អ្នកលក់ដូរមូស្លីមបង់ក្លាដែស កសាងចំណងមិត្តភាពរយៈពេល ៤ ទសវត្សរ៍ ជាមួយសហគមន៍កាតូលិក
គ្រីស្តបរិស័ទអាចសាងស្ពានមេត្រីភាពជាមួយគ្រប់សមាសភាពនៃសង្គម។ ជាក់ស្តែង ប្រត្យក្សភាពមួយត្រូវបានចែករំលែកដោយលោក មូហាមាត អាបដួរ រ៉ាស៊ីត (Mohammad Abdur Rashid) ជាអ្នកលក់ដូរវ័យ ៧៣ ឆ្នាំមួយរូប នៅក្នុងទីក្រុងដាកា រដ្ឋធានីនៃប្រទេសបង់ក្លាដេស។
ក្នុងនាមជាអាជីវករម្នាក់ដែលបើកហាងមួយនៅក្បែរព្រះវិហារកាតូលិក តេហ្គាអុង (Tejgaon) ក្នុងតំបន់ហ្វាហ្គេត (Farmgate) លោកជាអ្នកកាន់សាសនាមូស្លីមមួយរូប ប៉ុន្តែលោកអាចដំណើរការអាជីវកម្មបម្រើទាំងសហគមន៍មូស្លីម និងកាតូលិក បានជិត ៤ ទសវត្សរ៍មកហើយ។
លោកត្រូវបានគេដឹងថា ជាអាជីវករមូស្លីមដែលកំពុងផ្តល់រូបភាពនៃអន្តរទំនាក់ទំនង អន្តរសាសនា និងអន្តរសង្គមមួយ ខណៈដែលព្រះសហគមន៍កាតូលិកអាស៊ី កំពុងខិតទៅជិតព្រឹត្តិការណ៍ជួបជុំគ្នាក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី ១២ នៃសហព័ន្ធបណ្ដាអភិបាលព្រះសហគមន៍កាតូលិកអាស៊ី (FABC) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រោមប្រធានបទ "ការអំពាវនាវឱ្យមានការប្រែចិត្តគំនិត និងបេសកកម្មក្លាយជាស្ពាន និងអ្នកសាងសង់ស្ពាននៃជំនឿ និងទំនាក់ទំនងនៅអាស៊ី"។
អាជីវករមូស្លីមរូបនោះបានអះអាងថា អាជីវកម្មរបស់លោកគឺសម្រាប់ទាំងអស់គ្នា ហើយនៅហាងរបស់លោកមានលក់តាំងពីរូបភាពដែលមានស៊ុមរបស់ព្រះយេស៊ូ ព្រះនាងម៉ារី គ្រួសារបរិសុទ្ធ សន្តយ៉ូសែប និងសូម្បីតែរូបគំនូររបស់សម្តេចប៉ាបឡេអូទី ១៤។ លោកបានអះអាងថា អាជីវកម្មរបស់លោកបានចាប់ផ្តើមតាំងពីឆ្នាំ ១៩៨៨ ខណៈដែលទីនោះជាកន្លែងជួបជុំគ្នារបស់គ្រីស្តបរិស័ទប្រមាណជាង ១ ម៉ឺននាក់។
លោកបាននិយាយថា ទំនាក់ទំនងរបស់គាត់ជាមួយសហគមន៍កាតូលិកបានចាប់ផ្តើមជាមួយនឹងឱកាសអាជីវកម្ម ប៉ុន្តែបានវិវត្តទៅជាទំនាក់ទំនងនៃការជឿទុកចិត្តគ្នាទៅវិញទៅមក។ លោកបានរំលឹកថា នៅពេលលោកនៅជានិស្សិតមហាវិទ្យាល័យ លោកបានធ្វើការនៅក្នុងហាងលក់សៀវភៅមួយ។ ក្រោយមក លោកបានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួននៅទីនោះរហូតមក។ លោកបានបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ អាជីវកម្មនេះបានពង្រីកជាបន្តបន្ទាប់ ហើយឥឡូវនេះកូនប្រុសរបស់គាត់ជួយគ្រប់គ្រងហាង ដែលក៏ផ្តល់សេវាកម្មថតចម្លងសម្រាប់សិស្ស និងអ្នកស្រុកផងដែរ។ លោកប៉ាន់ប្រមាណថា ប្រហែល ៨០ ភាគរយនៃអតិថិជនរបស់គាត់គឺជាអ្នកកាន់សាសនាកាតូលិក។