សិក្ខាសាលានៅទីក្រុងមុំបៃជួយស្ត្រីវ័យក្មេងពង្រឹងទំនាក់ទំនង

សិក្ខាសាលាមួយនៅទីក្រុងមុំបៃ ភាគខាងលិចប្រទេសឥណ្ឌា បានលើកទឹកចិត្តស្ត្រីវ័យក្មេងដែលជាអ្នកបន្តវេននៃព្រះសហគមន៍ ឱ្យពិនិត្យមើលពីរបៀបដែលទំនាក់ទំនង និងបទពិសោធន៍កន្លងមករបស់ពួកគេមានឥទ្ធិពលលើជីវិតរបស់ខ្លួន និងដើម្បីចូលទៅក្នុងជីវិតសហគមន៍ ក៏ដូចជាការប្រកាសដំណឹងល្អដោយសេរីភាព សេចក្តីរីករាយ និងភាពវិជ្ជមានកាន់តែច្រើន។

សិក្ខាសាលានេះ រៀបចំឡើងក្រោមប្រធានបទ “ទំនាក់ទំនងកំណត់យើង” ដោយមជ្ឈមណ្ឌលទំនាក់ទំនងប៉ូលីន (Pauline) ក្នុងសង្កាត់បេនដ្រា (Bandra) ទីក្រុងមុំបៃ កាលពីថ្ងៃទី២៣ ខែសីហា ដោយមានស្ត្រីដែលកំពុងស្វែងយល់ជីវិតជាដូនជីចំនួន ៣៩នាក់ មកពីសហគមន៍ចំនួន ១៤។

នាឱកាសនោះ បូជាចារ្យ បេនហួរ រ៉ូឌ្រីហ្គេស (Benhur Rodrigues) សាស្ត្រាចារ្យផ្នែកចិត្តវិទ្យា និងជាទីប្រឹក្សាយោបល់នៅសាលាទេវវិទ្យាល័យសន្តភីយូស (St. Pius Seminary) ក្នុងទីក្រុងមុំបៃ បានមានប្រសាសន៍ថា មនុស្សដែលមានអត្តសញ្ញាណរបស់ពួកគេ គឺត្រូវបានបង្កើតឡើងតាមរយៈទំនាក់ទំនងចាប់ពីដំណាក់កាលដំបូងនៃជីវិត។ លោកបានបន្តថា មនុស្ស និងបទពិសោធន៍ដែលបានជួបប្រទះតាមផ្លូវ បានបន្សល់ទុកនូវការចងចាំដែលក្លាយជាផ្នែកមួយនៃរឿងរ៉ាវរបស់មនុស្សម្នាក់ៗ និងមានឥទ្ធិពលលើរបៀបដែលពួកគេយល់អំពីខ្លួនឯង និងទំនាក់ទំនងជាមួយអ្នកដទៃ។

នាឱកាសនោះដែរ យុវតីម្នាក់ឈ្មោះ ជួជី មេនហ្គូដាយ៉ា (Jurgie Magondaya) មកពីសហគមន៍ Franciscan Hospitaller Sisters of the Immaculate Conception បាននិយាយថា វគ្គនេះបានជួយកញ្ញាឱ្យស្គាល់ចំណុចខ្លាំង និងដែនកំណត់របស់ខ្លួនកាន់តែច្បាស់។ កញ្ញាបានបន្ថែមថា ការប្រកាសដំណឹងល្អចាប់ផ្តើមជាមួយនឹងការយល់ដឹងពីរបៀបដែលមនុស្សម្នាក់បង្កើតទំនាក់ទំនង ជាពិសេសនៅក្នុងគ្រួសារ។

ដោយឡែក ដូនជី ម៉ារី អាញ៉េះ (Mary Agnes) បាននិយាយថា ប្រធានបទនេះស្របគ្នាយ៉ាងជ្រាលជ្រៅជាមួយនឹងបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកស្រី និងបានលើកទឹកចិត្តឱ្យមានការឆ្លុះបញ្ចាំងពីសារៈសំខាន់នៃទំនាក់ទំនង។ ការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ដើម្បីឱ្យកាន់តែបើកចំហក្នុងការបញ្ចេញមតិ ខណៈពេលដែលចេះស្តាប់អ្នកដទៃ បានធ្វើឱ្យម្នាក់ៗមើលឃើញទស្សនៈផ្សេងៗគ្នាកាន់តែទូលំទូលាយ៕

Daily Program

Livesteam thumbnail
khmer popup image