សួងអប់រំ ចាត់ទុកសកម្មភាពថតវីដេអូ និងប្រើពាក្យសម្តីមិនសមរម្យទៅលើគ្រូបង្រៀនស្រ្តីម្នាក់ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយសមន្ត្រីរាជការ ជាពិសេសគ្រូបង្រៀនជាស្ត្រី
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៦ ខែមីនានេះ បានគូសបញ្ជាក់ថា សកម្មភាពថតវីដេអូ និងប្រើពាក្យសម្តីមិនសមរម្យរបស់បុគ្គលមួយរូប ទៅលើគ្រូជាប់កិច្ចសន្យាមួយរូប នៃសាលាបឋមសិក្សាក្នុងខេត្តពោធិ៍សាត់ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយសមន្ត្រីរាជការ ជាពិសេសគ្រូបង្រៀនជាស្ត្រី។ ក្រសួងអប់រំ ក៏បានមើលឃើញថា សកម្មភាពរបស់បុគ្គលម្នាក់នេះ ក៏ជាការរំខានដល់ការបំពេញការងារ និងការរៀនសូត្ររបស់សិស្សផងដែរ។
ក្រសួងបានបញ្ជាក់ថា ក្រសួងមិនអាចទទួលយកបានជាដាច់ខាតនូវសកម្មភាពណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន។ ក្នុងន័យនេះ ក្រសួងស្នើឱ្យម្ចាស់គណនី Facebook និងអ្នកដែលបានចែកចាយបន្ត លុបវីដេអូនេះចេញជាបន្ទាន់ពីគ្រប់បណ្តាញសង្គម។
ក្រសួងក៏បានព្រមានថា ក្នុងករណីដែលមានសកម្មភាពដូចនេះ ឬសកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់គ្រូបង្រៀន ជាពិសេសសកម្មភាពអសីលធម៌នៅក្នុងបរិវេណសាលារៀន ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕