អ្នកនាំពាក្យក្រសួងការងារ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) កំពុងមានប្រជាប្រិយភាព

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TVET កំពុងមានប្រជាប្រិយភាព ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសិស្សនិស្សិតគ្រប់មជ្ឈដ្ឋាន។
ការអះអាងរបស់អ្នកនាំពាក្យក្រសួងការងារនេះ ធ្វើឡើងក្នុងសន្និសីទកាសែត ស្ដីពីការត្រៀមរៀបចំកម្មវិធី «TVET-Day» លើកទី៩ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦នេះ នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា TVET ជាផ្លូវដ៏លឿនបំផុត ល្អបំផុត ក្នុងការផ្ដល់ជំនាញបច្ចេកទេសវិជ្ជាជីវៈច្បាស់លាស់ មានការបណ្ដុះបណ្ដាលទ្រឹស្ដី និងការអនុវត្តជាក់ស្ដែងជាជាងទ្រឹស្ដីនិយម។
ឯកឧត្តម ស៊ុន មេសា បានថ្លែងបញ្ជាក់ថា «កិច្ចខិតខំប្រឹងប្រែងរបស់យើង បញ្ជាក់ពីជោគជ័យរបស់ប្រជាពលរដ្ឋកម្ពុជារបស់យើងនាពេលបច្ចុប្បន្ននេះ ទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ហើយដូចបងប្អូនបានជ្រាបស្រាប់ ការបណ្ដុះបណ្ដាលរបស់យើង ១លាន៥សែននាក់នាពេលបច្ចុប្បន្ន កំពុងតែមានប្រជាប្រិយភាព ហើយគិតចាប់តាំងពីដើមឆ្នាំ២០២៤ ក្រោយពេលយើងបើកបវេសនកាល នៅថ្ងៃទី១៥ខែមករា ឆ្នាំ២០២៤ រហូតមកដល់ត្រីមាសទី១ឆ្នាំ២០២៦នេះ បងប្អូនប្រមាណជា២៧ម៉ឺននាក់ហើយទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេស ហើយអ្នកមានការងារមានចំនួនរាប់សិបម៉ឺននាក់»។

ក្រៅពី បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ  TVETក៏មានការបណ្ដុះបណ្ដាលការអភិវឌ្ឍផ្នត់គំនិតជំនាញទន់ (Soft Skill) ដើម្បីឱ្យអ្នករៀនចប់ហើយចេះធ្វើជាការជាក្រុម និងចេះដឹកនាំការងារ គាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានគោលដៅសម្រេចឱ្យបានជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០២៥០។

លោកបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា TVET ជាជម្រើសអាទិភាព ជាផ្លូវកាត់រៀនរយៈពេលខ្លី ឆាប់រកការងារបានធ្វើ បានចំណូលខ្ពស់ មិនមែនជាជម្រើសឬឱកាសទី២ដូចសិស្សនិស្សិតធ្លាប់គិតទៀតទេ។

សូមជម្រាបជូនថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលប​ច្ចេ​កទេ​ស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៨:០០នាទីយប់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ (G,H,I,J,K,L) រាជធានីភ្នំពេញ។

ទិវាជាតិនេះ ក្រសួងនឹងរៀបចំដាក់តាំងបង្ហាញពីវឌ្ឍនភាពពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានការចូលរួមពីក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា វិស័យឯកជន ដៃគូអភិវឌ្ឍ និងផ្នែកពាក់ព័ន្ធនានា សរុបចំនួន ៩៩អង្គភាព ស្មើនឹង ១៨០ស្តង់ ព្រមទាំងមានការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីវាគ្មិនល្បីៗ និងកម្មវិធីសំខាន់ៗដូចជា៖
១.កិច្ចពិភាក្សាលើប្រធានបទ ស្តីពី «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»។ ២.ការបង្ហាញ និងចែករំលែកបទពិសោធន៍របស់សិស្សសិក្សា និងជោគជ័យក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ៣.ការរៀបចំធ្វើតេស្តនិងទស្សនាការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន-RPL របស់បងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ លើមុខជំនាញការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ និងការដំឡើងបណ្តាញបំពង់ទឹក។
៤. ការទស្សនាភូមិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលមានតាំងនូវស្នាដៃស្រាវជ្រាវ គំនិតច្នៃប្រឌិតរបស់សាធារជនដែលអាចប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងវិស័យសំណង់ ជាដើម ដើម្បីបណ្តុះគំនិតដល់យុវជនជំនាន់ក្រោយឱ្យស្រលាញ់ជំនាញបច្ចេកទេស។
៥.ការទស្សនាពិព័រណ៍វឌ្ឍនភាពវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនិងទស្សនាការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន-RPL របស់បងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ លើមុខជំនាញការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ និងការដំឡើងបណ្តាញបំពង់ទឹក។
៦. ការតាំងបង្ហាញសមិទ្ធផលនានារបស់ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា អង្គការ សមាគម ព្រមទាំងខ្សែសង្វាក់ផលិតកម្មក្រុមហ៊ុនឯកជននានា។
៧. ការទទួលបានព័ត៌មានសិក្សាអំពីកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ ព័ត៌មានអាហាររូបករណ៍ ហើយអាចមកចុះឈ្មោះរៀនភ្លាមៗបានដោយផ្ទាល់ និងអាចមកដាក់ពាក្យស្វែងរកការងារភ្លាមៗ ជាមួយក្រុមហ៊ុនធំៗ ក្នុងថ្ងៃនោះ និង។ និង៨. មានកម្មវិធីកម្សាន្តផ្សេងៗទៀតផងដែ។
ព្រមជាមួយគ្នានេះ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ក៏នឹងប្រារព្ធព្រមគ្នានៅគ្រប់ខេត្តទូទាំងប្រទេសផងដែរ៕

Daily Program

Livesteam thumbnail