មិនត្រឹមតែជិតអស់ទឹកភ្លៀងទេ! គឺឈានចូលដល់បាតុភូតអែលនីញ៉ូ ១០០ ភាគរយទៀត

បងប្អូនអើយ! ស្ថានភាពអាកាសធាតុចាប់ពីចុងខែតុលានេះតទៅ រដូវវស្សានឹងត្រូវបញ្ចប់។ មិនតែប៉ុណ្ណោះ កម្ពុជាស្ថិតនៅក្នុងតំបន់រងឥទ្ធិពលពីបាតុភូតអែលនីញ៉ូ (El Niño) ពេញទំហឹងរហូតដល់កម្រិត ១០០ ភាគរយតែម្តង។ ដូច្នេះ ចូរប្រុងប្រយ័ត្នខ្ពស់ និងកុំខ្ជះខ្ជាយក្នុងការប្រើប្រាស់ទឹក។

យោងតាមសេចក្តីជូនដំណឹងជាផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១០ ខែតុលា បានឱ្យដឹងថា ដោយសារការវិវត្តប្រែប្រួលនៃសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច មហាសមុទ្រឥណ្ឌា និងតំបន់អេក្វាទ័រ រួមផ្សំនឹងប្រព័ន្ធសម្ពាធបរិយាកាស ការប្រែប្រួលទិសដៅខ្យល់មូសុងនិរតី ការថយចុះនៃរបបពពកទឹកភ្លៀង និងការកើនឡើងឥទ្ធិពលខ្យល់មូសុងឦសាន បានធ្វើឱ្យបរិមាណទឹកភ្លៀងធ្លាក់ចុះជាបន្តបន្ទាប់។ រដូវវស្សាប្រចាំឆ្នាំ២០២៦ នឹងត្រូវបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលានេះ ហើយបាតុភូតអែលនីញ៉ូ នឹងស្ថិតក្នុងកម្រិតដល់ទៅ ១០០ ភាគរយ រហូតដល់ខែកុម្ភៈ ឆ្នាំក្រោយ។

ក្នុងស្ថានភាពអាកាសធាតុបែបនេះ ខ្យល់មូសុងឦសាននឹងនាំមកនូវបរិមាណទឹកភ្លៀងកម្រិតខ្សោយ លាយឡំដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងបាតុភូតអាកាសធាតុមួយចំនួនទៀត នៅតាមតំបន់មួយចំនួននៃប្រទេសកម្ពុជា។

ក្រសួងបានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃ និងចូលរួមថែរក្សាប្រភពទឹកទុកសម្រាប់រដូវប្រាំងខាងមុខ ដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់។

កន្លងមក យើងធ្លាប់បានចែករំលែកជាបន្តបន្ទាប់រួចមកហើយថា មិនត្រឹមតែក្រសួងធនធានទឹកប៉ុណ្ណោះទេដែលបានចេញការព្រមាន សូម្បីតែស្ថាប័នអន្តរជាតិធំៗ ដូចជា អង្គការឧតុនិយមពិភពលោក (WMO) និងបណ្តាញសារព័ត៌មានអន្តរជាតិល្បីៗ ក៏បានផ្សព្វផ្សាយពីបញ្ហានេះជាបន្តបន្ទាប់ដែរ។

ជាទូទៅ តាមទម្លាប់ធម្មជាតិ ដំណក់ទឹកភ្លៀងនៅកម្ពុជាច្រើនតែផុតរលត់ក្រោយពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បញ្ចប់។ ប៉ុន្តែទោះជាយ៉ាងណា ស្របពេលមានការព្រមានជាមុនបែបនេះ យើងចាំបាច់ត្រូវតែយកចិត្តទុកដាក់ និងលើកកម្ពស់ការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋដែលមានភាពម្ចាស់ការ។

ស្ថិតក្រោមសម្ពាធអាកាសធាតុនេះ ក្រៅពីការសន្សំសំចៃទឹក យើងត្រូវគិតគូរពីសុខភាពផ្ទាល់ខ្លួន និងមនុស្សជុំវិញខ្លួនផងដែរ ជាពិសេសមនុស្សចាស់ និងកុមារតូចៗ។ ពេលចេញទៅណាមកណា ត្រូវការពារស្បែក និងប្រព័ន្ធដង្ហើម ព្រោះបរិយាកាសស្ងួតក្តៅអាចបង្កជាធូលីហុយខ្លាំង និងកម្តៅថ្ងៃខ្លាំងរលាកស្បែក។

បាតុភូតនេះ បើក្តៅគឺក្តៅខ្លាំងរហូតរាំងស្ងួត ប៉ុន្តែបើកន្លែងដែលមានភ្លៀងធ្លាក់វិញ គឺភ្លៀងខ្លាំងគំហុកដែលអាចបង្កជាទឹកជំនន់លិចលង់ភ្លាមៗ ហើយបាតុភូតផ្គររន្ទះក៏កាចសាហាវខ្លាំងណាស់ដែរ។

សរុបមក ការព្យាករអាកាសធាតុដែលបង្ហាញពីការបញ្ចប់រដូវវស្សាមុនកាលកំណត់ និងការរងឥទ្ធិពលពីបាតុភូតអែលនីញ៉ូ អាចបង្កឱ្យកម្ពុជាប្រឈមនឹងអាកាសធាតុក្តៅ ភាពរាំងស្ងួត កង្វះខាតទឹក និងគ្រោះធម្មជាតិមួយចំនួន ដូចជា ភ្លៀងធ្លាក់គំហុក ជំនន់ទឹកភ្លៀង និងផ្គររន្ទះ។ ដូច្នេះ ប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួមសន្សំសំចៃទឹក ថែរក្សាប្រភពទឹក ការពារសុខភាព និងតាមដានព័ត៌មានផ្លូវការពីអាជ្ញាធរជាប់ជាប្រចាំ ដើម្បីត្រៀមខ្លួនបង្ការហានិភ័យ និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។

 

Daily Program

Livesteam thumbnail
khmer popup image