ឥណ្ឌូនេស៊ីជួបគ្រោះមហន្តរាយ ៖ រញ្ជួយដីខ្លាំងក្លានៅកោះហ្ល៉រ៉េស (Flores) សម្លាប់មនុស្ស ៤០នាក់ និងដាស់ការចងចាំគ្រោះស៊ូណាមី កាលពីឆ្នាំ ១៩៩២
ឥណ្ឌូនេស៊ី ៖ គ្រោះមហន្តរាយធម្មជាតិរញ្ជួយដីដ៏ខ្លាំងក្លាកម្លាំង ៧.៧ រិចទ័រ បានវាយប្រហារ លើកោះហ្ល៉រ៉េស (Flores) ស្ថិតក្នុងខេត្តនូហ្សា តេនហ្គារ៉ាភាគខាងកើត (East Nusa Tenggara) ប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ដែលបានបណ្តាលឱ្យមនុស្ស យ៉ាងតិច ៤០នាក់ស្លាប់ និង ៥០នាក់ផ្សេងទៀតរងរបួស ខណៈដែលប្រជាពលរដ្ឋរាប់ពាន់ នាក់ត្រូវបានបង្ខំចិត្តចាកចេញពីផ្ទះសម្បែងទាំងភ័យស្លន់ស្លោ ដើម្បីគេចពីការព្រមានអំពីហានិភ័យពីរលកយក្សស៊ូណាមិ។
យោងតាមការបញ្ជាក់ពីវិទ្យាស្ថានសិក្សាភូមិសាស្ត្រសហរដ្ឋអាម៉េរិក (USGS) ជម្រៅនៃការ រញ្ជួយដីនេះស្ថិតក្នុងកម្រិតមិនជាជ្រៅប៉ុន្មានឡើយនៅក្នុងដី ដោយមានប្រភពចេញពីតំបន់ភាគខាងជើងនៃកោះហ្ល៉រ៉េស ចម្ងាយប្រមាណ ៦៨គីឡូម៉ែត្រ ពីទីក្រុងអេនដេ (Ende)។ កម្លាំង អង្រួនដ៏ខ្លាំងក្លានេះ បានធ្វើឱ្យបាក់រលំអគារ លំនៅដ្ឋាន និងផ្ទាំងជញ្ជាំងជាច្រើន ព្រមទាំងបង្ក ឱ្យមានបាតុភូតរអិលបាក់ដី និងកាត់ផ្តាច់ផ្លូវធ្វើដំណើរនៅតាមតំបន់ជាច្រើន ដែលធ្វើឱ្យ ប្រតិបត្តិការជួយសង្គ្រោះជួបការលំបាកយ៉ាងខ្លាំងក្នុងការចូលទៅដល់សហគមន៍រងគ្រោះ។
មានប្រតិបត្តិការសង្គ្រោះបន្ទាន់។ លោក ស៊ូហារយ៉ានតូ ប្រធានទីភ្នាក់ងារជាតិនៃការគ្រប់គ្រងមហន្តរាយឥណ្ឌូនេស៊ី បានបញ្ជាក់ថា មានពលរដ្ឋជាច្រើនបានជាប់អន្ទាក់នៅក្នុងអគារដែលបាក់បែក។ ទីភ្នាក់ងារសង្គ្រោះបានបញ្ជូនឧទ្ធម្ភាគចក្រ និងយន្តហោះ ដើម្បីបើកប្រតិបត្តិការរុករក និងជួយសង្គ្រោះប្រជាជនរងគ្រោះជាបន្ទាន់។
ដោយសារតែការខូចខាត និងកង្វល់ផ្នែកសុវត្ថិភាព ព្រឹត្តិការណ៍សាសនា និងវប្បធម៌ធំៗ នៅ ក្នុងតំបន់ត្រូវបានលុបចោល ឬផ្លាស់ប្តូរទីតាំងភ្លាមៗ។ ក្នុងនោះ ភូមិភាគកាតូលិក ឡាបួន បាចូ (Labuan Bajo) បានប្រកាសលុបចោលពិធីបិទនៃពិធីបុណ្យប្រចាំឆ្នាំ ហ្គូឡូ កូអេ ម៉ារីយ៉ា អាសាំតា នូសង់តារ៉ា (Golo Koe Maria Assumpta Nusantara) ដែលជាពិធីជួបជុំជំនឿកាតូលិក និងវប្បធម៌ជនជាតិភាគតិចម៉ង់ហ្គារ៉ៃ (Manggarai)។ ដោយឡែក សាលាបូជាចារ្យ និងសាលទទួលភ្ញៀវនៅតំបន់លីដាឡឺរ៉ូ (Ledalero) បានប្រែជាកន្លែងគ្រោះថ្នាក់ ដោយបង្ខំឱ្យកម្មវិធីបណ្តុះបណ្តាលបូជាចារ្យត្រូវផ្លាស់ទីមកធ្វើនៅក្រៅអគារវិញ។
ភ្លាមៗបន្ទាប់ពីកើតហេតុ ទីភ្នាក់ងារសង្គ្រោះនៃព្រះសហគមន៍កាតូលិក ការីតាស (Caritas) នៃប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមកៀងគរធនធាន និងសម្របសម្រួលជាមួយភូមិភាគកាតូលិកជាច្រើន ដូចជា រូតេង (Ruteng) ឡាបួន បាចូ (Labuan Bajo) គូប៉ាង (Kupang) ម៉ូម៊ែរ (Maumere) និងអេនដេ (Ende) ដើម្បីវាយតម្លៃផលប៉ះពាល់ និងផ្តល់ជំនួយបន្ទាន់។
លោកបូជាចារ្យ ហ្វ្រ៉េឌី រ៉ង់តេ តារូក (Fredy Rante Taruk) នាយកប្រតិបត្តិអង្គការ Caritas ឥណ្ឌូនេស៊ី បានមានប្រសាសន៍ថា ៖ «ការីតាសឥណ្ឌូនេស៊ី កំពុងឆ្លើយតបយ៉ាងឆាប់រហ័សបំផុតចំពោះវិបត្តិមួយនេះ ដែលនេះជាផ្នែកមួយនៃកាតព្វកិច្ចមនុស្សធម៌ដ៏សំខាន់របស់ព្រះសហគមន៍កាតូលិក ក្នុងការជួយសង្គ្រោះប្រជាជន»។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ដ៏រន្ធត់នេះ បានដាស់ការចងចាំដ៏ជូរចត់របស់ប្រជាជននៅលើកោះហ្ល៉រ៉េស អំពីគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ កាលពីឆ្នាំ ១៩៩២ ដែលកាលណោះ វាបានផ្តាច់ជីវិតមនុស្សអស់ជិត ២៥០០ នាក់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធច្រើនមិនអាចគណនា។
សម្រាប់ពេលនេះ ព្រះសហគមន៍កាតូលិកនៅទូទាំងតំបន់ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋផ្តល់អាទិភាពលើសុវត្ថិភាពផ្ទាល់ខ្លួន បង្កើនការបួងសួង និងបង្ហាញស្មារតីសាមគ្គីភាព ក្នុងខណៈពេលដែលប្រតិបត្តិការស្វែងរក និងសង្គ្រោះកំពុងបន្តធ្វើឡើងយ៉ាងសស្រាក់សស្រាំ៕
