ហេតុអ្វីអ៊ីរ៉ង់ប្រែក្លាយ ទីតាំងរុងរឿង និងស្ថិរភាព នៃឌូបៃ ទៅជាតំបន់សង្រ្គាម?
ការផ្ទុះដ៏ខ្លាំងក្លាត្រូវបានគេឮកាលពីថ្ងៃទី២ ខែមីនា នៅឌូបៃ ទីក្រុងនៃប្រទេសអារ៉ាបរួម អេមីរ៉េត។ អ៊ីរ៉ង់បានបន្តនៅថ្ងៃទី៣ បន្តបន្ទាប់គ្នា នូវការសងសឹករបស់ខ្លួនប្រឆាំងនឹងប្រទេស ជិតខាងនៅតំបន់ឈូងសមុទ្រ សម្រាប់សង្រ្គាមដែលខ្លួនបានទទួលរង ដែលជាការឆ្លើយតបទៅនឹងការវាយប្រហារពីអាម៉េរិកអ៊ីស្រាអែលសំដៅលើដែនដីអ៊ីរ៉ង់។ ហើយនៅប្រទេសអារ៉ាបរួម អេមីរ៉េត ឬសហព័ន្ធអេមីរ៉េត យោងតាមក្រសួងការពារជាតិរបស់ប្រទេសនេះ បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីរ៉ង់ បានធ្វើឲ្យមានមនុស្ស ៣នាក់ ស្លាប់ និង ៥៨នាក់ ទៀតរងរបួស។
ទីក្រុងតេអេរ៉ង់ បានអះអាងអំពីការដាក់គោលដៅវាយប្រហារយោធាអាម៉េរិកនៅក្នុងតំបន់ ហើយចាប់តាំងពីប៉ុន្មានថ្ងៃមកហើយ រូបភាពនានានៃកំសួលផ្សែងដ៏ខ្មួលខ្មាញ់ បានរសាត់រំលងអគារខ្ពស់ៗ និងសណ្ឋាគារប្រណិតៗ នៅទីក្រុងឌូបៃ ដែលជាទីក្រុងដ៏ធំ និងមានប្រជាជនរស់នៅជិត ៤លាននាក់។ មានការខូចខាតជាច្រើននៃព្រលានយន្តហោះរបស់ប្រទេសអារ៉ាបរួម អេមីរ៉េត ហើយរូបភាពទាំងនេះត្រូវបានចែករំលែកជាបន្តបន្ទាប់នៅលើបណ្តាញសង្គម។
យោងតាមលោក ការីម សាឌើ ទីប្រឹក្សាឯកទេសនៃប្រទេសតំបន់ឈូងសមុទ្រ បានប្រាប់ឲ្យដឹងថា ប្រទេសអារ៉ាបរួម អេមីរ៉េត គឺជាគោលដៅវាយប្រហារដែលមានសារសំខាន់ជាពិសេស។ កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ទីក្រុងនេះ បានទទួលរងមីស៊ីល ១៣៧ គ្រាប់ និងដ្រូនវាយប្រហារ ២០៩ គ្រឿង ទោះបីជាទីក្រុងនេះមិនមែនជាជម្រកផ្ទាល់នៃសារប្រយោជន៍សំខាន់របស់អាម៉េរិក ក៏ដោយ ដែលមិនដូចជាប្រទេស អារ៉ាប៊ី សាអ៊ូឌីត និងប្រទេសបារ៉ែន ដែលជាទីតាំងនៃកងនាវាទី៥របស់អាម៉េរិក និងប្រទេសកាតា ដែលមានមូលដ្ឋានយោធាអាម៉េរិក អាល់ អ៊ូដេត ស្ថិតនៅ និងជាមូលដ្ឋានយោធាដ៏ធំបំផុតនៅក្នុងតំបន់។
លោកការីម សាឌើ បានរំឭកដែរថា លើសពីជាគោលដៅនៅក្បែរកែងដៃ ដែលអាចងាយស្រួលអនុញ្ញាតឲ្យអ៊ីរ៉ង់ បង្ហាញសមត្ថភាពបង្កការរំខានពាក់ព័ន្ធនឹងសេដ្ឋកិច្ចជាពិសេសនៅតំបន់ឈូងសមុទ្រ ប្រទេសអារ៉ាបរួម អេមីរ៉េត ក៏ជាហត្ថលេខីនៃកិច្ចព្រមព្រៀងអាប្រាហាម ដែលកិច្ចព្រមព្រៀងនេះបានធ្វើឲ្យទំនាក់ទំនងមានភាពធម្មតាជាមួយអ៊ីស្រាអែល។ វាធ្វើឲ្យទីក្រុងឌូបៃ ក្លាយជាគោលដៅវាយប្រហារស្របច្បាប់ទាំងស្រុង តាមភ្នែកនៃទីក្រុងតេអេរ៉ង់។ប្រទេសអារ៉ាបរួម អេមីរ៉េត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាប្រាហាម របស់លោកដូណាល់ ត្រាំ កាលពីឆ្នាំ២០២០។ ចាប់ពីពេលនោះ ពួកគេបានធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាមួយរដ្ឋហេប្រ៊ឺ ដោយរឹតចំណងសេដ្ឋកិច្ចដ៏មានសារសំខាន់ និងតាមរយៈកិច្ចសហប្រតិបត្តិការដែលកាន់តែកើនឡើងនៅក្នុងវិស័យការពារជាតិ រហូតដល់ចំនុចនៃការធ្វើសមយុទ្ធយោធារួមគ្នា កាលពីឆ្នាំ២០២៤ នៅតំបន់សមុទ្រក្រហម។
ខណៈពេលដែលប្រទេសសហព័ន្ធអារ៉ាប់រួម បានរក្សាភាពស្ងៀមស្ងាត់យ៉ាងខ្លាំងក្នុងអំឡុងសង្គ្រាមហ្គាហ្ស៉ា ដោយធ្វើជាមិនសូវបង្ហាញខ្លួន និងទោះបីមានការបាត់បង់ជីវិតរបស់ពលរដ្ឋជាច្រើនដែលបានប៉ះពាល់ដល់អារម្មណ៍របស់ពិភពអារ៉ាប់ និងសហគមន៍អន្តរជាតិផងដែក៏ដោយ ការដែលអ៊ីរ៉ង់វាយប្រហារយ៉ាងខ្លាំង ដូចជាការបង្ហាញបកឲ្យអាក្រាតឲ្យឃើញនូវនយោបាយរបស់ប្រទេសនេះ ដែលបានព្យាយាមបង្ហាញខ្លួនថា ជាអ្នកអព្យាក្រឹតបំផុត។
លោកការីម សាឌើ បន្តថា សង្គ្រាមសព្វថ្ងៃ និងការវាយបករបស់អ៊ីរ៉ង់ បានបង្ខំឲ្យមានការផ្លាស់ប្តូរទិដ្ឋភាពយ៉ាងធំសម្រាប់ប្រទេសសហព័ន្ធអារ៉ាប់រួម ដែលត្រូវបានចាត់ទុកថា ជានិមិត្តសញ្ញានៃសកលភាវូបនីយកម្មសេដ្ឋកិច្ច និងជាមណ្ឌលយុទ្ធសាស្ត្រសំខាន់រវាងអាស៊ី មជ្ឈិមបូព៌ា និងលោកខាងលិច ព្រមទាំងជាកន្លែងរស់នៅរបស់សហគមន៍ជនបរទេសច្រើនផង។ ដូច្នេះសម្រាប់ទីក្រុងឌូបៃ ជាពិសេស ដែលជាទីតាំងនៃភាពរុងរឿង ស្ថិរភាព និងពោរពេញដោយភោគទ្រព្យផងនោះ ក៏បានក្លាយទៅជាតំបន់សង្រ្គាមដោយសារអ៊ីរ៉ង់តែម្តង។