អ្នកត្រួសត្រាយផ្លូវសម្រាប់ប្រព័ន្ធផ្សព្វផ្សាយកាតូលិក ត្រូវបានប្រកាសជាបុគ្គលមានសុភមង្គល
លោកអគ្គអភិបាល ហ្វូលតុន ស៊ីន (Fulton J. Sheen) ដែលជាអ្នកទេវវិទ្យា អ្នកប្រកាសដំណឹងល្អ គ្រូបង្រៀន អ្នកអធិប្បាយ និងជាអ្នកត្រួសត្រាយផ្លូវក្នុងកិច្ចការផ្សព្វផ្សាយសាសនាកាតូលិកតាមរយៈវិទ្យុ និងទូរទស្សន៍ជនជាតិអាមេរិក ត្រូវបានប្រកាសជា «បុគ្គលមានសុភមង្គល» នៅថ្ងៃទី២៤ ខែកញ្ញា ក្នុងពិធីអភិបូជាពិសេសមួយនៅទីក្រុង សាំងល្វីស (St. Louis) រដ្ឋមីសសួរី (Missouri) ក្រោមអធិបតីភាពលោកកាឌីណាល់ ល្វីស អេនតូនីញ៉ូ តាក្លេ (Luis Antonio Tagle) ក្នុងនាមជាតំណាងរបស់សម្តេចប៉ាប។
លោកកាឌីណាល់ តាក្លេ ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងប្រកាសដំណឹងល្អ បានប្រកាសជាផ្លូវការនូវសេចក្តីថ្លែងការណ៍របស់ព្រះសហគមន៍កាតូលិក អំពីជីវិត និងការធ្វើជាសាក្សីនៃជំនឿរបស់លោកអគ្គអភិបាល ស៊ីន ក្នុងអំឡុងពេលពិធីអភិបូជានៅឯសាល The Dome នៃមជ្ឈមណ្ឌលអាមេរិក (America’s Center)។
យោងតាមការរាយការណ៍របស់កាសែត The Catholic Weekly ពិធីនេះបានទាក់ទាញមនុស្សចូលរួមប្រហែល ៥០.០០០ នាក់។
ពិធីប្រកាសតែងតាំងនេះមានសារៈសំខាន់ជាពិសេស សម្រាប់អ្នកកាន់សាសនាកាតូលិកដែលចូលរួមក្នុងកិច្ចការផ្សព្វផ្សាយដំណឹងល្អ និងវិស័យទំនាក់ទំនងនៅអាស៊ី ដែលជាតំបន់ដែលវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលបានក្លាយជាមធ្យោបាយដ៏សំខាន់ ក្នុងការចែករំលែកដំណឹងល្អទៅកាន់ប្រជាជនយ៉ាងច្រើន និងមានភាពចម្រុះ។
លោកអគ្គអភិបាល ស៊ីន បានក្លាយជាបុគ្គលល្បីល្បាញយ៉ាងទូលំទូលាយនៅក្នុងសហរដ្ឋអាមេរិក តាមរយៈកម្មវិធីវិទ្យុ និងទូរទស្សន៍ ដោយចាប់ផ្តើមពីកម្មវិធី «The Catholic Hour» និងក្រោយមកតាមរយៈកម្មវិធី «Life Is Worth Living» ដែលទទួលបានពានរង្វាន់ Emmy។
យោងតាមកាសែត The Catholic Weekly កម្មវិធីទូរទស្សន៍របស់លោក ដែលបានចាក់ផ្សាយចាប់ពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៥៧ បានទាក់ទាញទស្សនិកជនរាប់លាននាក់ រួមទាំងអ្នកដែលមិនមែនជាអ្នកកាន់សាសនាកាតូលិកផងដែរ។
