នៅពេល​អ្នកសារព័ត៌មាន​ចូលជ្រៅទៅក្នុង​គម្ពីរ

បន្ទាប់ពីបានចំណាយពេលជាងបីទសវត្សរ៍នៅក្នុងការិយាល័យនិពន្ធព័ត៌មាន ខ្ញុំបានរៀនសូត្រនូវសេចក្តីពិតមួយ៖ គ្មានរឿងរ៉ាវណាមួយដែលអាចផ្ទុកនូវអ្វីៗគ្រប់យ៉ាងនោះទេ។ អ្នកអាចសម្ភាសសាក្សីដប់នាក់អំពីព្រឹត្តិការណ៍តែមួយ ប៉ុន្តែអ្នកនឹងទទួលបានរឿងរ៉ាវដប់បែបផ្សេងគ្នា។

ម្នាក់ចងចាំពណ៌រថយន្ត ម្នាក់ទៀតចងចាំសំឡេងស្រែក។ អ្នកទីបីអះអាងថាជនសង្ស័យរត់ទៅឆ្វេង ឯអ្នកទីបួនស្បថថាគេរត់ទៅស្តាំ។ ហើយជារឿយៗ មានអ្នកខ្លះចងចាំអ្វីដែលរំភើបអស្ចារ្យ រហូតដល់អ្នកឆ្ងល់ថា តើគេពិតជាបានស្ថិតនៅក្នុងព្រឹត្តិការណ៍នោះដែរឬទេ។

ក្នុងនាមជាអ្នកយកព័ត៌មាន អ្នកត្រូវស្តាប់ ផ្ទៀងផ្ទាត់ កាត់ត តម្រូវ និងចុងក្រោយគឺ — ការជ្រើសរើស។ ការជ្រើសរើសមិនមែនជាការបោកប្រាស់នោះទេ ប៉ុន្តែវាគឺជាការរៀបចំដោយការពិចារណាដិតដល់។

មេរៀននេះបានដក់ជាប់ក្នុងចិត្តខ្ញុំ ជាពិសេសនៅពេលមានគេនិយាយដោយមោទនភាពថា៖ «ព្រះគម្ពីរពោរពេញដោយភាពផ្ទុយគ្នា»។ ខ្ញុំតែងតែញញឹម។ មិនមែនញញឹមបែបមើលងាយទេ ប៉ុន្តែញញឹមបែបយល់សេចក្តី ព្រោះខ្ញុំបានចំណាយពេលពេញមួយជីវិតការងារជាមួយការនិទានរឿង។

យូដាស (Judas) សាក្សី និងការរៀបចំសាច់រឿង

សូមលើកយកករណី យូដាស អ៊ីស្ការីយ៉ុត (Judas Iscariot)។

ម៉ាថាយបានសរសេរថា យូដាសមានវិប្បដិសារីយ៉ាងខ្លាំង ក៏យកប្រាក់សាមសិបកាក់ទៅសងវិញ ហើយ «ទៅចងកសម្លាប់ខ្លួន»។ ប៉ុន្តែក្នុងគម្ពីរកិច្ចការ ប្រាប់យើងថា គេបានធ្លាក់មកផ្កាប់មុខ បែកពោះវៀនហូរចេញមកក្រៅ នៅក្នុងវាលមួយដែលក្រោយមកគេហៅថា «វាលឈាម»។ អ្នករិះគន់និយាយថា៖ វាជាភាពផ្ទុយគ្នា។

ចំណែកអ្នកកាសែតជើងចាស់ដូចជារូបខ្ញុំនិយាយថា៖ វាគឺជា ទស្សនៈ (Perspective)

ប្រសិនបើខ្ញុំជាអ្នកចុះយកព័ត៌មាននោះ ប្រភពមួយអាចនឹងប្រាប់ថា «គាត់ចងកសម្លាប់ខ្លួន»។ ប្រភពមួយទៀតអាចនឹងពណ៌នាអំពីសាកសពដែលគេបានរកឃើញនៅក្នុងវាល។ ភារកិច្ចរបស់ខ្ញុំមិនមែនជាការភ័យស្លន់ស្លោឡើយ ប៉ុន្តែគឺការវែកញែកថា៖ តើមានអ្វីកើតឡើង ហើយជ្រុងណានៃសាច់រឿងដែលបម្រើឱ្យគោលបំណងនៃសំណេរនេះ?

ម៉ាថាយសង្កត់ធ្ងន់លើវិប្បដិសារី និងការសម្រេចតាមទំនាយ។ លូកា (ក្នុងគម្ពីរកិច្ចការ) សង្កត់ធ្ងន់លើលទ្ធផល និងការចងចាំរបស់សាធារណជន។ ការរៀបចំសាច់រឿងខុសគ្នា ប៉ុន្តែលទ្ធផលចុងក្រោយនៃសោកនាដកម្មគឺតែមួយ។

នៅក្នុងការិយាល័យនិពន្ធ យើងធ្វើបែបនេះគ្រប់ពេល។ កាសែតមួយសរសេរសង្កត់ធ្ងន់លើអារម្មណ៍។ កាសែតមួយទៀតសង្កត់ធ្ងន់លើទិដ្ឋភាពច្បាប់។ អ្នកទីបីសង្កត់ធ្ងន់លើផលប៉ះពាល់នយោបាយ។ តើអ្នកសរសេរទាំងនោះកុហកឬ? ទេ! តើសាច់រឿងពួកគេដូចគ្នាទាំងស្រុងឬ? ក៏មិនមែន​ដែរ!

តាមពិតទៅ ភាពដូចគ្នាខ្លាំងពេកទៅវិញទេ ដែលជួនកាលបង្កជាការសង្ស័យខ្លាំងជាងភាពខុសគ្នា។

រឿងរ៉ាវនៃកំណើត​ពិភព​លោក៖ ផ្ទាំងគំនូរដ៏ធំតែមួយ

បន្ទាប់មកទៀត គឺទំព័រដំបូងនៃគម្ពីរកំណើតពិភពលោក​​។ កំណើតពិភពលោក​ជំពូក១ បង្ហាញយើងអំពីការបង្កើតក្នុងរយៈពេល៦ថ្ងៃយ៉ាងមានរបៀបរៀបរយ មនុស្សប្រុសនិងស្រីត្រូវបានបង្កើតមកជាមួយគ្នានៅថ្ងៃទី៦។ សំនៀងនៃសំណេរគឺអស្ចារ្យ មានរចនាសម្ព័ន្ធ និងបែបពិធីបុណ្យ។ ព្រះជាម្ចាស់ត្រូវបានហៅថា អេឡូហ៊ីម (Elohim)។

កំណើតពិភពលោក​ជំពូក២ ដំណើររឿងមានភាពយឺតជាង។ បុរសម្នាក់ត្រូវបានបង្កើតពីធូលីដី។ សួនច្បារត្រូវបានដាំដុះ។ សត្វទាំងឡាយត្រូវបាននាំមកកាត់មុខគាត់។ ស្ត្រីត្រូវបានបង្កើតចេញពីឆ្អឹងជំនីររបស់គាត់។ ព្រះនាមរបស់ព្រះជាម្ចាស់កាន់តែមានលក្ខណៈផ្ទាល់ខ្លួនគឺ៖ ព្រះយេហូវ៉ា អេឡូហ៊ីម (Yahweh Elohim)។

លំដាប់លំដោយខុសគ្នា សំនៀងខុសគ្នា សូម្បីតែវាក្យសព្ទក៏ខុសគ្នា។

តើនេះជាភាពផ្ទុយគ្នាឬ? ឬក៏ជាការមើលតាមកញ្ចក់ឡេន (Lens) ពីរផ្សេងគ្នា? មួយមើលពីចម្ងាយក្នុងមុំទូលាយ (Wide-angle) និងមួយទៀតមើលជិត (Close-up)។

ខ្ញុំធ្លាប់សរសេរអត្ថបទបែបនេះដោយខ្លួនឯង គឺដំបូងសរសេរពីទិដ្ឋភាពទូទៅនៃជាតិ បន្ទាប់មកសរសេរផ្ដោតលើរឿងរ៉ាវផ្ទាល់ខ្លួនរបស់មនុស្ស។ ព្រឹត្តិការណ៍តែមួយ ប៉ុន្តែការកំណត់កាមេរ៉ាខុសគ្នា។ អ្នកនិពន្ធសម័យបុរាណមិនមែនមិនដឹងពីអ្វីដែលពួកគេកំពុងធ្វើនោះទេ ពួកគេគឺជាអ្នកនិទានរឿង និងជាអ្នកកត់ត្រាខាងជំនឿដ៏ជំនាញ។

ឆ្នាំដ៏ស្ងប់ស្ងាត់ទាំងដប់ប្រាំបីឆ្នាំរបស់ព្រះយេស៊ូ

សូមពិចារណាអំពី «ដប់ប្រាំបីឆ្នាំដ៏ស្ងប់ស្ងាត់» ដែលបាត់ពីរឿងរ៉ាវជីវិតរបស់ព្រះយេស៊ូ (លូកា ២:៥២)។

យើងត្រូវបានគេប្រាប់អំពីការប្រសូតរបស់ព្រះអង្គ។ យើងឃើញព្រះអង្គនៅព្រះជន្មដប់ពីរវស្សា កំពុងធ្វើឱ្យគ្រូនៅវិហារមានការភ្ញាក់ផ្អើល។ បន្ទាប់មកគឺភាពស្ងប់ស្ងាត់ រហូតដល់ព្រះជន្មប្រហែលសាមសិបវស្សា។

គ្មានភស្តុតាងណាមួយដែលគួរឱ្យជឿជាក់ថា ព្រះយេស៊ូបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាដោយសម្ងាត់ ដើម្បីរៀនសមាធិពីពួកយោគីនោះទេ ទោះបីជាទ្រឹស្តីនោះអាចយកទៅធ្វើជាខ្សែភាពយន្តឯកសារបានយ៉ាងល្អក៏ដោយ។ មិត្តភក្តិជនជាតិចិនម្នាក់ធ្លាប់បានប្រាប់ខ្ញុំដោយចិត្តមុតមាំថា ព្រះយេស៊ូច្បាស់ជាបានទៅភាគខាងកើត ដើម្បីរៀនវិធីព្យាបាលបែប «ឈីកុង» (Qigong) ពីវត្តសៅលិញ ហើយត្រឡប់មកវិញទាន់ពេលដើម្បីចាប់ផ្តើមបង្រៀន និងព្យាបាលមនុស្ស។

មិនថាវាជាការពិតឬយ៉ាងណា វាបានរំលឹកខ្ញុំថា គ្រប់វប្បធម៌តែងតែព្យាយាមបំពេញចន្លោះទំនេរនៃភាពស្ងប់ស្ងាត់ដោយការស្រមើស្រមៃ អត្ថន័យ និងការលេងសើច។

ប៉ុន្តែលោកលូកាបានផ្ដល់ឱ្យយើងត្រឹមតែមួយប្រយោគប៉ុណ្ណោះ៖ «ព្រះយេស៊ូក៏ចម្រើនឡើង មានប្រាជ្ញាឈ្លាសវៃ មានរូបរាងកាយធំឡើង ក៏ជាទីគាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់ និងជាទីពេញចិត្តដល់មនុស្សផង» ខណៈពេលកំពុងរស់នៅជាមួយលោកយ៉ូសែប និងនាងម៉ារី។

នោះគឺជាការសង្ខេបជីវិត ១៨ ឆ្នាំ មកត្រឹមតែមួយបន្ទាត់។

ក្នុងនាមជាអ្នកសរសេរ ខ្ញុំយល់អំពីការបង្រួម (Compression)។ ខ្ញុំធ្លាប់ធ្វើបែបនេះពីមុនមក។ ខ្ញុំធ្លាប់បង្រួមការសម្ភាស ២,០០០ ពាក្យ មកត្រឹមអត្ថបទ ៦០០ ពាក្យ ដោយមិនបាត់បង់ខ្លឹមសារ។ អ្វីដែលត្រូវបានដកចេញ មិនមែនមានន័យថាវាមិនសំខាន់នោះទេ ប៉ុន្តែវាគ្រាន់តែមិនមែនជាចំណុចកណ្តាលនៃសាច់រឿងដែលកំពុងនិទាន។

អានព្រះគម្ពីរ ក៏ត្រូវតែសិក្សាផងដែរ

បន្ទាប់ពីច្រើនឆ្នាំកន្លងមកនេះ ខ្ញុំមានជំនឿថា៖ ព្រះគម្ពីរមិនមែនគ្រាន់តែសម្រាប់អានប៉ុណ្ណោះទេ តែត្រូវតែសិក្សាជាមួយសៀវភៅណែនាំ ការបកស្រាយ និងការវែកញែកឱ្យ​ដិតដល់ ដូចជាអ្នកកាសែតដែលមិនដែលពឹងផ្អែកលើប្រភពតែមួយ ឬសាក្សីតែម្នាក់នោះដែរ។

អ្នកមិនអាចអានចម្លើយសារភាពរបស់សាក្សីម្នាក់ ហើយសន្និដ្ឋានលើរឿងក្ដីទាំងមូលក្នុងតុលាការបានឡើយ។ អ្នកត្រូវផ្ទៀងផ្ទាត់ ពិគ្រោះជាមួយអ្នកជំនាញ ពិនិត្យមើលបរិបទ និងសម្ភាសអ្នកពាក់ព័ន្ធ។ ដូច្នេះ ហេតុអ្វីបានជាយើងផ្ដល់ការយកចិត្តទុកដាក់តិចតួចចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់?

សេចក្តីពិតដ៏សំខាន់ មិនមែនព័ត៌មានលម្អិតដែលហត់នឿយ

ព្រះគម្ពីរមិនមែនជាកំណត់ហេតុដែលចម្លងពាក្យតាមពាក្យពីឋានសួគ៌នោះទេ។ វាគឺជាបណ្ណាល័យនៃសក្ខីកម្ម កំណាព្យ ច្បាប់ ទំនាយ ការថ្ងូរយំ ពង្សាវតា និងសាច់រឿង ដែលត្រូវបានរៀបចំឡើងដោយដៃរបស់មនុស្សដែលបានប៉ះទង្គិចជាមួយការជួបព្រះជាម្ចាស់ ហើយជាការពិតណាស់ គឺត្រូវបានដឹកនាំដោយដង្ហើមរបស់ព្រះអង្គ។

នៅពេលខ្ញុំអានអំពីយូដាស សូល ឬរឿងរ៉ាវបង្កើតលោកទាំងពីរ ឬសូម្បីតែឆ្នាំដ៏ស្ងប់ស្ងាត់នៅភូមិណាសារ៉ែត ខ្ញុំមិនមានអារម្មណ៍តក់ស្លុតចំពោះភាពខុសគ្នានោះទេ។ ខ្ញុំមានអារម្មណ៍ថាត្រូវបានអញ្ជើញឱ្យអានដោយយកចិត្តទុកដាក់ជាងមុន ដើម្បីឈ្វេងយល់ពីចន្លោះរវាងបន្ទាត់ ដែលជាកន្លែងនៃការត្រិះរិះពិចារណា។

ក្នុងពិភពព័ត៌មាន យើងតែងតែនិយាយថា៖ «ចូររាយការណ៍ឱ្យត្រូវតាមរឿងរ៉ាវ ប៉ុន្តែត្រូវចាំថា គ្មានរឿងរ៉ាវណាមួយជារឿងរ៉ាវទាំងមូលនោះទេ»។ កិច្ចបញ្ចប់នៃគម្ពីរយ៉ូហាន (យ៉ូហាន ២១,២៥) ក៏បានបញ្ជាក់ពីចំណុចនេះដែរ ដោយកត់សម្គាល់ថា ព្រះយេស៊ូបានធ្វើការជាច្រើនទៀត ដែលមិន​បាន​កត់ត្រាទុកទាំងអស់នោះឡើយ សូម្បីតែលោកីយ៍នេះក៏គ្មានកន្លែងល្មមនឹងទុកសៀវភៅទាំងនោះបានដែរ។

វាគឺជាការបញ្ជាក់ថា សូម្បីតែការរាយការណ៍ដែលប្រុងប្រយ័ត្នបំផុត មិនថាក្នុងព្រះគម្ពីរ ឬក្នុងព័ត៌មាន ក៏អាចចាប់យកបានត្រឹមតែផ្នែកខ្លះនៃសាច់រឿងទាំងមូលប៉ុណ្ណោះ។

ព្រះគម្ពីរមិនមែនសម្រាប់តែអានប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សិក្សាស្រាវជ្រាវដោយព្យាយាម។ វាគឺសម្រាប់រស់នៅជាមួយការសន្ទនា សាកសួរដោយក្ដីងឿងឆ្ងល់ និងទទួលយកដោយការអត់ធ្មត់ ភាពរីករាយ និងភាពបន្ទាបខ្លួន ដូចជាការទទួលទានស៊ុបមាន់ដ៏កក់ក្តៅសម្រាប់ព្រលឹង — ដែលជួយចិញ្ចឹមបញ្ញា ធ្វើឱ្យបេះដូងកក់ក្តៅ និងរំលឹកយើងថា ជំនឿក៏ដូចជាការនិទានរឿងដ៏ល្អដែរ វាកាន់តែមានតម្លៃនៅពេលដែលយើងយកចិត្តទុកដាក់សិក្សាវាឱ្យកាន់តែដិតដល់៕

Daily Program

Livesteam thumbnail