អាជ្ញាធរាជធានីភ្នំពេញ ហាមឃាត់ការប្រើប្រាស់ ដ្រូន ដើម្បីធានាបាននូវសន្តិសុខជូនពលរដ្ឋ
រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំពីការហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក្នុងកាលៈទេសៈដែលកម្ពុជា កំពុងតែត្រូវបានឈ្លានពាន ដោយខ្មាំងសត្រូវ។
សេចក្ដីណែនាំរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ធ្នូ នេះ ថា «ហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។ ជនណាដែលបំពាន ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាត ពីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវទាំងស្រុងនៅចំពោះមុខច្បាប់ជាធរមាន»។
ប្រភព ដដែល បន្ដថា ករណីប្រជាពលរដ្ឋ បានប្រទះឃើញមានការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច ឬសូមទំនាក់ទំនងមកកាន់លេខ Hotline ១២៩៩ ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវបង្កើនការយកចិត្តទុកដាក់ តាមដានចាត់ចែង និងគ្រប់គ្រងសភាពការណ៍ឱ្យបានល្អប្រសើរ ក្នុងករណីពិនិត្យឃើញមានជនណាបំពាននូវ សេចក្តីណែនាំនេះ ត្រូវចាត់វិធានការជាបន្ទាន់៕