែកព្រះអំណោយទានទាំងអស់នេះជាមួយអ្នកដទៃពិសេសជាមួយអ្នកដែលខ្វះខាត។ បងប្អូនជាទីគោរព! នាឱកាសបុណ្យព្រះយេស៊ូប្រសូត្រសូមបងប្អូនព្រមទាំងក្រុមគ្រួសារមានអំណរសប្បាយ សុខសន្តិភាព សេចក្តីស្រឡាញ់ និងសេចក្តីសង្ឃឹមពីព្រះឱរស់យេស៊ូ។
សូមព្រះជាម្ចាស់ណែនាំពួកយើងឲ្យចេះបន្ទាបខ្លួនដូចព្រះយេស៊ូ និងពួកគង្វាលព្រមទាំងបើកចិត្តគំនិតរបស់យើងឱ្យបានទូលំទូលាយដើម្បីទទួលស្វាគមន៍ព្រះឱរស់យេស៊ូ និងព្រះអំណោយទានរបស់ព្រះអង្គ។ រីករាយបុណ្យព្រះយេស៊ូប្រសូត្រ។ សូមព្រះជាអម្ចាស់ប្រទានពរយើង៕ អាមែន
Daily Program
