« ព្រះជាម្ចាស់និងដាក់ទោសអស់អ្នកដែលជឿលើទ្រង់តែបបូរមាត់? ហេតុអ្វី?»

បកស្រាយដោយ៖ (លោកបូជាចារ្យ អេមេល្សដាល ហ្រ្វង់ស្វ័រ ពីព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ)

បូ. ហ្រ្វង់ស្វ័រ៖​ ព្រះជាម្ចាស់មិនដាក់ទោសនោះទេ ព្រោះព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់! បងប្អូននៅក្នុងព្រះគម្ពីរដំណឹងល្អ ព្រះយេស៊ូមានព្រះបន្ទូលគម្រាមអស់អ្នកដែលថាជឿលើទ្រង់តែបបូរមាត់។ ដោយពួកគេនិយាយថាជឿពិតមែនតែមិនបានប្រព្រឹត្ត ឬក៏ធ្វើតាមព្រះហឫទ័យទ្រង់ គឺធ្វើតាមចិត្តរបស់ខ្លួនដោយមិនកោតក្រែងព្រះជាម្ចាស់នោះទេ។ គេជឿថាព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ ព្រះជាម្ចាស់ស្រឡាញ់គេ ប៉ុន្តែគេមិនកែប្រែចិត្តគំនិត ហើយនៅតែបន្តប្រព្រឹត្តអំពើអាក្រក់។ សំណួរសួរថា តើព្រះជាម្ចាស់បានដាក់ទោសលើអស់អ្នកទាំងនោះទេ?

បងប្អូនរួមជំនឿជាទីស្រឡាញ់ យើងដឹងហើយថាព្រះជាម្ចាស់មានព្រះហឫទ័យប្រណីសណ្តោសណាស់ ទ្រង់មិនដាក់ទោសគេនោះទេ ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ ហើយព្រះទ័យរបស់ទ្រង់គឺពោរពេញដោយធម៍មេត្តាករុណាចំពោះមនុស្សគ្រប់ៗរូប សូម្បីតែអស់អ្នកដែលបានប្រព្រឹត្តខុស និងអស់អ្នកដែលបានធ្វើបាបព្រះអង្គដ៏ដោយ។ ផ្ទុយទៅវិញបើសិនយើងមិនបានអនុវត្តតាមជំនឿ!

យើងត្រូវដាក់ទោសខ្លួនឯង ព្រោះយើងវង្វេងហើយ យើងមិនអាចមានសុភមង្គលដ៏ពិតប្រកដបានទេ។ តែជារបៀបនិយាយ នៅពេលយើងជួបនៅទុក្ខព្រួយផ្សេងៗ យើងតែងនិយយាថាព្រះជាម្ចាស់ដាក់ទោសហើយ! ព្រះយេស៊ូតែងតែជំរុញ រំលឹកយើងឲ្យកែប្រែចិត្តគំនិត ឲ្យយើងធ្វើតាមពាក្យសម្តីរបស់យើង ឲ្យយើងអនុវត្តតាមជំនឿពិតប្រាកដសម្រាប់ជីវិតខ្លួនឯង។ អស់អ្នកបានអនុវត្ត ឬប្រតិបត្តិតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ជីវិតរបស់គេមានសុភមង្គលហើយ។

ព្រោះវិន័យ ឬច្បាប់របស់ព្រះយេស៊ូទាំងប៉ុន្មាន ឲ្យយើងមានសុភមង្គល នឹងបានសម្រេចតាមព្រះហឬទ័យ តាមបញ្ជារបស់ព្រះជាម្ចាស់គឺយើងមានព្រះវិញ្ញាណដ៏វិសុទ្ធដែលបានគង់នៅជាប់ជាមួយយើងគ្រប់ពេល យើងមានកំលាំងកាយ កំលាំងចិត្តតាមរយៈការជួបសន្ទនាផ្ទាល់ជាមួយទ្រង់តាមរយៈការអធិដ្ឋាន តាមរយៈអគ្គសញ្ញានៃព្រះសហគមន៍។

ដូច្នេះយើងម្នាក់ៗអាចធ្វើបាន ដើម្បីបញ្ជាក់ថាយើងមិនមែនជាមនុស្សមានពុត អ្វីដែលយើងបាននិយាយគឺយើងធ្វើតាមជានិច្ច។ ម្នាក់ៗពិតជាសប្បាយចិត្តនៅពេលបានលឭមនុស្សនៅជុំវិញខ្លួននិយាយថាយើងជាមនុស្សស្មោះត្រង់ ជាមនុស្សល្អ ជាមនុស្សមានទឹកចិត្ត។ ច្បាស់ណាស់កិច្ចការល្អទាំងអស់នេះអាចកើតចេញជារូបរាងនៅក្នុងចំណោមបងប្អូនទាំងអស់នៅជុំវិញខ្លួនបាន គឺដោយសារតែវត្តមានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ជួយបំភ្លឺ៕ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail