តើ «កតញ្ញូ» មានតម្លៃ និងន័យយ៉ាងណាចំពោះយុវជនក្នុងសម័យបច្ចុប្បន្ន?
«កតញ្ញូ» គឺជាពាក្យមួយឃ្លាដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតសម្រាប់ជីវិតមនុស្សគ្រប់រូប មិនថាសថិតក្នុងឋានៈ ឬវណ្ណៈណានៅក្នុងសង្គមឡើយ។ ជាទូទៅ កតញ្ញូ សំដៅលើការដឹងគុណ និងការតបស្នងសងគុណចំពោះអ្នកដែលមានគុណលើខ្លួន ដូចជា ឪពុក ម្តាយ ជីដូនជីតា និងលោកគ្រូអ្នកគ្រូជាដើម។ កតញ្ញូចំពោះមាតាបិតា មិនត្រឹមតែជាករណីកិច្ចតាមធម្មជាតិនៃកូនប្រុសស្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគុណធម៌ដ៏ចាំបាច់ដែលត្រូវផ្តើមចេញពីបុគ្គលម្នាក់ៗ ដើម្បីឈានទៅដល់ការកសាងមូលដ្ឋានគ្រឹះនៃសង្គមដែលមានភាពសុខដុមរមនា ព្រមទាំងលើកកម្ពស់ស្មារតីវប្បធម៌ និងអរិយធម៌ឱ្យកាន់តែខ្ពង់ខ្ពស់ឧត្តុង្គឧត្តម។
លោក អ៊ឹម តារ៉ូ ជានិស្សិតឆ្នាំទី២ នៃសកលវិទ្យាល័យបៀលប្រាយ បានចែករំលែកទស្សនៈថា ពាក្យថាកតញ្ញូមានន័យទូលំទូលាយណាស់។ សម្រាប់រូបលោកផ្ទាល់ ការធ្វើជាកូនកតញ្ញូចំពោះឪពុកម្តាយ គឺស្តែងចេញតាមរយៈការខិតខំរៀនសូត្រ និងការប្រឹងប្រែងធ្វើការងារដើម្បីរកប្រាក់ចំណូលមកផ្គត់ផ្គង់ការសិក្សាដោយខ្លួនឯង ក្នុងគោលបំណងជួយសម្រាលបន្ទុកគ្រួសារ។
លោក តារ៉ូ បានរៀបរាប់ទាំងទឹកមុខញញឹមថា៖ «ខ្ញុំខិតខំរៀន និងរកថវិកាមួយចំនួនតូចទៀតដើម្បីផ្គត់ផ្គង់ការសិក្សា និងការរៀនបន្ថែម ដោយសារតែគ្រួសារខ្ញុំមិនមែនជាអ្នកធូរធារឡើយ។ ក្នុងការរ៉ាប់រងចំណាយ ឪពុកម្តាយគាត់បានផ្ញើមកឱ្យ ៦០% ហើយខ្ញុំរ៉ាប់រង ៤០% ដោយខ្លួនឯង»។ លោកបានបន្តបន្ថែមទៀតថា ការមិនដើរលេងច្រើន ការស្តាប់បង្គាប់ឪពុកម្តាយ ការធ្វើឱ្យគាត់សប្បាយចិត្ត និងការមើលថែទាំប្រតិបត្តិគាត់នៅពេលដែលគាត់ចាស់ជរា គឺជាកតញ្ញូតាធម៌ពិតប្រាកដរបស់កូន។
មិនខុសគ្នាប៉ុន្មានដែរ កញ្ញា វិច្ឆិកា ណារូ ជានិស្សិតឆ្នាំទី១ នៃមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានលើកឡើងថា កតញ្ញូមិនត្រឹមតែកើតមានចំពោះឪពុកម្តាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរាប់បញ្ចូលទាំងលោកគ្រូអ្នកគ្រូ ដែលជាអ្នកប្រសិទ្ធពុទ្ធិវេទអប់រំប្រដៅ។
កញ្ញា ណារូ បានបញ្ជាក់ថា៖ «ទោះបីជាយើងប្រឡងជាប់បាក់ឌុបហើយក៏ដោយ ក៏មិនទាន់រាប់ថាជោគជ័យ ១០០% នោះទេ ប្រសិនបើគ្មានការខិតខំបង្រៀនពីលោកគ្រូអ្នកគ្រូ។ ខ្ញុំតែងតែដឹងគុណ និងអរគុណដល់អ្នកគ្រូទាំងអស់ដែលបានខិតខំបង្រៀនខ្ញុំតាំងពីតូចមក»។
ដោយឡែក បើក្រឡេកមកមើលយុវជនវ័យក្មេងម្នាក់ទៀត គឺប្អូនប្រុស ផេង សុវិទូ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យបាក់ទូក បានសារភាពដោយស្មោះត្រង់អំពីការផ្លាស់ប្តូរគំនិតរបស់ខ្លួនចំពោះពាក្យ «កតញ្ញូ»៖ «កតញ្ញូ មានន័យជ្រាលជ្រៅណាស់សម្រាប់ខ្ញុំ។ កាលពីមុន ខ្ញុំធ្លាប់ដើរលេងច្រើន និងមិនសូវចូលសាលារៀន តែឥឡូវខ្ញុំយល់ថា កតញ្ញូគឺការមិនធ្វើឱ្យឪពុកម្តាយពិបាកចិត្ត ខិតខំរៀនសូត្រ និងធ្វើជាកូនល្អដើម្បីស្នងគុណនៃការចិញ្ចឹមបីបាច់ថែរក្សារបស់គាត់»។
អត្ថន័យនៃកតញ្ញូតាធម៌នេះ ក៏ត្រូវបានរំលេចយ៉ាងច្បាស់នៅក្នុងអក្សរសិល្ប៍ខ្មែរផងដែរ។ ជាក់ស្តែង នៅក្នុងរឿង «សុវណ្ណសាម» ដែលជាស្នាដៃអក្សរសិល្ប៍បុរាណ និពន្ធករបានរំលេចយ៉ាងស៊ីជម្រៅអំពីតថភាពសង្គម និងការដឹងគុណរបស់បុត្រធីតាចំពោះមាតាបិតា។ សុវណ្ណសាម ត្រូវបានលើកឡើងជាគំរូនៃកូនកតញ្ញូដ៏ឆ្នើម។ នៅពេលដែលមាតាបិតារបស់លោកត្រូវពិការភ្នែកទាំងគូដោយសារពិសពស់ សុវណ្ណសាមបានមើលថែទាំ គក់ច្របាច់ដោយដៃថ្នមៗ ដើរស្វែងរកផ្លែឈើក្នុងព្រៃមកទំនុកបម្រុង និងដងទឹកជូនមាតាបិតាស្រោចស្រពកាយដោយមិនចេះនឿយហត់។
តាមរយៈសាច់រឿងនេះ អំពើកុសល និងកតញ្ញូតាធម៌របស់សុវណ្ណសាម បានបណ្តាលឱ្យព្រះឥន្ទ្រាធិរាជក្តៅក្រហល់ក្រហាយ យាងចុះមកប្រោសរូបលោកឱ្យរស់ឡើងវិញដោយទឹកអម្រឹត បន្ទាប់ពីត្រូវព្រួញបាញ់ប្រហារនៅមាត់ស្ទឹង។ នេះគឺជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ថា បុគ្គលណាដែលមានចិត្តដឹងគុណ និងតបស្នងគុណមាតាបិតា បុគ្គលនោះតែងតែទទួលបាននូវសេចក្តីសុខ ចម្រើន និងការការពារពីគ្រោះថ្នាក់ទាំងពួង។
ជាសរុបមក «កតញ្ញូ» មិនមែនគ្រាន់តែជាពាក្យស្លោក ឬជាមេរៀននៅលើក្រដាសនោះទេ ប៉ុន្តែវាជាសកម្មភាពជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃរបស់យុវជនគ្រប់រូប—ចាប់តាំងពីការខិតខំរៀនសូត្រ ការជួយសម្រាលបន្ទុកគ្រួសារ ការគោរពប្រតិបត្តិអ្នកមានគុណ រហូតដល់ការធ្វើខ្លួនជាពលរដ្ឋល្អក្នុងសង្គម។ អំពើល្អដែលផ្តើមចេញពីសេចក្តីកតញ្ញូនេះហើយ ដែលជាកម្លាំងចលករដ៏រឹងមាំក្នុងការទ្រទ្រង់សង្គមជាតិឱ្យរស់នៅក្នុងភាពសុខដុមរមនា និងមានទំព័រអនាគតដ៏ភ្លឺស្វាង៕
