ចន្ត្រាហ្គូពតា ម៉ូរីយ៉ា ស្ថាបនិកនៃចក្រភពម៉ូរីយ៉ា ឥណ្ឌាបុរាណ

ចន្ត្រាហ្គូពតា ម៉ូរីយ៉ា ប្រសូតនៅប្រមាណឆ្នាំ៣៤០ មុនគ្រិស្តសករាជ និងសោយទីវង្គត​នៅ ឆ្នាំ ២៩៧ មុនគ្រិស្តសករាជ។ ព្រះអង្គគឺជាស្ថាបនិក និងជាមេដឹកនាំទី១នៃចក្រភព ម៉ូរីយ៉ា ដែល​ជាប្រទេសឥណ្ឌាបុរាណ។

អ្នក​ប្រវត្តិសាស្រ្តដឹងរឿងមិនសូវច្រើនអំពីព្រះបាទចន្ត្រាហ្គូពតា ម៉ូរីយ៉ា ដែលប្រហែលជាអាច​​ប្រសូត​ចេញពីវណ្ណៈក្រោម។ ប្រភពខ្លះចង់ជឿថា ព្រះអង្គត្រូវបានចិញ្ចឹមបីបាច់ថែរក្សាដោយ​អ្នកចិញ្ចឹមក្ងោក។ អ្នកខ្លះថា ព្រះអង្គគឺជាបុត្ររបស់ព្រះអង្គម្ចាស់នៃចក្រភព ណាន់ដា មុន និង​មាតា​អ្នកបម្រើប្រាសាទដែលមានឈ្មោះថា មូរ៉ា។

ការឈ្លានពានរបស់ព្រះបាទអាឡិកហ្ស៉ង់ឌើ ឌឹ ហ្គ្រេត នៃនគរម៉ាសេដូនីក្រិក មកដល់រដ្ឋ​ពេនចាប និង​តាមបណ្តោយដងទន្លេឥណ្ឌូស បានធ្វើឲ្យឥណ្ឌាយល់អំពីភាពចាំបាច់​ក្នុងការ​អភិវឌ្ឍ​រដ្ឋ​មជ្ឈការ។ ដោយទទួលឥទ្ធិពលពីមន្រ្តីព្រះអង្គ នាម ចាណាយ៉ា និងជាអ្នកនិពន្ធ​ស្នាដៃ​​យុទ្ធសាស្រ្ត​ជាភាសាសំស្ក្រឹត និងជាមួយជំនួយការរបស់ខ្លួន ចន្ត្រាហ្គូពតា ម៉ូរីយ៉ា បាន​ផ្តួល​​រំលំ​ស្តេច​ចុងក្រោយ​នៃចក្រភពណាន់ដានៅនគរម៉ាហ្គាដា។ ព្រះបាទចន្ត្រាហ្គូពតា ម៉ូរីយ៉ា បាន​​​មក​តាំង​រាជធានី នៅប៉ាតាលីពូត្រា និងពង្រីកអំណាចទៅភាគ​ខាងជើងនៃប្រទេស​ឥណ្ឌា។

បន្ទាប់មក ព្រះអង្គបែរការយកចិត្តទុកដាក់លើភាគពាយព្យនៃប្រទេស។ ព្រះអង្គ​បាន​បណ្តេញ​កងទ័ព​អាឡិកហ្ស៉ងឌើ។ នៅពេលនោះព្រះអង្គបានបង្កើតអង្គភាពទ័ព​ម៉ាសេដូនី ដែល​ស្ថិត​នៅ​រដ្ឋពេនចាបបន្ទាប់ពីការចាកចេញរបស់អាឡិកហ្ស៉ង់ឌើ។ ព្រះ​ជ្រើសរើស​ពួកគេបណ្តុះ​បណ្តាល​នៅកន្លែង ហើយជារឿយៗ​ ទាហានក្រិកបាន​រៀបការ​ជាមួយ​ជនជាតិដើម។  

ព្រះបាទចន្ត្រាហ្គូពតា ម៉ូរីយ៉ា បន្តពង្រីកទឹកដី និងដណ្តើមយកទឹកដីនៃច្រាំងខាងឆ្វេងភាគ​ខាង​កើតនៃទន្លេឥណ្ឌូស បង្រ្កាបនគរតាស៊ីឡេស មុនពេលព្រះអង្គបែរមកភាគខាងត្បូងធ្វើឲ្យផ្នែក​ដ៏​ធំនៃប្រទេសឥណ្ឌាកណ្តាលសព្វថ្ងៃចុះចាញ់។

នៅឆ្នាំ៣០៥ មុនគ្រិស្តសករាជ ព្រះបាទចន្ត្រាហ្គូពតា ម៉ូរីយ៉ា បានទៅកាន់ដែនដីនៅ​ភាគ​ខាង​ពាយព្យ​របស់ខ្លួន ដោយសារតែស្តេចសេឡឺកូសនៃចក្រភពម៉ាសេដូនីចេញពីរាជធានីបាប៊ីឡូន មកគំរាម​កំហែង​ព្រំដែនទន្លេឥណ្ឌូស ចាប់តាំងពីឆ្នាំ៣០៨ មុនគ្រិស្ករាជ។ ចេញពីសង្រ្គាម​ប្រឆាំង​​សេឡឺកូស ព្រះបាទចន្ត្រាហ្គូពតា ម៉ូរីយ៉ា បានបញ្ឈប់ការរុលទៅមុខរបស់ចក្រភព​ម៉ាសេដូនី ដណ្តើម​បាន​ទឹកដីច្រាំងខាងស្តាំភាគខាងលិចនៃទន្លេឥណ្ឌូស ហើយរុញច្រាន​ព្រំដែន​របស់​ខ្លួន​ភាគ​ខាងលិចឲ្យទៅកាន់តែឆ្ងាយក្នុងភាគពាយព្យ ដែលសព្វថ្ងៃ​នេះគឺជា​ប្រទេស​ប៉ាគីស្ថាន និង​អាហ្វហ្គាសនីស្ថាន។  នៅប្រមាណឆ្នាំ៣០៣ នៃគ្រិស្តសករាជ ក្សត្រ​ទាំង​ពីរ​បានឈានដល់​កិច្ច​ព្រមព្រៀងមួយ ក្នុងនោះ សេឡឺកូស បានដោះដូរទឹកដីរបស់ខ្លួន​ជាមួយ​នឹងដំរីចម្បាំង ៥០០​ក្បាល ពីព្រះអង្គចន្ត្រាហ្គូពតា ម៉ូរីយ៉ា។

សម្ព័ន្ធមិត្តក៏ត្រូវបានបញ្ជាក់តាមរយៈពិធីរៀបអភិសេករវាងអធិរាជចក្រភពម៉ូរីយ៉ា និងបុត្រីម្នាក់​នៃនគរឌីយ៉ាដូក។ សេឡឺកូស ក៏បានបញ្ជូនអគ្គរាជទូតរបស់ខ្លួន មកស្នាក់នៅប្រាសាទ​នៃ​រាជការ​ម៉ូរីយ៉ា នៅរាជធានី ប៉ាតាលីពូត្រា ហើយគាត់បាននាំយករូបគំនូរមួយផ្ទាំងអំពីជីវភាព​រស់​នៅនាសម័យនោះសល់ដល់សព្វថ្ងៃ។

បន្ទាប់ពីសម្ព័ន្ធមិត្តនេះ កេរ្តិ៍ឈ្មោះរបស់ចន្ត្រាហ្គូពតា ម៉ូរីយ៉ា បានល្បីល្បាញនៅក្នុងពិភពក្រិក​បុរាណ ដែលចក្រភពម៉ូរីយ៉ាត្រូវបានទទួលស្គាល់ថាជាមហាអំណាចមួយយ៉ាងសំខាន់។

នៅដំណាក់កាលចុងក្រោយនៃជីវិត នៅប្រមាណឆ្នាំ២៩៨ មុនគ្រិស្តសករាជ ព្រះ​បាទ​ចន្ត្រា​ហ្គូពតា ម៉ូរីយ៉ា បានដាក់រាជ្យ។

ព្រះអង្គប៊ីនឌូសារ៉ា ដែលជាបុត្រនៃព្រះបាទចន្ត្រាហ្គូពតា ម៉ូរីយ៉ា បានស្នងរាជ្យបន្ត ដែល​បាន​​ទទួលមរតកពីចក្រភពមួយដែលរួមមានតំបន់ជាច្រើន មានតំបន់ ហ៊ីនឌូ គូស្ហ ម៉ាល់វ៉ា មីសូរ៉េ ប៊ីហា បេនហ្គាល់ អូរីសា អាសាម បាលូជីស្តាន និងអាហ្វហ្គាសនីស្ថានផងដែរ។

 

Daily Program

Livesteam thumbnail