ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ អត្ថាធិប្បាយគម្ពីរ ម៉ាថាយ (១១,២៥-២៧)បកស្រាយដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរព! នេះគឺជាអាទិត្យទីប្រាំនៅក្នុងរដូវធម្មតាថ្ងៃនេះពួកយើងរិះគិតពិចារណាព្រះបន្ទូលដំណឹងល្អតាមម៉ាថាយ១១,២៥-២៧។ អត្ថបទនេះព្រះយេស៊ូលើកតម្កើងជាសាធារណៈ និងថ្លែងអំណរគុណព្រះអម្ចាស់ចំពោះការសម្តែងអ្វីៗទាំងអស់ឱ្យមនុស្សតូចតានឃើញ។ ព្រះយេស៊ូមានព្រះបន្ទូលថា បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ត្បិតទ្រង់បានសម្តែងការទាំងនេះឱ្យមនុស្សតូចតាចយល់តែទ្រង់បានលាក់មិនឱ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ។
បងប្អូនជាទីគោរព! អត្ថបទនេះបញ្ជាក់អំពីការសម្តែងចេញឱ្យឃើញដែលព្រះអង្គផ្តល់ឱ្យ និងបញ្ជាក់អំពីប្រភេទមនុស្សដែលទទួលការសម្តែង ការសម្តែងឱ្យឃើញនេះទាក់ទងព្រះយេស៊ូ និងព្រះបិតារបស់ព្រះអង្គ ហើយអ្នកទទួលគឺមនុស្សតូចតាចផ្សេង ជាងមនុស្សដែលមានមុខរបរជាអ្នកប្រាជ្ញ។ ព្រះយេស៊ូប្រកាសថាព្រះអង្គមានទំនាក់ទំនងពិសេសជាមួយព្រះបិតា ហើយព្រះអង្គមានព្រះហឫទ័យសប្បុរសធម៌ចែករំលែកទំនាក់ទំនងជាមួយអ្នកដទៃ។
បងប្អូនជាទីគោរពព្រះយេស៊ូយាងមកនៅក្នុងលោកនេះ ដើម្បីសម្តែងឬប្រកាសព្រះបន្ទូលរបស់ព្រះជាអម្ចាស់ មានមួយចំនួនយល់ព្រមទទួលដំណឹងល្អ និងព្រះរាជរបស់ព្រះជាអម្ចាស់ តែមួយចំនួនទៀតបដិសេធមិនព្រមទទួលព្រះបន្ទូលដំណឹងល្អរបស់ព្រះយេស៊ូទេ មានតែអ្នកតូចតាច អ្នកមានបាប អ្នកទារពន្ធប៉ុណ្ណោះដែលយល់ព្រមទទួលព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
បងប្អូនជាទីគោរព! សព្វថ្ងៃព្រះយេស៊ូបន្តប្រកាសព្រះបន្ទូលដំណឹងល្អរបស់ព្រះអង្គឱ្យមនុស្សយើងឃើញតាមរយៈព្រះសហគមន៍ និងតាមរយៈការងាររបស់លោកបូជាចារ្យ បងប្រុស បងស្រី និងគ្រីស្តបរិស័ទ។ សំណួរចោទសួរថា តើពួកយើងម្នាក់ៗជាបុគ្គលប្រភេទណា? តើពួកយើងដូចជាអ្នកប្រាជ្ញដែលមិនព្រមទទួលព្រះបន្ទូលដំណឹងល្អរបស់ព្រះយេស៊ូដែរឬទេ? តើយើងជាមនុស្សតូចតាចដែលចង់ឃើញវត្តមានរបស់ព្រះយេស៊ូ និងស្តាប់ព្រះបន្ទូលរបស់ព្រះជាអម្ចាស់? សូមបងប្អូនរិះគិតពិចារណាបន្តិច ព្រះយេស៊ូយាងមកនៅក្នុងលោកនេះ ដើម្បីប្រកាសព្រះរាជ្យរបស់ព្រះជាអម្ចាស់ចំពោះមនុស្សយើងបើយើងយល់ព្រមទទួលព្រះបន្ទូលរបស់ព្រះជាអម្ចាស់យើងនឹងមានជីវិតអស់កល្បជានិច្ច។ បើយើងមិនព្រមទទួលព្រះបន្ទូលរបស់ព្រះជាអម្ចាស់យើងនឹងត្រូវវិនាសអន្តរាយជាមិនខាន។ សូមព្រះជាអម្ចាស់ប្រទានពរយើង៕ អាមែន
Daily Program
