ដំណាំធម្មជាតិក្បែរផ្ទះ៖ ដំណោះស្រាយសុខភាព និងសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋ

បន្លែស្រស់ៗដែលដាក់លក់នៅលើទីផ្សារសព្វថ្ងៃ ភាគច្រើនរងការសង្ស័យថាមានបន្សល់ទុកនូវសារធាតុគីមី ដែលបាននិងកំពុងក្លាយជាកង្វល់យ៉ាងធ្ងន់ធ្ងរសម្រាប់ប្រជាពលរដ្ឋអ្នកបរិភោគ។ ដើម្បីឆ្លើយតបនឹងកង្វល់សុខភាពនេះ ប្រជាពលរដ្ឋមួយចំនួនបានប្រែក្លាយកង្វល់ឱ្យទៅជាឱកាស ដោយងាកមកដាំបន្លែធម្មជាតិនៅក្បែរផ្ទះសម្រាប់ហូបខ្លួនឯងផង និងលក់បង្កើនប្រាក់ចំណូលបន្ថែមក្នុងគ្រួសារផង។

រស់នៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ អ្នកស្រី សុខ អេងលី បានចែករំលែកពីមូលហេតុដែលនាំឱ្យអ្នកស្រីចាប់ផ្តើមដាំបន្លែផ្ទាល់ដៃថា៖ «ខ្ញុំចង់ដាំបន្លែខ្លួនឯង ព្រោះបើទិញរបស់គេ គេតែងនិយាយថាដាក់គីមីដើម្បីទុកបានយូរ។ ពេលហូបទៅមិនឆ្ងាញ់ទេ ដូចជាត្រសក់ជាដើម... នៅចម្ការតូចៗទេ តែពេលមកដល់ភ្នំពេញធំៗ។ លឺគេនិយាយអ៊ីចឹង ខ្ញុំមិនចង់ហូប ក៏សម្រេចចិត្តដាំដោយខ្លួនឯង ដើម្បីសុខភាពល្អទាំងខ្ញុំ និងអ្នកហូប។ ហូបខ្លួនឯងផង និងបានលក់ខ្លះផង»។

ការដាំបន្លែមិនមែនជារឿងថ្មីស្រឡាងសម្រាប់អ្នកស្រី អេងលី នោះទេ ដោយសារកន្លងមក អ្នកស្រីធ្លាប់ដាំនៅលើដីទំហំ ១០ ម៉ែត្រ គុណ ២០ ម៉ែត្រ ចម្ងាយប្រមាណ ២០០ ម៉ែត្រពីរដីផ្ទះ។ ទោះបីជាដើមឡើយ ជួបការលំបាកដោយសារខ្វះការថែទាំ និងគ្មានបច្ចេកទេសត្រឹមត្រូវ ប៉ុន្តែបន្ទាប់ពីបានទៅទស្សនកិច្ចនៅកសិដ្ឋានកម្សាន្តផ្សេងៗ និងទទួលបានការចង្អុលបង្ហាញពីអ្នកជំនាញកសិកម្មមក អ្នកស្រីក៏បានផ្លាស់ប្តូរការគិត និងការដាំដុះឱ្យមានប្រសិទ្ធភាពជាងមុន។

ស្រដៀងគ្នានេះដែរ អ្នកស្រី លី មេសា រស់នៅក្នុងសង្កាត់ក្បាលកោះ ក៏បានផ្លាស់ប្តូរទម្លាប់ពីការទិញបន្លែពីផ្សារ មកដាំបន្លែធម្មជាតិដោយខ្លួនឯងផងដែរ។ ទោះជាយ៉ាងណា ការចាប់ផ្តើមដំបូងតែងតែជួបឧបសគ្គ ដោយសារការរំខានពីសត្វល្អិតចង្រៃ និងគុណភាពដី។

អ្នកស្រី លី មេសា បានរៀបរាប់ថា៖ «ទោះបីជាយើងរស់នៅជាប់ទន្លេក៏ដោយ ក៏មិនប្រាកដថាដីល្អអាចដាំបន្លែបាននោះដែរ បើយើងខ្វះការតស៊ូ ដីឥដ្ឋដំមិនបែកផងនោះ។ ដំបូងខ្ញុំគិតថាប្រហែលជាដាំមិនកើតទេ ប៉ុន្តែដោយសារតែខ្ញុំចេះតែព្យាយាមដាក់ជីធម្មជាតិទៅ ក៏ទទួលបានផលល្អ»។

ដើម្បីដោះស្រាយបញ្ហាសត្វល្អិតដោយមិនប្រើប្រាស់ថ្នាំគីមី អ្នកស្រី មេសា បានច្នៃធ្វើថ្នាំសម្លាប់សត្វល្អិតតាមបែបធម្មជាតិដោយខ្លួនឯង ដែលផ្សំចេញពីរមៀត ស្លឹកគ្រៃ និងម្ទេស ដែលជាវិធីសាស្ត្រមិនចំណាយប្រាក់ច្រើន និងមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគឡើយ។ បន្ទាប់ពីខិតខំដាំដុះរយៈពេល ១ ខែពេញ ក្រៅពីបានបន្លែស្រស់ៗសុវត្ថិភាពសម្រាប់ហូបចុកក្នុងគ្រួសារ អ្នកស្រីអាចប្រមូលផលលក់បានប្រាក់ចំណូលបន្ថែមប្រមាណ ២០ ម៉ឺនរៀលក្នុងមួយខែទៀតផង។

អ្នកស្រី លី មេសា បានសម្តែងក្តីសង្ឃឹមថា៖ «បើ យើងមានដីទំនេរ ខ្ញុំចង់ឱ្យនាំគ្នាដាំបន្លែគ្រប់ប្រភេទ មិនថានៅទីតាំងណាក៏អាចដាំបានដែរ កុំទុកដីចោលទទេរ។ យើងអាចដាំបានទាំងអស់ ដូចជា ត្រឡាច ននោង និងបន្លែគ្រប់សព្វ»។

ជាការពិតណាស់ វិស័យកសិកម្មគឺជាសសរទ្រូងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ។ របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ផលិតផលកសិកម្មបានចូលរួមចំណែករហូតដល់ ៣៥% នៃផលិតផលក្នុងស្រុកសរុប (GDP) និងផ្តល់ការងារ ៥៦% នៃទីផ្សារការងារសរុបនៅក្នុងប្រទេស។

ដើម្បីកាត់បន្ថយការនាំចូលបន្លែពីបរទេស រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញល្បឿននៃការដាំដុះបន្លែ និងផ្លែឈើឱ្យបាន ៦ ម៉ឺនតោនក្នុងមួយឆ្នាំ។ កន្លងមក ក្រសួងកសិកម្មបានត្រៀមកញ្ចប់ថវិកាសូមបែងចែកប្រមាណ ៣០ លានដុល្លារ សម្រាប់មន្ទីរកសិកម្មរាជធានី-ខេត្ត ដើម្បីគាំទ្រផ្នែកបច្ចេកទេស ប្រព័ន្ធធារាសាស្ត្រ និងរៀបចំកិច្ចសន្យាប្រមូលទិញបន្លែសុវត្ថិភាពពីប្រជាកសិករ។

ការផ្តើមចេញពីការដាំដំណាំធម្មជាតិក្បែរផ្ទះក្នុងលក្ខណៈគ្រួសារតូចតាចរបស់អ្នកស្រី សុខ អេងលី និងអ្នកស្រី លី មេសា មិនត្រឹមតែជាគំរូដ៏ល្អក្នុងការធានាសុខភាពគ្រួសារ និងកាត់បន្ថយចំណាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាភាគរយដ៏សំខាន់មួយក្នុងការចូលរួមចំណែកលើកស្ទួយផលិតផលកសិកម្មក្នុងស្រុក និងកាត់បន្ថយការនាំចូលបន្លែមានសារធាតុគីមីពីក្រៅប្រទេសផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាត្រូវការបន្លែប្រមាណពី ២០០ ទៅ ៤០០ តោនក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ដែលជាហេតុធ្វើឱ្យកម្ពុសត្រូវនាំចូលបន្លែយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រទេសជិតខាងដូចជា ថៃ និងវៀតណាម ក្នុងទំហំទឹកប្រាក់ជាង ២០០ លានដុល្លារក្នុងមួយឆ្នាំៗ។ អ្វីដែលគួរឱ្យបារម្ភនោះគឺ ទាំងបន្លែនាំចូល និងបន្លែផលិតក្នុងស្រុកមួយចំនួន ត្រូវបានគេប៉ាន់ប្រមាណថាជិត ៥០% មានការប្រើប្រាស់សារធាតុគីមី បង្កជាភ័យខ្លាចដល់អ្នកបរិភោគចំពោះផលប៉ះពាល់សុខភាពរយៈពេលវែង៕

 

 

Daily Program

Livesteam thumbnail