មីស្ហ៉ែល បាជេឡេ ៖ ពីអ្នកទោសនយោបាយ មកជាប្រធានាធិបតីស្រ្តីដំបូងនៅអាម៉េរិកខាងត្បូង
ពីគុកងងឹតនៃរបបយោធា ស្ត្រីដែលឆ្លងកាត់ការធ្វើទារុណកម្មបានតស៊ូរហូតក្លាយជាប្រធានាធិបតីស្ត្រីដំបូងគេនៅឈីលី និងមានបេះដូងនៃកំណែទម្រង់សិទ្ធិមនុស្សនៅលើឆាកអន្តរជាតិ។
កើតនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៥១ នៅទីក្រុងសង់ទីត្យាហ្គោ ប្រទេសឈីលី អ្នកស្រីមីស្ហ៉ែល បាជេឡេ (Michelle Bachelet) គឺជាកូនស្រីរបស់ឧត្តមសេនីយ៍យោធាកងទ័ពអាកាសដែលមានខ្សែស្រឡាយជាជនជាតិបារាំង ដែលដាំទំពាំងបាយជូរនៅតំបន់បួរហ្គោញ ប្រទេសបារាំង។ ជោគវាសនានយោបាយរបស់អ្នកស្រីបានចាប់ផ្តើមដោយភាពជូរចត់ នៅពេលដែលឪពុករបស់អ្នកស្រី ដែលនៅប្រកាន់ភាពស្មោះត្រង់នឹងប្រធានាធិបតីអាឡេនដេ ត្រូវបានចោទថាជាជនក្បត់ និងទទួលរងទារុណកម្មរហូតដល់ស្លាប់ដោយសារការគាំងបេះដូងនៅឆ្នាំ១៩៧៤។ មិនយូរប៉ុន្មាន អ្នកស្រី និងម្តាយក៏ត្រូវបានគេចាប់ខ្លួន និងធ្វើទារុណកម្ម នៅគុកវីឡាហ្គ្រ៊ីម៉ាល់ឌី ដែរ។ ក្រោយពេលដោះលែង ពួកគាត់បានធ្វើនិរទេសខ្លួនទៅអូស្ត្រាលី ចំណែកអ្នកស្រីមីស្ហ៉ែល បានបន្តរៀនវេជ្ជសាស្ត្រនៅអាឡឺម៉ង់ខាងកើត រួចវិលត្រឡប់មកឈីលីវិញនៅឆ្នាំ១៩៧៩ ដើម្បីធ្វើជាគ្រូពេទ្យកុមារ។
បេះដូងក្លាហានបានញ៉ាំងឱ្យអ្នកស្រីមានចំណាប់អារម្មណ៍លើរឿងនយោបាយ។ ដំណើរឡើងកាន់អំណាចរបស់អ្នកស្រីបានហក់ឡើងជាបន្តបន្ទាប់ ពីជារដ្ឋមន្ត្រីសុខាភិបាល នៅឆ្នាំ២០០០ រហូតក្លាយជារដ្ឋមន្ត្រីក្រសួងការពារជាតិស្ត្រីដំបូងគេនៅអាម៉េរិកឡាទីននៅឆ្នាំ ២០០២។ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៦ អ្នកស្រីបានបង្កើតប្រវត្តិសាស្ត្រជាប្រធានាធិបតីស្ត្រីដំបូងគេដែលជាប់ឆ្នោតនៅអាម៉េរិកខាងត្បូង ដោយទទួលបានសំឡេងគាំទ្រ ៥៣,៥%។ ក្នុងអាណត្តិទី១ អ្នកស្រីបានបង្កើតរដ្ឋាភិបាលសមាមាត្រយេនឌ័រស្មើគ្នា និងធ្វើកំណែទម្រង់ប្រព័ន្ធសោធននិវត្តន៍ និង«យន្តការការពារសន្តិសុខសង្គម» សម្រាប់ប្រជាជនឈីលីរាប់លាននាក់។
ដូច្នេះអ្នកស្រីមីស្ហ៉ែលត្រូវបានទស្សនាវដ្តីហ្វ៉ប (Forbes) ដែលមានចំណាត់ថ្នាក់បុគ្គលល្បីល្បាញ បានចាត់ថ្នាក់អ្នកស្រី ជាស្ត្រីមានអំណាចបំផុតមួយរូបនៅលើពិភពលោក។
ក្រោយពេលដឹកនាំអង្គការសហប្រជាជាតិដើម្បីសមភាពយេនឌ័រ (UN Women) អ្នកស្រីបានត្រឡប់មកឈីលី យកឈ្នះការបោះឆ្នោតប្រធានាធិបតីអាណត្តិទី២ នៅឆ្នាំ២០១៣ ដោយសំឡេងគាំទ្ររហូតដល់ ៦២,១៦%។ ក្នុងអាណត្តិទី២ ពីឆ្នាំ២០១៤-២០១៨ អ្នកស្រីបានជំរុញកំណែទម្រង់ពន្ធដារ ការទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា ការពារបរិស្ថាន និងប្រឆាំងគម្រោងរុករករ៉ែដែលគំរាមកំហែងសត្វភេនឃ្វីនហាំបូលដ៍។ ទោះជាយ៉ាងណា វិបត្តិសេដ្ឋកិច្ចពីការធ្លាក់ថ្លៃទង់ដែង បាតុកម្មនិស្សិត និងរឿងអាស្រូវហិរញ្ញប្បទានពាក់ព័ន្ធនឹងកូនប្រុសរបស់អ្នកស្រី បានធ្វើឱ្យប្រជាប្រិយភាពរបស់អ្នកស្រីធ្លាក់ចុះមកត្រឹម ២២% នៅឆ្នាំ២០១៥។
នៅឆ្នាំ២០១៨ អ្នកស្រីត្រូវបានតែងតាំងជាស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិសម្រាប់សិទ្ធិមនុស្ស។ អ្នកស្រីបង្ហាញជំហរម៉ឺងម៉ាត់រិះគន់ការប្រព្រឹត្តលើជនចំណាកស្រុកនៅលោកខាងលិច និងទាមទារឱ្យបារាំងស៊ើបអង្កេតចំពោះហិង្សារបស់ប៉ូលីសលើចលនាក្រុមអាវកាក់លឿង។ អ្នកស្រីបានចុះធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងឆ្នាំ២០២២ ដែលបង្កប្រតិកម្មពីសមាគមជាង ២៣០ រហូតដល់អ្នកស្រីសម្រេចមិនបន្តអាណត្តិទី២។ នៅឆ្នាំ២០២៥ ប្រទេសឈីលីបានស្នើបេក្ខភាពអ្នកស្រីសម្រាប់អគ្គលេខាធិការ សហប្រជាជាតិ ប៉ុន្តែដោយសារការដកការគាំទ្រពីរដ្ឋាភិបាលថ្មីរបស់លោកចូហ្ស៉េ អន់តូនីញ៉ូ កាស្ត៍ អ្នកស្រីក៏បានសម្រេចដកបេក្ខភាពនៅខែកញ្ញា ឆ្នាំ២០២៦។
អ្នកស្រី មីស្ហ៉ែល បាជេឡេ នៅតែជាមេដឹកនាំដែលទទួលបានទាំងការកោតសរសើរ និងការរិះគន់។ ដំណើរជីវិតពីជនរងគ្រោះរហូតដល់កំពូលអ្នកដឹកនាំរបស់អ្នកស្រី គឺជាសក្ខីភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីក្តីសង្ឃឹម និងដែនកំណត់នៃអំណាចនយោបាយ។
