« ព្រះយេស៊ូបង្រៀនមនុស្សឲ្យស្គាល់តំលៃនៃភាពស្មើរគ្នារបស់មនុស្ស! »

បកស្រាយដោយ៖ (លោកសិលា សួន ហង្សលី អភិបាលព្រះសហគមន៍កំពង់ចាម)

អភិ.សួន ហង្សលី៖ នាឱកាលបុណ្យព្រះយេស៊ូប្រសូត្រ បងប្អូនអាចធ្វើបានស្តាប់អត្ថបទព្រះគម្ពីរ ឬក៏ចូលរួមអធិដ្ឋានរួមជាមួយបងប្អូនគ្រីស្តបរិស័ទផ្សេងៗ។ ពេលនោះតាមព្រះវិហារនាៗក៏បានធ្វើរោង មានរួបព្រះកុមាយេស៊ូនៅក្រោលសត្វ​។ នេះជាអ្វីមួយដែលយើងមើលឃើញថាព្រះយេស៊ូដែលយើងគោរពទុកជាព្រះគ្រីស្ត ជាព្រះសង្គ្រោះ ទ្រង់បានប្រសូត្រមកជាមនុស្សសាមញ្ញធម្មតា ហើយពេលខ្លះត្រូវគេមើលងាយ។ សំណួរចោទឡើងថា ហេតុអ្វីបានព្រះយេស៊ូប្រសូត្រក្នុងក្រោលសត្វចឹង? បងប្អូនជាទីស្រលាញ់! មាន៣ចំណុចសំខាន់ដែលខ្ញុំចង់ចែករំលែកក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត្រនេះ៖

ទី១៖ ព្រះយេស៊ូប្រសូត្រក្នុងលោកនេះ គឺទ្រង់បានបំពេញឲ្យស្របតាមសេចក្តីដែលបានចែងទុកនៅក្នុងព្រះគម្ពីរសម្ព័នមេត្រីចាស់។ ក្នុងព្រះគម្ពីរបានសរសេរអំពីភូមិបេថ្លេហេម ជាពិសេសព្យាការីមេកា បានសរសេរថាភូមិនេះនិងមានព្រះសង្គ្រោះប្រសូត្រមក។ ក្នុងពេលដែលទ្រង់ប្រសូត្រនោះទៀតសោត ក៏ចំពេញធ្វើជំរឿនប្រជាជន ចឹងហើយព្រះនាងម៉ារី និងលោកយូសែបបានទៅភូមិបេថ្លេហេម ស្របពេលនាងម៉ារីគ្រប់ខែសម្រាលបុត្រ ដែលជាព្រះកុមាយេស៊ូនៅក្នុងក្រោលសត្វមួយក្នុងភូមិនោះ។

ទី២៖ ព្រះយេស៊ូប្រសូត្រមកធម្មតាជាមនុស្សសាមញ្ញា គឺបង្ហាញអំពីមុខងារ ឬក៏តួនាទីរបស់ព្រះអង្គដែលយាងមកក្នុងលោកនេះ ដើម្បីសង្គ្រោះមនុស្សលោក​ តាមរយៈព្រះហឫទ័យប្រណីសណ្តោស ជាពិសេសមនុស្សក្រីក្រ កុមារកំព្រា មនុស្សចាស់ជរាគ្មានទីពឹងជាដើម។ ការចាប់កំណើតជាមនុស្សសាមញ្ញរបស់ព្រះយេស៊ូ បានបង្ហាញពីមុខងារ ជាអ្នកបម្រើដ៏ស្មោះត្រង់របស់ទ្រង់ និងបានបូជាព្រះជន្មនៅលើឈើឆ្កាងថ្វាយទៅព្រះបិតាវិញដើម្បីរំដោះមនុស្សលោកទាំងអស់ឲ្យផុតពីអំពើបាប។

ទី៣៖ មានន័យថាការចាប់កំណើតជាមនុស្សក្នុងស្ថានភាពក្រីក្រ មានឪពុកជាជាងឈើ ហើយប្រសូត្រក្នុងក្រោលសត្វ គឺព្រះអង្គដាក់ខ្លួនឲ្យជាប់ជាមួយមនុស្សលោកតែម្តង។ ចំណុចនេះហើយបង្ហាញពីវត្តមានរបស់ព្រះសង្គ្រោះនៅជាប់ជាមួយមនុស្សទូទៅ ជាពិសេសមនុសតូចទាបក្រីក្រលំបាក និងឲ្យគេទទួលបានការសង្គ្រោះផងដែរ។ មួយវិញទៀត នៅក្នុងការបន្ទាបខ្លួនចាប់កំណើតជាមនុស្សសាមញ្ញនេះ គឺបង្ហាញថាការសង្គ្រោះនេះមិនមែនសម្រាប់តែអ្នកមានមុខមាត់ ឬអស់អ្នកដែលមានទ្រព្យសម្បត្តិនៅក្នុងសង្គមនោះទេ។ ការសង្គ្រោះគឺព្រះជាម្ចាស់បានប្រទានឲ្យមនុស្សទាំងអស់ ជាពិសេសមនុស្សដែលបានដាក់ខ្លួនជាអ្នកក្រីក្រ អស់ដែលត្រូវបានសង្គមបោះបង់ចោលជាដើម។

ហេតុនេះហើយ សេចក្តីទាំងនេះបានបញ្ជាក់ថាវត្តមានរបស់ព្រះយេស៊ូចាប់កំណើតនាលោកនេះ គឺទ្រង់ចង់លើកស្ទួយមនុស្សដែលត្រូវគេមើលងាយ ឬក៏ទន់ទាបនៅក្នុងសង្គមឲ្យមានកត្តិយសថ្លៃថ្នូឡើងវិញ។ វត្តមានរបស់ព្រះសង្គ្រោះនិងធ្វើការអស្ចារ្យ ដោយត្រឡប់អស់អ្នកដែលនៅខាងមុខ ឲ្យត្រឡប់ទៅខាងក្រោយ ហើយអ្នកដែលនៅខាងក្រោយ និងត្រឡប់មកខាងមុខវិញ។ ហេតុនេះហើយសូមបងប្អូនទាំងអស់គ្នារៀបចំខ្លួនឲ្យបានសមរម្យដើម្បីទទួលព្រះសង្គ្រោះប្រសូត្រនាពេលខាងមុខនេះ៕ អាមែន

ដោយ ឆាក​ លាំង

Daily Program

Livesteam thumbnail