អ្វីដែលអាចកត់សម្គាល់នៅក្នុងវគ្គចរចាដំបូងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក
អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបញ្ចប់វគ្គពិភាក្សាលើកដំបូងនៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនាដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ឲ្យប្រកបដោយចីរភាព។ ការចរចាដែលរៀបចំធ្វើឡើងនៅប្រទេសស្វីស អាចនឹងមានរយៈពេលពេញមួយសប្តាហ៍។
នៅក្នុងសេចក្តីប្រកាសរួមមួយ អ្នកធ្វើសម្របសម្រួមអន្តរការី មានប្រទេសប៉ាគីស្ថាន និងកាតា បានសរសេរថា ទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន បានយល់ព្រមលើផែនទីចង្អុលផ្លូវ ដើម្បីឈានទៅកាន់កិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេល ៦០ថ្ងៃ ដោយបង្កើតមូលដ្ឋានសម្រាប់ចាប់ផ្តើមនូវកិច្ចពិភាក្សាថ្មីភ្លាមៗខាងបច្ចេកទេស។
ចំនុចមួយក្នុងចំណោមចំនុចគន្លឹះទាំងឡាយគឺជាបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។ នៅក្នុងបរិបទនៃពីធីសារកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខារួចហើយ អ៊ីរ៉ង់សន្យាថា ប្រទេសនេះនឹងមិនប្រតិបត្តិ និងអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយ។ កិច្ចព្រមព្រៀងចុងក្រោយ នឹងត្រូវបានអនុម័តដោយសេចក្តីសម្រេចជាមួយអំណាចបង្ខំ នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។
ភាគីទាំងពីរក៏បានព្រមព្រៀងស្ថាបនាខ្សែទំនាក់ទំនងក្នុងគោលដៅធានានូវការឆ្លងកាត់ដោយសុវត្ថិភាពសម្រាប់នាវាពាណិជ្ជកម្មនៅច្រកសមុទ្រអ័រមូស ដែលជាច្រកសមុទ្រយុទ្ធសាស្រ្តដែលតាមធម្មតាប្រេងពិភពលោកប្រមាណ ២០% ឆ្លងកាត់តាមរយៈច្រកនេះ។ ប៉ុន្តែអ៊ីរ៉ង់បានប្រកាសបិទច្រកនេះជាថ្មីបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល នៅលីបង់ប្រឆាំងនឹងក្រុមហេប៊ូឡា ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។
យោងតាមពិធីសារនៃកិច្ចព្រមព្រៀងបានឲ្យដឹងថា ចរាចរណ៍ពាណិជ្ជកម្មត្រូវតែស្ថាបនាឡើងវិញដោយពេញលេញនៅក្នុងរយៈពេល ៣០ថ្ងៃ បន្ទាប់ពីការបើកច្រកសមុទ្រ។ ទោះជាយ៉ាងណា អ្នកចរចាជាន់ខ្ពស់អ៊ីរ៉ង លោកម៉ូហាម៉េដ បាហ្ស៉ឺ ហ្គាលីបាហ្វ បានព្រមានថា ទីក្រុងតេអេរ៉ង់ មានបំណងដាក់ សិទ្ធិគិតថ្លៃសេវា សម្រាប់សេវាកម្មដែលបានផ្តល់នៅច្រកសមុទ្រអ័រមូស ដែលច្រកនេះនឹងមិនត្រឡប់មករកស្ថានភាពមុនសង្គ្រាមឡើយ។
ក្រុមអ្នកសម្របសម្រួលបានបន្ថែមថា ៖ “ភាគីនានាបានយល់ព្រមក្នុងការបង្កើតក្រុមការងារគ្រប់គ្រងវិវាទ ដែលរួមបញ្ចូលភាគីទាំងអស់ និងប្រទេសលីបង់ ហើយដឹកនាំដោយអន្តរការីជំរុញការចរចា ដើម្បីធានាថា នឹងមានការគោរពលើការឈប់ប្រតិបត្តិការយោធានៅលីបង់។”
ទីក្រុងតេអេរ៉ង់ទាមទារថា កិច្ចព្រមព្រៀងនៃការបញ្ចប់ការប្រទូស្តរាយក៏រួមបញ្ចូលទាំងនៅលីបង់ផងដែរ។ ប៉ុន្តែនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកបេនចាម៊ីន ណេតាន់យ៉ាហ៊ូ បានអះអាងថា ទាហានអ៊ីស្រាអែលនឹងមិនដកចេញពីភាគខាងត្បូងនៃប្រទេសលីបង់ឡើយ។ ទោះបីជាយ៉ាងណា លោកអាបាស អារ៉ាជី ប្រមុខការទូតអ៊ីរ៉ង់ បានបង្ហាញនូវការរីកចម្រើនដ៏សំខាន់ដើម្បីបញ្ចប់សង្រ្គាមនៅលីបង់។
យោងតាមពិធីសារនៃកិច្ចព្រមព្រៀង រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសដែរថា ការនាំចេញនូវប្រេង និងផលិតផលគីមីប្រេងរបស់អ៊ីរ៉ង់លែងត្រូវបានកំហិតទៀតហើយ ការបិទច្រកក៏ត្រូវបានលើកចេញ ទ្រព្យសម្បត្តិខ្លះដែលត្រូវបង្កកនឹងត្រូវព្រលែង ហើយផែនការនៃការស្ថាបនា និងការអភិវឌ្ឍដ៏សំខាន់របស់អ៊ីរ៉ង់ត្រូវបានធ្វើឡើង។ ផែនការនេះគួរតែត្រូវមានចំនួនទឹកប្រាក់យ៉ាងហោចណាស់ ៣០០ពាន់លានដុល្លារ។
ចំណែក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា ៖ “កិច្ចពិភាក្សាបច្ចេកទេសនៅប្រទេសស្វីស នៅក្នុងក្របខណ្ឌនៃកិច្ចសន្ទនាដែលកំពុងបន្តរវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក ត្រូវបានបញ្ចប់ជាមួយការដាក់ឲ្យដំណើរការនូវក្រុមការងារ ដែលធ្វើការលើសំណុំរឿងនុយក្លេអ៊ែរ និងការដកចេញទណ្ឌកម្មសេដ្ឋកិច្ច។”