ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (យ៉ូហាន១០,២២-៣០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

អាទិត្យនេះយើងរំលឹកដល់ព្រះយេស៊ូជាគង្វាយដ៏សប្បរុស ក្នុងសប្តាហ៍នេះយើងអាចស្តាប់ព្រះបន្ទូលអំពីព្រះយេស៊ូជាអ្នកគង្វាយដ៏ល្អ ឬក៏ជាទ្វារនៃចៀម។ ថ្ងៃនេះមានគេឆ្ងល់ថា តើត្រូវធ្វើយ៉ាងម៉េចទៀតដើម្បីជឿព្រះអង្គ ឬក៏រង់ចាំអ្នកណាទៀត? ប៉ុន្តែព្រះយេស៊ូបានរំលឹកពួកគេថា អ្វីដែលព្រះអង្គនិយាយ អ្វីដែលព្រះអង្គបង្រៀន ព្រះអង្គប្រាប់ថាសូមមើលកិច្ចការដែលព្រះអង្គបានធ្វើដែរ ដោយសារកិច្ចការរបស់ព្រះអង្គគឺជាកិច្ចការនៃការសង្គ្រោះ។
បងប្អូនដឹងហើយថានៅពេលព្រះយេស៊ូបង្រៀន ព្រះអង្គមានកិច្ចការដើម្បីបញ្ជាក់អំពីដំណឹងល្អនោះឱ្យប្រជាជនគេជឿថា ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ ឬជាអ្នកដែលព្រះជាម្ចាស់បានចាត់ឱ្យមកក្នុងលោកនេះ។ និយាយរួមគឺព្រះគ្រីស្តដែលគេអាចទទួលយកបាន ប៉ុន្តែរបៀបដែលព្រះអង្គធ្វើហាក់ដូចជាមិនត្រូវដូចអ្វីដែលគេរំពឹងគិត។ ដូច្នេះបានជាគេមានសំណួរជាមួយព្រះយេស៊ូ? ព្រះយេស៊ូបានរំលឹកពួកគេថា អ្នកណាស្រឡាញ់ព្រះអង្គនឹងយកចិត្តទុកដាក់ថែរក្សាជាប់នឹងព្រះអង្គ នោះនឹងគ្មាននរណាឆក់យកពីព្រះអង្គបានឡើយ។
ដូច្នេះយើងឃើញថានៅក្នុងជីវិតជាគ្រីស្តបរិស័ទរបស់យើង យើងមានគង្វាលដ៏សប្បុរសគឺព្រះយេស៊ូគ្រីស្ត! មុនពេលដែលព្រះអង្គទៅក៏ព្រះអង្គប្រទានឱ្យមានសម្តេចប៉ាបដែលជាអ្នកបន្តវេនពីព្រះអង្គ ហើយរហូតដល់ប៉ុន្មានសប្តាហ៍នេះយើងបានដឹងហើយថាយើងបានសម្តេចប៉ាបថ្មីដែលជាអ្នកគង្វាលរបស់ព្រះសហគមន៍។ គង្វាលដែលព្រះអង្គបានណែនាំគឺបន្តនៅក្នុងស្ថាប័នសម្តេចប៉ាបដែលបន្តពីសន្តសិលារហូតដល់យើងសព្វថ្ងៃនេះ។
ទោះបីយើងមិនឃើញថាព្រះយេស៊ូដឹកនាំហ្វូងចៀមរបស់ព្រះអង្គយ៉ាងណា តែយ៉ាងតិចយើងបានឃើញថា មានសម្តេចប៉ាបដែលបន្តការដឹកនាំនេះចាប់ពីព្រះអង្គបន្តឱ្យលោកសិលា រហូតដល់យើងសព្វថ្ងៃនេះគឺសម្តេចប៉ាបឡេអូទី១៤ ហើយក៏ជាសម្តេចប៉ាបទី២៦៧។ នេះជាលក្ខណៈមួយដែលយើងឃើញថាព្រះសហគមន៍របស់យើងមិនដែលដាច់គង្វាលសម្រាប់ដឹកនាំព្រះសហគមន៍ទេ។ សម្រាប់យើងត្រូវធ្វើយ៉ាងម៉េចប្រសិនបើព្រះយេស៊ូបានសួរថា ដោយសារយើងមិននៅក្នុងហ្វូងចៀមរបស់ព្រះអង្គបានជាយើងមិនជឿ!។
បាទ! ជាការរំលឹកយើងម្យ៉ាងថា ប្រសិនយើងជាហ្វូងចៀមរបស់ព្រះអង្គមែនអ្វីដែលព្រះជាម្ចាស់បានប្រទានឱ្យយើងតាមរយៈការណែនាំការបកស្រាយ ការពន្យល់ពីសម្តេចប៉ាបក៏ជាអ្វីមួយដែលយើងត្រូវតែដើរតាមផងដែរ។ ព្រះអង្គបានអនុវត្តតាមព្រះបន្ទូលរបស់ព្រះអង្គ តាមព្រះបន្ទូលរបស់ព្រះយេស៊ូ យើងជាហ្វូងចៀមក៏ត្រូវអនុវត្តតាមព្រះបន្ទូលដែលព្រះអង្គប្រទានឱ្យយើង និងអនុវត្តតាមការណែនាំរបស់គង្វាលដែលយើងមានសព្វថ្ងៃនេះគ្រប់លំដាប់។ មានន័យថានៅក្នុងព្រះសហគមន៍សកលយើងមានសម្តេចប៉ាប យើងមានភូមិភាគដ៏ធំរបស់យើងមានលោកអភិបាល ឬក្នុងព្រះសហគមន៍របស់យើងនីមួយៗយើងក៏មានលោកបូជាចារ្យដែលទទួលខុសត្រូវ។
ដូច្នេះទាំងអស់សុទ្ធតែជាគង្វាលដើម្បីដឹកនាំព្រះសហគមន៍! យើងជឿ ធ្វើតាម សហការគ្នា រួមដៃគ្នាធ្វើម៉េចដើម្បីឱ្យហ្វូងចៀមរបស់ព្រះជាម្ចាស់ទៅកាន់ព្រះបិតាបាន នេះជាទិសដៅរបស់យើង ហើយធ្វើម៉េចដើម្បីឱ្យយើងឆ្លងកាត់ពីលោកនេះតាមរបៀបត្រឹមត្រូវល្អដោយមានព្រះយេស៊ូជួយការពារថែរក្សាយើង ដូចព្រះបិតាបានប្រគល់តួនាទីនេះឱ្យព្រះយេស៊ូបន្តបន្ទាប់ឱ្យយើងសព្វថ្ងៃនេះដែរ។ សូមព្រះជាម្ចាស់ប្រទានពរឱ្យបងប្អូន និងសូមឱ្យយើងរួមដំណើរជាមួយគ្នាជាមួយគង្វាលរបស់យើងគ្រប់លំដាប់ផង។ អាម៉ែន៕
Daily Program
