សាលាឧបការគុណបន្ថែមអគារថ្មី

ដោយសារសិស្សមានចំនួនកើនឡើង និងដើម្បីបំពេញតម្រូវការការសិក្សាដល់កុមារតូច ក្រុមដូនជីឧបការគុណបានសង់បន្ថែមនូវអគារមួយថ្មីទៀត ដើម្បីទទួលពួកគេ និងដាក់សម្ពោធបើកដំណើរការកាលពីថ្ងៃទី២៨ ខែកក្កដាម្សិលមិញនេះស្ថិតភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
កម្មវិធីនេះ ប្រារព្ធក្រោមអធិបតីភាពលោកអភិបាល អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង និងលោកអភិបាលសិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម និងលោទូច លីហួត តំណាងអភិបាលនៃគណៈអភិបាលក្រុងកំពង់ឆ្នាំង រួមជាមួយអាជ្ញាធរភូមិឃុំស្រុកចូលរួម លោកបូជាចារ្យ ដូនជី គ្រីស្តបរិស័ទ សិស្សានុសិស្ស ព្រមទាំងអាណាព្យាបាលសិស្សចូលរួមយ៉ាងកុះករ។
«សាលាយើងមានក្មេងកាន់តែច្រើន ដោយសារជាសាលាយាយជី គេទុកចិត្ត ដូច្នេះគេចុះឈ្មោះកាន់តែច្រើន។» នេះជាប្រសាសន៍របស់ដូនជីរ៉ុង បុប្ផា នាយិការសាលាឧបការគុណ។
នាយិការសាលាបន្តថា បច្ចុប្បន្នយើងមានកូនសិស្ស១៥០នាក់ តែនៅមានក្នុងបញ្ជីរង់ចាំដែលចុះឈ្មោះ៥០នាក់ ហើយលឺថានៅមានច្រើនទៀតចង់ចូលរៀន តែដោយសារសាលាមានចំនួនកំណត់មិនអាចទទួលទាំងអស់បាន ហេតុនេះយើងបានរិះគិតជាមួយប្រធានក្រុមដូនជីឧបការគុណរបស់យើង ដើម្បីមានអគារថ្មីថែមទៀត។
បច្ចុប្បន្នសាលាឧបការគុណទទួលខុសត្រូវដោយក្រុមដូនជីឧបការគុណ ដែលកំពុងផ្តល់ការអប់រំសិក្សាដល់កូនសិស្សពីកម្រិតមត្តេយ្យសិក្សាដល់ថ្នាក់ទី៣។ ដូនជីបុប្ផាបន្ថែមថា ក្រោយបញ្ចប់ថ្នាក់ទី៣ កុមារទាំងអស់ត្រូវទៅរៀននៅសាលារដ្ឋ ព្រោះយើងមិនទាន់មានលទ្ធភាពបន្តដល់ថ្នាក់ខ្ពស់បាន។ យើងសង្ឃឹមថា បន្តិចទៀតយើងនឹងអាចមានរហូតដល់កម្រិតចប់បឋមសិក្សាថ្នាក់ទី៦ និងដល់កម្រិតអនុវិទ្យាល័យ។
ចាន់ ស្រីនិច្ច អាយុ១៤ឆ្នាំ បច្ចុប្បន្នជាអតីតសិស្សនៃសាលាឧបការគុណ ឲ្យដឹងថា នាងបានចូលរៀននៅសាលានេះនៅអាយុ១១ឆ្នាំ ព្រោះជីវភាពនិងខ្វះមធ្យោបាយសិក្សា។ ប៉ុន្តែដោយសារសាលានេះនៅក្បែរផ្ទះ នាងអាចមករៀនបានពេញលេញ និងរីករាយជាមួយមិត្តភក្តិ។
កុមារីម្នាក់នេះ និយាយថា «សប្បាយពេលបានរៀននៅសាលានេះ អរព្រោះបានជួបគ្រូល្អ។ សិស្សត្រូវការអីគ្រូឲ្យហ្នឹង ហើយបង្រៀនឲ្យសិស្សចេះច្រើនដែរ។ ចេះភាសាខ្មែរ ចេះអង់គ្លេស និងគណិត។»
មិនសូវខុសគ្នាពីស្រីនិច្ចទេ កុមារា ទី សម្បត្តិ ចូលរៀនក្នុងវ័យច្រើនដូចគ្នា។ កុមារាវ័យ១៤ឆ្នាំនេះប្រាប់ថា ទោះបីជាគាត់បញ្ចប់ការសិក្សាថ្នាក់ទី៣ហើយក៏ដោយ ក៏គាត់នៅតែមកសាលាដូនជីដើម្បីជួយបង្រៀនដល់ប្អូនៗតូចៗឲ្យចេះអាននិងសរសេរអក្សរថែមទៀត និងរៀនបន្ថែមពីលោកគ្រូអ្នកគ្រូនៅទីនេះ។
ក្នុងពិធីនោះ លោកអភិបាលហង្សលី មានប្រសាសន៍ថា សម្មភាពរបស់ក្រុមដូនជីឧបការគុណគឺជួយបង្ហូរឧបការគុណរបស់ព្រះជាម្ចាស់តាមរយៈសសរស្តម្ភទាំងបួនរបស់ក្រុម ហើយសកម្មភាពនេះជួយដល់កុមារឲ្យរីកចម្រើន ទាំងចំណេះដឹង ចរិយាធម៌ សីលធម៌ និងរបៀបរស់នៅជាមួយគ្នា ទាំងក្នុងគ្រួសារនិងសង្គមជាតិ។
សសរស្តម្ភរបស់ក្រុមដូនជីឧបការគុណរួមមាន ក្រីក្រ សប្បុរស សាមញ្ញ និងពឹងលើឧបការគុណរបស់ព្រះជាម្ចាស់។
ក្នុងនោះដែរលោកអភិបាលបានអរគុណនិងសំណូមពរបន្ថែមដល់អាជ្ញាធរមូលដ្ឋាន សូមជួយគាំពារនិងគាំទ្រដល់សកម្មភាពរបស់ក្រុមដូនជីដើម្បីឲ្យពួកគាត់អាចបណ្តុះបណ្តាលកុមារដោយប្រសិទ្ធភាព។
លោកអភិបាលអេនរីគេ ហ្វីការេដូ បញ្ជាក់ផងដែរថា សកម្មភាពរបស់ក្រុមដូនជីរួមគ្នាធ្វើកិច្ចការអប់រំនេះ ដើម្បីឲ្យមានបរិយាប័ន្នក្នុងសង្គម មិនបោះបង់នរណាឲ្យនៅក្រៅសង្គមឡើយ។ នេះជាការបង្ហាញពីសេចក្តីស្រឡាញ់ ដែលបញ្ជាក់ថា យើងជាបងប្អូននឹងគ្នា។
សាលាឧបការគុណត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២។ នេះជាសាលាដូនជីឧបការគុណដំបូងគេបន្ទាប់ពីសង្គ្រាមស៊ីវិលបានបញ្ចប់នៅក្នុងប្រទេសកម្ពុជា។ មុនឆ្នាំ១៩៧៥ ក្រុមដូនជីឧបការគុណមានសាលាអប់រំយុវតីជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា ដែលមានឈ្មោះល្បីល្បាញ ក្នុងចំណោមប្រជាជនខ្មែរ ដែលមាននៅជ្រោយចង្វារ និងខេត្តកែបជាដើម។
បច្ចុប្បន្នក្រុមដូនជីឧបការគុណ ជួយដល់សកម្មភាពព្រះសហគមន៍តាមរយៈបង្រៀនអប់រំជំនឿ បម្រើពិធីបុណ្យនិងសង្គហៈ ទទួលអប់រំកុមារនិងយុវជននិងឲ្យពួកគេស្នាក់នៅដើម្បីបន្តការសិក្សានៅគ្រប់កម្រិត និងមើលថែរក្សាកុមារមានពិការភាពជាដើម៕
ដោយកែវ កញ្ញា











Daily Program
