ស្ថានទូតចិនបដិសេធរបាយការណ៍ ក្លែងក្លាយ របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន ពាក់ព័ន្ធការវះកាត់ប្តូរសរីរាង្គនៅកម្ពុជា

ស្ថានទូតចិនប្រចាំកម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការចំពោះរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន ដែលបានចោទប្រកាន់ថា គ្រូពេទ្យចិនបានចូលរួមក្នុងប្រតិបត្តិការវះកាត់ប្តូរតម្រងនោមនៅមន្ទីរពេទ្យព្រះកេតុមាលា ក្នុងរាជធានីភ្នំពេញ ដោយចាត់ទុកការអះអាងនេះថាជាព័ត៌មានក្លែងក្លាយទាំងស្រុង។ ការបដិសេធនេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ស្តីពីករណីសង្ស័យនៃបណ្តាញជួញដូរសរីរាង្គឆ្លងដែន ដែលត្រូវបានចុះផ្សាយដោយកាសែតជប៉ុន Yomiuri Shimbun។

ក្នុងសេចក្តីប្រកាសមួយដែលបានបង្ហោះលើបណ្តាញសង្គមកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន បានមានប្រសាសន៍ថា ស្ថានទូតបានផ្ទៀងផ្ទាត់ការចោទប្រកាន់នេះដោយផ្ទាល់ជាមួយមន្ទីរពេទ្យព្រះកេតុមាលា។ ខាងមន្ទីរពេទ្យយោធាមួយនេះបានអះអាងច្បាស់ៗថា គ្មានគ្រូពេទ្យចិនណាម្នាក់ធ្លាប់ចូលរួមក្នុងការវះកាត់ប្តូរតម្រងនោមនៅទីនោះឡើយ។ ទោះជាយ៉ាងណា ស្ថានទូតចិនមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីរបាយការណ៍នោះ ឬបញ្ជាក់ថាខ្លួនបានទាក់ទងទៅកាន់កាសែតជប៉ុនខាងលើពាក់ព័ន្ធនឹងការចោទប្រកាន់នេះឬយ៉ាងណានោះទេ។

ការចេញមុខបដិសេធពីភាគីចិនបានកើតឡើង ខណៈដែលអាជ្ញាធរជប៉ុនកំពុងបើកការស៊ើបអង្កេតយ៉ាងក្តៅគគុកលើករណីសង្ស័យពាក់ព័ន្ធនឹងបណ្តាញជួញដូរការប្តូរសរីរាង្គឆ្លងដែនដែលជាប់ពាក់ព័ន្ធនឹងកម្ពុជា។ កាលពីសប្តាហ៍មុន នាយកដ្ឋាននគរបាលក្រុងតូក្យូបានចាប់ខ្លួនជនជាតិជប៉ុនចំនួន ៣នាក់ រួមមានឈ្មោះ ហ៊ីរ៉ូមិឈិ គីគុឈិ ដែលជាប្រធានអង្គការមិនរកប្រាក់ចំណេញមួយសម្រាប់គាំទ្រអ្នកជំងឺធ្ងន់ធ្ងរ ព្រមទាំងកូនប្រុសរបស់លោកឈ្មោះ មីតស៊ូរុ គីគុឈិ និងនាយកអង្គការម្នាក់ទៀតឈ្មោះ តាកាគិ អានដូ ពីបទសង្ស័យថាបានរៀបចំការវះកាត់ប្តូរតម្រងនោមដោយខុសច្បាប់នៅកម្ពុជា ដែលទង្វើនេះរំលោភលើច្បាប់ស្តីពីការប្តូរសរីរាង្គរបស់ប្រទេសជប៉ុន។

យោងតាមអ្នកស៊ើបអង្កេតជប៉ុន ជនសង្ស័យទាំង ៣នាក់ ត្រូវបានចោទប្រកាន់ថា បានរៀបចំការវះកាត់ប្តូរតម្រងនោមពីអ្នកបរិច្ចាគរស់ម្នាក់ឱ្យទៅបុរសវ័យចំណាស់អាយុជាង ៧០ឆ្នាំម្នាក់ ក្នុងចន្លោះពីខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ខែមករា ឆ្នាំ២០២៦ ដោយគិតថ្លៃសេវាវេជ្ជបណ្ឌិត និងកម្រៃជើងសារសរុបជាង ១២លានយ៉េន ឬប្រហែល ៧៤,០០០ដុល្លារអាម៉េរិក។

នគរបាលជប៉ុនបានចោទប្រកាន់បន្ថែមថា ក្រុមកាត់ក្តីនេះបានភូតភរអ្នកជំងឺថា ការវះកាត់នឹងត្រូវធ្វើឡើងដោយក្រុមគ្រូពេទ្យចិនដែលមានបទពិសោធន៍ខ្ពស់នៅកម្ពុជា។ តាមការរាយការណ៍ អ្នកជំងឺរូបនោះបានឆ្លងកាត់ការពិនិត្យសុខភាពបឋមនៅទីក្រុងអូសាកា មុនពេលធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីទទួលការវះកាត់។ អ្នកស៊ើបអង្កេតបានបញ្ជាក់ថា លិខិតបញ្ជូនពីស្ថាប័នវេជ្ជសាស្ត្រជប៉ុនមួយ ត្រូវបានផ្ញើតាមរយៈអ្នកសម្របសម្រួលជនជាតិចិនម្នាក់នៅកម្ពុជា ទៅកាន់ក្រុមវេជ្ជបណ្ឌិតដែលត្រូវបានចោទប្រកាន់ថាជាអ្នកអនុវត្តការវះកាត់ប្តូរតម្រងនោមនោះ៕

 

Daily Program

Livesteam thumbnail