អគ្គអភិបាលព្រះសហគមន៍មួយនៅប៉ាគីស្ថានចេញគោលការណ៍ថតរូបអាពាហ៍ពិពាហ៍នៅព្រះវិហារ
ដើម្បីរក្សាគុណតម្លៃនិងគុណធម៌ក៏ដូចជាសេចក្តីថ្លៃថ្នូរនៃព្រះវិហារ ដែលជាកន្លែងពិសិដ្ឋរបស់ព្រះសហគមន៍កាតូលិក លោកអគ្គអភិបាល បេននី ម៉ារីយូ ត្រាវីស (Benny Mario Travis) នៃព្រះសហគមន៍កាតូលិកនៃអគ្គភូមិភាគឡាហ័រ (Lahore) បានចេញគោលការណ៍ណែនាំមួយយ៉ាងច្បាស់លាស់។
លោកអគ្គអភិបាលបានលើកឡើងថា គោលការណ៍នេះ គឺត្រូវបានកំណត់ចេញ ដើម្បីរក្សាសេចក្តីថ្លៃថ្នូរ និងភាពពិសិដ្ឋរបស់ព្រះវិហារ និងតម្លៃនៃអគ្គសញ្ញាអាពាហ៍ពិពាហ៍របស់គ្រីស្តបរិស័ទផ្ទាល់។
លោកអគ្គអភិបាលបានលើកទឹកចិត្តឲ្យលោកបូជាចារ្យ និងអ្នកដែលពាក់ព័ន្ធដោយរួមទាំងគ្រីស្តបរិស័ទ ត្រូវតែគោរព ពីព្រោះព្រះវិហារគឺជាកន្លែងសក្ការៈបូជាមិនមែនជាកន្លែងត្រូវប្រកួតប្រជែងសម្ភារៈឬប្រណីតភាពអ្វីឡើយ។
គោលការណ៍ដែលដាក់ចេញនោះគឺរួមមាន ការថតរូបត្រូវបានអនុញ្ញាតតែក្នុងអំឡុងពេលពិធីទទួលអគ្គសញ្ញា ហើយការអនុញ្ញាតនោះគឺទាល់តែ មានការយល់ព្រមជាមុនពីលោកបូជាចារ្យព្រះសហគមន៍កាតូលិក ដើម្បីកុំឱ្យរំខានដល់ពិធីសាសនា ដោយឡែកការថតរូបជាក្រុមជាមួយគូស្វាមីភរិយា ក្រុមគ្រួសារជិតស្និទ្ធ និងសាច់ញាតិអាចត្រូវបានអនុញ្ញាតិឲ្យថតនៅចុងបញ្ចប់នៃពិធី ក្រោមការណែនាំរបស់បូជាចារ្យ។ ដោយឡែកការថតរូបជាក្រុមក៏អាចត្រូវបានអនុញ្ញាត នៅតាមច្រកចូលព្រះវិហារ។
សម្រាប់ការថតរូបបែបស្ទូឌីយោ ឬបែប "ប្រណីតភាព" មានលក្ខណៈហ៊ឺហារ ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងនៅខាងក្នុងព្រះវិហារនិងបរិវេណរបស់ព្រះវិហារ។
ពាក់ព័ន្ធនឹងគោលការណ៌នេះគ្រីស្តបរិស័ទបានស្វាគមន៍ ដោយលើកឡើងថា ព្រះវិហារមិនមែនជាស្ទូឌីយោ ឬសាលអាពាហ៍ពិពាហ៍ទេ ដូច្នេះ ការថតរូបគួរតែគោរពភាពពិសិដ្ឋនៃទីកន្លែងនោះ៕