អគ្គអភិបាលនៃព្រះសហគមន៍ឡាហ័រ ជំរុញបូជាចារ្យថ្មីឱ្យរក្សាព្រះគ្រីស្តជាស្នូលនៃជំនឿ និងរក្សាទំនាក់ទំនងឱ្យជិតស្និទនឹងគ្រីស្តបរិស័ទ
លោកអគ្គអភិបាល ខាលីប រីហ្វមេត (Khalid Rehmat OFM Cap) នៃព្រះសហគមន៍កាតូលិកភូមិភាគឡាហ័រ (Lahore) ក្នុងប្រទេសប៉ាគីស្ថាន បានជំរុញលោកបូជាចារ្យដែលទើបតែងតាំងថ្មីចំនួន ៧ នាក់ ឱ្យរក្សាព្រះគ្រីស្តជាស្នូលនៃបេសកកម្មបម្រើព្រះសហគមន៍ និងរក្សាទំនាក់ទំនងឱ្យជិតស្និទនឹងគ្រីស្តបរិស័ទ។
លោកអគ្គអភិបាលបានមានប្រសាសន៍ក្នុងអំឡុងពេលពិធីថ្វាយអភិបូជាតែងតាំងបូជាចារ្យ នៅវិហារ Sacred Heart ក្នុងទីក្រុងឡាហ័រ ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី១១ ខែសីហាថា៖
«កិច្ចបម្រើរបស់អ្នកចាប់ផ្តើមជាមួយព្រះជាម្ចាស់ ទទួលបានកម្លាំងពីទ្រង់ ដូចនេះទ្រង់គឺជាស្នូលនៃបេសកកម្មប្រកាសដំណឹងល្អ។»លោកអគ្គអភិបាលបានសង្កត់ធ្ងន់ថា កិច្ចការនិងបេសកកម្មរបស់បូជាចារ្យមានឫសគល់ចេញពីអាថ៌កំបាំងនៃការសុគត និងការរស់ឡើងវិញរបស់ព្រះយេស៊ូ ហើយត្រូវបានបង្ហាញតាមរយៈការបម្រើដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនចំពោះព្រះជាម្ចាស់ និងប្រជារាស្ត្ររបស់ទ្រង់។
លោកបានរំលឹកដល់អ្នកដែលទើបតែងតាំងថ្មីថា ទោះបីជាការក្លាយជាបូជាចារ្យអាចចាប់ផ្តើមដោយបំណងប្រាថ្នាផ្ទាល់ខ្លួនក៏ដោយ ក៏តួនាទីនេះបានមកពីការត្រាស់ហៅ និងការប្រគល់បេសកកម្មជាក់លាក់មួយដល់មនុស្សម្នាក់ៗដោយព្រះជាម្ចាស់។
លោកអគ្គអភិបាលក៏បានជំរុញឱ្យបូជាចារ្យថ្មីចូលរួមធានាថា សេវា និងការបម្រើព្រះសហគមន៍របស់ពួកគេ នឹងផ្តល់នូវសេចក្តីថ្លៃថ្នូរ និងភាពសមរម្យដល់មនុស្សក្នុងជីវិតប្រចាំថ្ងៃ រួមទាំងសេចក្តីអំណរ ទុក្ខវេទនា ការតស៊ូ និងក្តីសង្ឃឹម។
លោកបានលើកទឹកចិត្តបូជាចារ្យថ្មីឱ្យជួយកសាងសហគមន៍គ្រិស្តសាសនា ដែលជាកន្លែងមនុស្សជួបប្រទះនឹងសេចក្តីស្រឡាញ់ ការគោរព ការទទួលយក និងក្តីសង្ឃឹម។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា ជីវិតបូជាចារ្យតម្រូវឱ្យមានភាពស្មោះត្រង់ ការលះបង់ និងការប្តេជ្ញាចិត្តក្នុងការបម្រើព្រះនិងប្រជារាស្ត្ររបស់ទ្រង់៕
