« មនុស្សលោកបដិសេធព្រះជាម្ចាស់នៅពេលណា? ព្រោះអ្វី?»

បកស្រាយដោយ៖ (លោកបូជាចារ្យ អេមេល្សដាល ហ្រ្វង់ស្វ័រ ពីព្រះសហគមន៍កាតូលិកមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង)
បូ. ហ្វ្រង់ស្វ័រ៖ តាមពិតមនុស្សយើងបានបដិសេធព្រះជាម្ចាស់តាំងពីកំណើតមកពិភពលោក។ គឺនៅក្នុងអត្ថបទកំណើតពិភពលោកជំពូកទី៣ យើងឃើញថាព្រះជាម្ចាស់បានបង្កើតលោក អាដាំ និងនាងអេវា ដំណាងឲ្យមនុស្សគ្រប់ៗរូប។ ក្នុងដំណើររឿងនេះបានរៀបរាប់ថានាង អេវា បានចាញ់ការល្បួងរបស់សត្វពស់ ក៏កើតគំនិតសង្ស័យថាតើព្រះជាម្ចាស់បានបង្កើតមនុស្សមកដើម្បីអ្វី? ហើយនិងធ្វើឲ្យមនុស្សលោកមានសុភមង្គលមែន ឬយ៉ាងណា?
បងប្អូន! នាង អេវា គាត់ចាញ់ការល្បួង ហើយក៏ជឿលើសត្វពស់ និងចិត្តអាក្រក់របស់ខ្លួន នាងក៏ធ្លាក់ខ្លួនក្នុងអំពើបាបរួមជាមួយប្តីឈ្នោះ អាដាំ។ ទាំងពីរនាក់ប្តីប្រពន្ធបានបំពានសេរីភាពរបស់ខ្លួន ដោយចង់ធ្វើតាមអំពើចិត្ត និងមិនចង់ពឹងផ្អែកលើព្រះជាម្ចាស់ ហើយមានគំនិតគិតថាខ្លួនដូចជាព្រះអ្វីម្យ៉ាង។ បងប្អូនរឿងរបស់នាង អេវា និងលោក អាដាំ គឺជាបទពិសោធន៍របស់យើង រាល់ពេលយើងចាញ់ការល្បួង រាល់ពេលយើងប្រព្រឹត្តអំពើបាបគឺយើងតែងបដិសេធវត្តមានព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើង។
យើងចង់បានឯករាជ្យ យើងចង់ពឹងលើខ្លួនឯង យើងចង់ធ្វើតាមអំពើចិត្ត វាជាហេតុនាំឲ្យយើងវង្វេង ព្រោះពេលខ្លះយើងគិតថាព្រះជាម្ចាស់ជាគូរប្រកួតប្រជែងនៃសេរីភាពរបស់យើង តាមពាក្យសម្តីរបស់សត្វពស់ គឺជាសម្តីនៃអំពើអាក្រក់តែម្តង។ តាមពិតទៅ ព្រះជាម្ចាស់មិនមែនជាគូរប្រកួតប្រជែង ឬជាអ្នកហាមឃាត់យើងមិនឲ្យមានសេរីភាពទេ ផ្ទុយទៅវិញ បើសិនយើងធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬក៏ស្តាប់បង្គាប់ព្រះជាម្ចាស់ យើងនឹងមានសេរីភាពពេញលេញ ហើយក្លាយជាមនុស្សពេញលក្ខណៈ ក្លាយជាបុត្រធិតារបស់ព្រះជាម្ចាស់។
បងប្អូន! ចូរយើងទៅរកព្រះយេស៊ូ ទ្រង់មិនដែលចាញ់ការល្បួងនោះទេ ព្រះអង្គយកឈ្នះលើអំពើអាក្រក់ ព្រះអង្គយកឈ្នះលើមាសាតាំង ព្រោះព្រះយេស៊ូបានតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់តែមួយអង្គគត់ ជាហេតុនាំឲ្យទ្រង់មានសេរីភាពពេញលេញ។ សម្បីតែខ្មាំងសត្រូវព្រះយេស៊ូ ខាងគណៈផារីស៊ីក៏ទទួលស្គាល់ថាគ្មាននណាម្នាក់ដូចព្រះយេស៊ូដែរ។ ប្រហែលជាយើងពិបាកយល់ ប៉ុន្តែយើងម្នាក់ៗត្រូវជឿជាក់ថា ប្រសិនបើយើងធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រះអង្គប្រោសយើងឲ្យមានសិរីភាពពិតប្រាកដ។
ព្រះជាម្ចាស់បានបង្កើតខ្ញុំ ខ្ញុំមានសេរីភាពពិតបា្រកដ ធ្វើសេចក្តីល្អ ឬអាក្រក់ ផ្ទុយទៅវិញបើខ្ញុំធ្វើតាមអំពើចិត្ត តាមមាសាតាំង ខ្ញុំជាប់ទៅជាឈ្លើយនៃទន្ហា។ តែបើខ្ញុំធ្វើតាមព្រះហឫទ័យព្រះជាម្ចាស់ ប្រព្រឹត្តតែអំពើល្អ ខ្ញុំទៅជាមនុស្សពេញលក្ខណៈ ស្របតាមសេចក្តីថ្លៃថ្នូរបស់មនុស្សល្អ។ ដូច្នេះពិតណាស់! តាំងពីកំណើតពិភពលោក ព្រះសហគមន៍កាតូលិកបានអះអាងថាមនុស្សលោកបានប្រព្រឹតអំពើបាប។
មនុស្សដើមដំបូងបានប្រព្រឹត្តអំពើបាប ហើយអំពើបាបបានរាលដាលនៅជុំវិញពិភពលោក ដែលជាហេតុនាំឲ្យមនុស្សគ្រប់ៗរូបជាប់អំពើបាប។ ប៉ុន្តែបើសិនជាយើងមានជំនឿ យើងទទួលអគ្គសញ្ញាជ្រមុជទឹកយើងរួចពីអំពើបាបដើមដំបូង យើងរួចភាពជាទេសករនៃអំពើបាប។ ក្នុងករណីដែលមនុស្សយើងបន្តរួមរស់ជាមួយព្រះយេស៊ូយើងនិងឈ្នះអំពើបាបទាំងពួងរហូតដល់ជីវិតចុងក្រោយ៕ អាមែន
ដោយ ឆាក លាំង
Daily Program
