ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាថាយ៥,២០-២៦)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

ក្នុងអត្ថបទដំណឹងល្អព្រះយេស៊ូរំលឹកអំពីធម៌វិន័យរបស់លោកម៉ូសេដែលមានចែងថា៖ “កុំសម្លាប់មនុស្ស” ប៉ុន្តែប្រសិនបើយើងចូលឱ្យជ្រាលជ្រៅមែនទែន គឺព្រះយេស៊ូមិនត្រឹមតែមិនសម្លាប់មនុស្សតែប៉ុណ្ណោះទេ គឺ មិនត្រូវខឹងនឹងគេ ឬជេរប្រមាថមើលងាយអ្នកដទៃទ្បើយ។ ដូច្នេះចំណុចទីមួយពិតជាពិបាកមែន! ប៉ុន្តែ​អ្វីដែលព្រះយេស៊ូចង់និយាយ គឺអំពីកំហឹងដែលមាននៅក្នុងចិត្ត! កំហឹងពីចិត្តដែលចង់ធ្វើបាបគេ ពេល​ខ្លះ​យើង​ខឹងគេភ្លាមៗយើងអាចសម្រួលអារម្មណ៍ ហើយការខឹងរបស់យើងមកពីអារម្មណ៍ឆេវឆៅ។

នៅក្នុងចិត្តរបស់យើង យើងគ្មានគោលបំណងចង់ធ្វើបាបគេ កំហឹងដែល​ជាឫស​គល់នៃ​អំពើអាក្រក់​ដែល​នាំ​ឱ្យយើងខឹងគេ យើងចង់ធ្វើបាបគេ គឺយើងស្អប់គេនៅក្នុងដួងចិត្តដ៏ជ្រៅ។ ចំណុចនេះព្រះយេស៊ូហាម​មិនឱ្យធ្វើ ពីព្រោះពេលខ្លះយើងនិយាយខ្លាំងៗសម្រាប់អ្នកដទៃ ឬយើងមើលគេតាមរបៀបមិនត្រឹមត្រូវ យើង​​ដូចជាសម្លាប់គេ ពាក្យសម្តីកាយវិការ ការមើលឃើញរបស់យើងអាចទៅជាអាវុធនៅ​ក្នុងដៃរបស់​យើង​ដើម្បីបង្កាបអ្នកដទៃ។ ការធ្វើដូចនេះមិនត្រូវទេ! ពេលដែលយើងខឹងគេសូមព្យាយាម​សម្រួល​អារម្មណ៍​។

តើធ្វើដូចម្តចដើម្បីកាត់បន្ថយកំហឹង? ប្រហែលជាយើងត្រូវមើលព្រះយេស៊ូជាគំរូ ពេលព្រះយេស៊ូនៅលើ​ឈើ​ឆ្កាងព្រះយេស៊ូលើកលែងទោស​ឱ្យខ្មាំងសត្រូវរបស់ព្រះអង្គ ព្រះអង្គយកព្រះជាម្ចាស់ជាទីពឹង។ ដូច្នេះ​សម្រាប់យើងពេលដែលយើងខឹង ឬចង់ធ្វើបាបគេសុំគិតអំពីព្រះយេស៊ូ ហើយនឹង​ទុកឱ្យព្រះជាម្ចាស់​ជាអ្នក​វិនិ​ច្ឆ័យគេ កុំខឹងគេ ព្រោះគេក៏ជាបុត្រធីតារបស់ព្រះជាម្ចាស់ ហើយ​សុំនឹក​គិត​អំពីចំណុច​វិជ្ជមាន​របស់​គេ​ដែល ប្រហែលយើងបានធ្វើបាបចំពោះគេ ហេតុនេះសុំមើលពីខ្លួន​ឯង ព្រះយេស៊ូមានព្រះបន្ទូលថាអ្នក​ណា​​ដែលខឹងអ្នកដទៃ នោះនឹងត្រូវព្រះជាម្ចាស់ផ្តន្ទាទោស ។

តាមពិតព្រះជាម្ចាស់មិនកាត់ទោសយើងទេ តែយើងជាអ្នកកាត់ទោសខ្លួនឯងមានកំហឹងមួយទៀត​យើង​ត្រូវ​​តែខឹង​ពេលយើងឃើញអំពើអយុត្តិធម៌នៅក្នុងសង្គម ហើយពេលនោះកំហឹងទៅជាកម្លាំងដែលជំរុញ​ឱ្យ​យើង​រកយុត្តិធម៌ឱ្យអ្នកដទៃ៕

Daily Program

Livesteam thumbnail