តួនាទីស្វាមី និងការលើកកម្ពស់សុខមាលភាពគ្រួសារ

ពាក្យថា «គ្រួសារ» បើតាមវចនានុក្រមរបស់សម្តេចសង្ឃរាជ ជួន ណាត បានឱ្យដឹងថា គឺជា ត្រកូល ប្រជុំត្រកូល មនុស្សដែលមានមាតា បិតា និងបុត្រធីតា។ ជីវិតគ្រួសារនេះហើយជាក្តីប្រាថ្នារបស់មនុស្សគ្រប់រូប ពោលគឺគ្រប់គ្នាសុទ្ធតែចង់បានគ្រួសារមួយប្រកបដោយភាពកក់ក្តៅ និងមានសុភមង្គល។ ជាទូទៅ ក្នុងគ្រួសារនីមួយៗតែងតែមានច្បាប់ទម្លាប់ផ្សេងៗគ្នា ដើម្បីរៀបចំនូវសុភមង្គលក្នុងគ្រួសារ ប៉ុន្តែគ្រួសារខ្លះទៀតបានបែកបាក់គ្នាក៏ដោយសារតែខ្វះវិធីសាស្ត្រគ្រប់គ្រង។

ស្ត្រីមានតម្លៃដ៏ថ្លៃថ្លាខ្ពង់ខ្ពស់បំផុតមិនអាចកាត់ថ្លៃបានឡើយ ជាពិសេសស្ត្រីមានសារៈសំខាន់ណាស់ក្នុងការជួយអភិវឌ្ឍសង្គមគ្រួសារ ក៏ដូចជាប្រទេសជាតិទាំងមូលឱ្យរីកចម្រើនជឿនលឿន។

បដិវត្តន៍ឧស្សាហកម្ម ៤.០ អាចនឹងប៉ះពាល់ដល់ស្ត្រីច្រើនជាងក្រុមផ្សេងទៀត ដោយសារប្រភេទការងារដែលស្ត្រីកំពុងធ្វើ ឧទាហរណ៍៖ ការងាររោងចក្រកាត់ដេរ អាចនឹងត្រូវជំនួសដោយគ្រឿងយន្តទំនើប ខណៈដែលស្ត្រីមិនទាន់មានជំនាញកម្រិតខ្ពស់ដែលអាចឈានទៅចាប់យកការងារថ្មីទាន់ពេលវេលា។ ដូចនេះ វាជាការចាំបាច់ដែលត្រូវបង្កើនការវិនិយោគលើស្ត្រី ទាំងការអប់រំចំណេះដឹង និងជំនាញវិជ្ជាជីវៈ ក៏ដូចជាការទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព ដើម្បីឱ្យពួកគេអាចចូលរួមយ៉ាងសកម្មក្នុងការងារដែលមានសុវត្ថិភាព និងថ្លៃថ្នូរ។

លោកស្រី ហួត ឃឹម ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌចំការមន និងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន បានលើកឡើងថា៖

«ស្វាមីទាំងអស់ត្រូវជូនភរិយាទៅពិនិត្យសុខភាពនៅជិតទីតាំងរបស់គាត់ ឬជិតផ្ទះរបស់គាត់។ ត្រូវជូនភរិយាទៅពិនិត្យសុខភាពជាច្រើនផ្នែក ដើម្បីឱ្យភរិយាមានសុខភាពល្អ»។

លោកស្រីបានបន្តឱ្យដឹងថា បងប្អូននារីជាធនធានមនុស្សមិនអាចខ្វះបាន ដោយបានបំពេញការងារបម្រើឱ្យសង្គមជាតិ និងគ្រួសារយ៉ាងច្រើន។ ដូច្នេះ ស្ត្រីជាភរិយាចាំបាច់ណាស់ដែលត្រូវការការលើកទឹកចិត្តឱ្យមកពិនិត្យ និងព្យាបាលជំងឺឱ្យបានទៀងទាត់ ដើម្បីចូលរួមលើកកម្ពស់សុខភាពរបស់គាត់។

កិច្ចគាំពារសង្គម គឺជាវិធានការដ៏ចាំបាច់ដែលគ្រប់ប្រទេសទាំងអស់ត្រូវតែមាន ដើម្បីធានាឱ្យបាននូវការកាត់បន្ថយភាពក្រីក្រ គម្លាតសង្គម បង្កើនសុខមាលភាពសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចគាំពារសង្គម គឺជាគោលនយោបាយ កម្មវិធី និងវិធានការដែលគាំពារពលរដ្ឋពេញមួយជីវិតរបស់ពួកគេ ចាប់តាំងពីកើតរហូតដល់បាត់បង់ជីវិត។ ប្រព័ន្ធកិច្ចគាំពារសង្គមអាចជួយដោះស្រាយភាពរងគ្រោះនានា ដែលអាចបណ្តាលមកពីវិបត្តិធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច បរិស្ថាន និងសង្គមជាដើម។

យោងតាមរបាយការណ៍មួយរបស់អង្គការពលកម្មអន្តរជាតិ (ILO) នាពេលថ្មីៗនេះ កម្ពុជាជាប្រទេសមួយដែលមានកម្លាំងពលកម្មក្រៅប្រព័ន្ធច្រើនជាងគេបំផុតក្នុងតំបន់ ដោយមានចំនួនដល់ទៅ ៩៣.១% (រាប់បញ្ចូលទាំងកម្មករធ្វើការក្នុងវិស័យកសិកម្ម)។ ជាងពាក់កណ្តាលនៃកម្មករទាំងនេះគឺជាស្ត្រី។ កាន់តែជាក់ស្តែងជាងនេះទៅទៀត គឺស្ត្រី ៧នាក់ ក្នុងចំណោមស្ត្រី ១០នាក់ ប្រកបការងារដែលមានលក្ខណៈងាយរងគ្រោះ។ កាន់តែធ្ងន់ធ្ងរជាងនេះ ស្ត្រីក្នុងក្រុមអាយុពី ២៤ ដល់ ៣៥ឆ្នាំ មានភាពងាយរងគ្រោះក្នុងភាពក្រីក្រខ្លាំងជាងបុរស ដែលវ័យនេះជាវ័យពេញកម្លាំងពលកម្ម និងជាវ័យបន្តពូជ។

ជាទូទៅ ស្ត្រីនៅទូទាំងពិភពលោកត្រូវទទួលបន្ទុកការងារថែទាំគ្រួសារ ដែលជាការងារគ្មានកម្រៃ។ ស្ត្រីចំណាយពេលជាមធ្យមច្រើនជាងបុរស ២ម៉ោងបន្ថែមទៀតក្នុងមួយថ្ងៃ លើទំនួលខុសត្រូវថែទាំគ្រួសារ។ ទំនួលខុសត្រូវទាំងនេះមានចាប់តាំងពីការថែទាំកុមារតូចៗ ឬសាច់ញាតិដែលមានជំងឺ រហូតដល់ការទៅដងទឹក និងធ្វើម្ហូបអាហារសម្រាប់គ្រួសារ។ យ៉ាងណាមិញ ចំនួនម៉ោងដែលស្ត្រីនៅក្នុងប្រទេសកម្ពុជាប្រើប្រាស់លើទំនួលខុសត្រូវថែទាំគ្រួសារដោយគ្មានប្រាក់ឈ្នួលនេះ នៅតែត្រូវការការស្រាវជ្រាវបន្ថែម។

តាមកាកបាទក្រហមកម្ពុជា ការទទួលស្គាល់ការងារថែទាំគ្រួសារ និងការបង្កើនការវិនិយោគលើសេវាថែទាំគ្រួសារ គឺមានសារសំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ លើកកម្ពស់ភាពអង់អាចរបស់ស្ត្រី និងការអភិវឌ្ឍសេដ្ឋកិច្ច។ ការសិក្សាថ្មីមួយបានរកឃើញថា ថវិកាសាធារណៈ ១ដុល្លារ ដែលវិនិយោគលើវិស័យសេវាថែទាំគ្រួសារ អាចបង្កើតការងារបានច្រើនជាង ១ដុល្លារ ដែលវិនិយោគលើឧស្សាហកម្មសំណង់រហូតដល់ ២.៥ដង។

ប្រសិនបើសេវាថែទាំគ្រួសារត្រូវបានចែករំលែក ឬកាត់បន្ថយពីបន្ទុកគ្រួសារទៅជាការទទួលខុសត្រូវរបស់សហគមន៍ និងរដ្ឋ ហើយកាត់បន្ថយពីបន្ទុកការងាររបស់ស្ត្រីទៅជាការទទួលខុសត្រូវទាំងបុរសនិងស្ត្រី នោះនឹងធ្វើឱ្យស្ត្រីមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមយ៉ាងពេញលេញក្នុងទីផ្សារពលកម្ម ទទួលបានប្រាក់ចំណូលសមស្រប មានការងារថ្លៃថ្នូរ ក៏ដូចជាផ្លាស់ប្តូរតួនាទីយេនឌ័រនៅក្នុងគ្រួសារ និងសង្គម។ ម្យ៉ាងទៀត សេវាថែទាំគ្រួសារក៏អាចបង្កើតការងារបានយ៉ាងច្រើនផងដែរ៕

 

Daily Program

Livesteam thumbnail
khmer popup image