ហ្វ្រ៉េដេរីក បាកប៊ឺរូស ព្រះចៅ ដែលពង្រឹងចក្រភពសន្តរ៉ូម៉ាំង អាឡឺម៉ង

ព្រះចៅអធិរាជហ្វ្រ៉េដេរីក ទី១ ហូហេនស្តូហ្វ៉េន ឬព្រះចៅហ្វ្រ៉េដេរីក បាកប៊ឺរូសគឺជាអធិរាជនៃចក្រភពសន្តរ៉ូម៉ាំង អាឡឺម៉ងពីឆ្នាំ១១៥៥ រហូតដល់ព្រះអង្គចូលសោយទីវង្គត។
ព្រះចៅអធិរាជហ្វ្រ៉េដេរីក បាកប៊ឺរូស ប្រសូតនៅឆ្នាំ១១២២ និងសោយទីវង្គតនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១១៩០។ ដោយត្រូវបានប្រកាសជាអធិរាជនៅឆ្នាំ១១៥៥ ព្រះរាជាក៏មានឋានៈជាស្តេចអាឡឺម៉ង់ ស្តេចអ៊ីតាលី ស្តេចប៊ួហ្គូន និងស្តេចត្រាញ់ប៉ាឡាតាំងប៊ួហ្គូនផងដែរ។
ជាសមាជិកទី២ នៃរាជ្យវង្សហូហេនស្តូហ្វ៉េន ព្រះចៅហ្វ្រ៉េដេរីក បាកប៊ឺរូស បានទទួលតំណាងដ៏ខ្ពង់ខ្ពស់នៃចក្រពត្រាធិរាជ។ គឺនៅក្រោមរាជរបស់ព្រះចៅហ្វ្រ៉េដេរីក បាកប៊ឺរូស នេះហើយដែលជាលើកទី១ ពាក្យ សន្ត ត្រូវបានប្រើប្រាស់ដើម្បីពិព៌នាចក្រភពសន្តរ៉ូម៉ាំងអាឡឺម៉ង។
ព្រះចៅហ្វ្រ៉េដេរីក បាកប៊ឺរូស មានភាពល្បីល្បាញក្នុងសង្រ្គាមជាមួយបុរីនានានៅភាគខាងជើងអ៊ីតាលី និងបានបំផ្លាញបុរីមីឡង់នៅឆ្នាំ១១៦២។
បន្ទាប់ពីទទួលជោគជ័យលើរណសិរ្យឡំបាកដែលជាសម្ព័ន្ធមិត្តប្រឆាំងអាឡឺម៉ងនៅសមរភូមិលីញ៉ាណូនៅឆ្នាំ១១៧៦ ព្រះចៅហ្វ្រ៉េដេរីក បាកប៊ឺរូស បានផ្តល់ស្វ័យភាព និងសន្តិភាពដល់បុរីនានានៅខាងជើងប្រទេសអ៊ីតាលី។
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១១៩០ ក្នុងអំឡុងសង្រ្គាមបូជនីយកិច្ចលើកទី៣ ព្រះចៅហ្វ្រ៉េដេរីក បាកប៊ឺរូស បានប្រើប្រាស់ទន្លេហ្គូកស៊ូ ណេរី នៅតំបន់អាណាតូលី នៅខណៈដែលព្រះអង្គដឹកនាំទាហានរបស់ខ្លួនឆ្ពោះទៅកាន់ដែនដីប៉ាឡេស្ទីន។
ការមានអាយុវែង ព្រមទាំងឆន្ទៈរបស់ព្រះរាជាហ្វ្រ៉េដេរីក បាកប៊ឺរូស ក្នុងការស្តារកិត្តិយស និងបង្កើនអំណាចចក្រភព ដោយយកគំរូតាមស្តេចឆាឡឺម៉ាញ បានធ្វើឲ្យព្រះចៅហ្វ្រ៉េដេរីក បាកប៊ឺរូស មានភាពល្បីល្បាញខ្លាំងក្នុងចំណោមស្តេចល្បីៗ នៃមជ្ឈិមសម័យអឺរ៉ុប។ រហូតដល់សតវត្សទី១៩ ព្រះអង្គបានក្លាយជាវរបុរសនៃចលនាជាតិនិយមរបស់អាឡឺម៉ង់។
នៅខែកញ្ញា ឆ្នាំ១១៥៣ ព្រះចៅហ្វ្រ៉េដេរីក បាកប៊ឺរូស បានសម្រេចចិត្តបើកកិច្ចចរចាក្នុងគោលដៅធ្វើជាសម្ព័ន្ធមិត្តជាមួយរាជធានី កុងស្តង់ទីណូប្ល៍។ ព្រះរាជាស្នើរៀបអភិសេភជាមួយព្រះម្ចាស់ក្សត្រី ប៊ីហ្ស៉ងតាំង ប៉ុន្តែការចរចាចំណាយពេលយូរ។ អេនសេល ដឺ ហាវ៉េលប៊ែហ្ស៍ ដែលជាមន្រ្តីសាសនាត្រូវបានបញ្ជូនទៅកាន់រាជធានីកង់ស្តង់ទីណូប្ល៍ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ១១៥៤ ដើម្បីបង្ហើយលទ្ធភាពនៃការចងសម្ព័ន្ធមិត្ត។ គាត់ត្រឡប់មកវិញមុនកំណត់នៅឆ្នាំ១១៥៥ ហើយទំនាក់ទំនងជាមួយចក្រភពប៊ីហ្ស៉ង់តាំងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ដដែល។
នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ១១៥៦ នៅទីក្រុងវូហ្សប៊ួ ព្រះចៅហ្វ្រ៉េដេរីក បាកប៊ឺរូស បានរៀបអភិសេកជាលើកទី២ ជាមួយព្រះនាង បេអាទ្រីស៍ ដឺ ប៊ួហ្គូន បុត្រីរបស់ស្តេចត្រាញ់ រ៉េណាល់ ទី៣ និងក្សត្រីអាហ្គាល់ ដឺ ឡូរ៉ែន ដែលជាអ្នកស្នងមរតកតំបន់ ហ្វ្រ៉ង់ស្ហ៍ កុងតេ។ ការរៀបអភិសេកនេះ បាននាំឲ្យព្រះអង្គហ្វ្រ៉េដេរីក បាកប៊ឺរូស ទទួលងារជាស្តេចប៊ួហ្គូនផងដែរ។
នៅអំឡុងពេលនេះដែរ ព្រះចៅហ្វ្រ៉េដេរីក បាកប៊ឺរូស បានផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនូវអង្គការចក្រភព។ ពន្ធដារចក្រភព ត្រូវដាក់សម្រាប់ក្រុមគហបតីអ៊ីតាលីដោយទៀងទាត់។ ដោយមានការផ្តល់ហិរញ្ញប្បទានពីបុរីអ៊ីតាលីនានា នេះបានធ្វើឲ្យកេសប្រាក់របស់ចក្រភពបានពេញ។ កងទ័ពចក្រភពត្រូវបានកែទម្រង់។ ក្រុមវណ្ណៈអភិជនប្រដាប់ដោយដាវ ស្បថគាំទ្រសម្រាប់ការប្រយុទ្ធដើម្បីចក្រភព ហើយទាហានស៊ីឈ្នួលកាន់តែច្រើនឡើងៗ ក៏ត្រូវបានជ្រើសរើសផងដែរ។
ព្រះចៅហ្វ្រ៉េដេរីក បាកប៊ឺរូស បានពង្រឹងទឹកដីដែលដណ្តើមបាន ជាពិសេសដោយសារការពង្រីកទឹកដីតំបន់ធូរីង ភាគកណ្តាលអាឡឺម៉ងសព្វថ្ងៃ និងការស្ថាបនាទីក្រុងនានា ដូចជា ទីក្រុងប៉េហ្គូ និងជេមមីត នៅភាគខាងកើតអាឡឺម៉ងសព្វថ្ងៃ។
Daily Program
