ដេសម៉ុង ទូទូ ៖ វីរបុរសសន្តិភាព​ដែលផ្លាស់ប្តូរ​មុខមាត់​ប្រទេស​អាហ្វ្រិកខាងត្បូង

ចេញពីក្មេងប្រុសស្រុកស្រែដែលកើតនៅទីក្រុង ក្លែកស្តូប (Klerksdorp) ប្រទេស​អាហ្វ្រិក​ខាង​ត្បូង នាថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៣១ លោកដេសម៉ុង ទូទូ (Desmond Tutu) បាន​តស៊ូ​រហូត​ក្លាយ​​ជាមេដឹកនាំសាសនាគ្រីស្តអង់គ្លីកេនថ្នាក់ខ្ពស់ និងជាសកម្មជនសិទ្ធិមនុស្សដ៏មាន​ឥទ្ធិពល​​បំផុត​មួយរូបក្នុងប្រវត្តិសាស្ត្រពិភពលោក។ លោកត្រូវបានគេស្គាល់ថាជា វីរជននៃ​សន្តិភាពមួយរូប ដោយសារការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងអយុត្តិធម៌ និងការប្រកាន់ពូជសាសន៍ ដោយការ​មិន​ប្រើអំពើហិង្សា។

លោកដេសម៉ុង ទូទូ បានចាប់ផ្តើមជីវិតការងារជាគ្រូបង្រៀននៅវិទ្យាល័យចូហាននេស បានទូ (Johannesburg Bantou) ពីឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៥៤ បន្ទាប់ពីបញ្ចប់ការសិក្សានៅទីក្រុង​ចូហាននេសស្បួហ្ស៍។ ទោះជាយ៉ាងណា បំណងប្រាថ្នាក្នុងការជួយសង្គមបានទាញ​រូបលោក​ឲ្យ​ឈានជើងចូលវិស័យសាសនាវិញ ដោយលោកបានសិក្សាទស្សនវិជ្ជាសាសនា និងបាន​ក្លាយ​ជាបូជាចារ្យក្នុងឆ្នាំ១៩៦១ ក្នុងអាយុ ៣០ឆ្នាំ។ លោកបានកាន់តំណែងជា​អភិបាល​នៅ​ប្រទេសឡេសូថូ ពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៨ និងក្រោយមកជាលេខាធិការទូទៅ​នៃក្រុម​ប្រឹក្សា​សាសនាគ្រិស្តអាហ្វ្រិកខាងត្បូង ពីឆ្នាំ១៩៧៨ ដល់ឆ្នាំ១៩៨៥។ នេះ​ជាវេទិកា​ដ៏​សំខាន់​សម្រាប់លោកក្នុងការតម្លើងសំឡេងប្រឆាំងយ៉ាងដាច់អហង្ការនឹងប្រព័ន្ធរើសអើងជាតិសាសន៍ដ៏ឃោរឃៅ ហៅថា «អាប៉ាកថេដ» (Apartheid)។

ក្នុងនាមជាអ្នកប្រកាន់ខ្ជាប់ទស្សនវិជ្ជា «អ៊ូប៊ុនទូ» (Ubuntu) នៃភាពជាបងប្អូន និងការផ្សះផ្សា លោកដេសម៉ុង ទូទូ តែងតែប្រកាសសារដំណឹងល្អស្តីពីសន្តិភាព និងអហិង្សា។ លោក​មិន​ត្រឹម​​តែរិះគន់រដ្ឋាភិបាលអាប៉ាកថេដស្បែកសប៉ុណ្ណោះទេ ប៉ុន្តែលោកក៏បានរិះគន់ជនជាតិ​ស្បែក​ខ្មៅណាដែលទាមទារការសងសឹកដោយអំពើហិង្សាផងដែរ ព្រោះលោកជឿជាក់​យ៉ាង​មុតមាំ​ថា «សន្តិភាព និងការយោគយល់គ្នា គឺជាផ្លូវតែមួយគត់សម្រាប់មនុស្សជាតិ»។ ដោយសារ​បេសកកម្មសន្តិវិធីដ៏អស្ចារ្យនេះ លោកត្រូវបានផ្តល់ជូននូវពានរង្វាន់ណូបែល​សន្តិភាព នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៨៤។

លោកដេសម៉ុង ទូទូ មានភាពជាមិត្តជិតស្និទ្ធជាមួយលោក ណេលសុន មេនដឺឡា។ លោកក៏​ទទួល​តំណែង​ជាប្រធាន «គណៈកម្មាធិការនៃការពិត និងការផ្សះផ្សារ» ដើម្បីស៊ើបអង្កេត និង​លាត​ត្រដាងអំពីឧក្រិដ្ឋកម្មនយោបាយ និងអំពើហិង្សាដែលបានកើតឡើងក្នុង​សម័យ ប្រកាន់ពូជសាសន៍​​អាប៉ាកថេដ ទាំងឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរដ្ឋាភិបាល និងអំពើហិង្សា​ដែល​កើតចេញពីចលនាតស៊ូរំដោះជាតិផង។

ឥទ្ធិពលរបស់លោកមិនបានឈប់ត្រឹមព្រំដែនអាហ្វ្រិកខាងត្បូងឡើយ។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០៧ លោកបានរួមដៃជាមួយមហាសេដ្ឋីពាន់លាន លោករីឆាត ប្រានស៊ុន តន្ត្រីករល្បី លោកភីតធើ ហ្គាប្រ៊ីយែល និងលោកស្រីហ្គ្រាសា ម៉ាជែ ក្នុងការបង្កើតជំនួបកំពូល​នៅ​ទីក្រុង​ចូហាននេសស្បួហ្ស៍ ដើម្បីប្រមូលផ្តុំមេដឹកនាំពិភពលោកដោះស្រាយវិបត្តិសកល។ បន្ថែមពី​នេះ លោកក៏ជាសកម្មជនជួរមុខក្នុងចលនាយុត្តិធម៌អាកាសធាតុផងដែរ ដោយលោកបាន​ដឹកនាំ​​ធ្វើអភិបូជាសម្រាប់អាកាសធាតុនៅកិច្ចប្រជុំកំពូលទីក្រុងកូពេនហាក ប្រទេស​ដាណឺម៉ាក នៅឆ្នាំ២០០៩ និងបានសរសេរអត្ថបទដ៏ផ្ទុះល្បីដាក់សារព័ត៌មានអង់គ្លេស ឌឹ ហ្គាកឌៀន (The Guardian) នៅឆ្នាំ២០១៤ ក្រោមចំណងជើងថា «ដើម្បីការពារអាកាសធាតុ គេត្រូវធ្វើពហិការលើក្រុមហ៊ុនឥន្ធនៈផូស៊ីល»។

លោក ដេសម៉ុង ទូទូ បានលាចាកលោកជារៀងរហូតនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ក្នុងអាយុ ៩០ឆ្នាំ នៅទីក្រុងខេបថោន (Cape Town) ប្រទេសអាហ្វ្រិកខាងត្បូង។ មរណភាពរបស់ លោក​បានធ្វើឲ្យពិភពលោកកាន់ទុក្ខយ៉ាងក្រៀមក្រំ។

 

Daily Program

Livesteam thumbnail
khmer popup image