សារវីដេអូ របស់សម្តេចប៉ាប៖ «ចូរលើកកម្ពស់ផ្លូវវិញ្ញាណតាមរយៈអភិបូជា នៅតាមព្រះសហគមន៍ក្នុងស្រុករបស់អ្នក»
សម្តេចប៉ាប ឡេអូ ទី ១៤ បានទាមទារ និងដាស់តឿនព្រះសហគមន៍កាតូលិកក្នុងតំបន់អាស៊ី ឱ្យលើកកម្ពស់ផ្លូវវិញ្ញាណតាមរយៈអភិបូជា ឱ្យកាន់តែជ្រាលជ្រៅនៅតាមសហគមន៍កាតូលិកក្នុងស្រុកនីមួយៗ ដោយទ្រង់មានបន្ទូលថា វាជាគ្រឹះនៃឯកភាពនៃព្រះសហគមន៍ង ជាសោរដ៏សំខាន់ក្នុងការក្លាយជាអ្នកកសាងស្ពានមេត្រីភាពពិតប្រាកដនៅទូទាំងទ្វីប។
សារវីដេអូរបស់សម្តេចប៉ាប ត្រូវបានពាំនាំតាមរយៈវីដេអូខ្លីមួយ ដែលបានចាក់ផ្សាយនៅរសៀលថ្ងៃទី ២៥ ខែកក្កដា នៅបន្ទប់វ៉ាន់ដា (Vanda Room) នៃសណ្ឋាគារ Mulia ក្រុងហ្សាការតារ ក្នុងឱកាសមហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោកអភិបាលកាតូលិកអាស៊ី (FABC)។
មានបន្ទូលទៅកាន់លោកអភិបាល ក្រុមបូជាចារ្យ គ្រហស្ថ និងប្រតិភូតំណាងមកពីទូទាំងតំបន់អាស៊ី សម្តេចប៉ាប ឡេអូ បានបញ្ជាក់ពីការគង់នៅជិតស្និទ្ធខាងវិញ្ញាណរបស់ទ្រង់ ជាមួយពួកគេ ខណៈដែលពួកគេកំពុងសញ្ជឹងគិតអំពីបេសកកម្មនាពេលអនាគតរបស់ព្រះសហគមន៍នៅលើទ្វីបនេះ។
«បងប្អូនប្រុសស្រីជាទីស្រឡាញ់នៅក្នុងព្រះគ្រីស្ត ខ្ញុំសូមជម្រាបសួរយ៉ាងកក់ក្តៅបំផុតដល់បងប្អូនទាំងអស់គ្នា ដែលកំពុងចូលរួមក្នុងមហាសន្និបាតពេញអង្គ នៃសភាលោកអភិបាលកាតូលិកអាស៊ី នៅក្រុងហ្សាការតារ»។
ដោយយោងទៅលើឯកសារណែនាំរបស់ព្រះអង្គដែលបានបោះពុម្ពផ្សាយកាលពីពេលថ្មីៗនេះ មានចំណងជើងថា Magnifica Humanitas សម្តេចប៉ាប ឡេអូ បានរំលឹកប្រតិភូទាំងឡាយថា សាមគ្គីភាពរបស់គ្រីស្តបរិស័ទគឺមានឫសគល់នៅក្នុងព្រះគ្រីស្ត និងត្រូវបានចិញ្ចឹមបីបាច់តាមរយៈអភិបូជា។
«ខ្ញុំបានសរសេរថា សាមគ្គីភាពរបស់គ្រីស្តបរិស័ទស្វែងរកប្រភពដើមរបស់ខ្លួននៅក្នុងអាថ៌កំបាំងនៃព្រះគ្រីស្ត និងកើតចេញពីការរួមផ្សំគ្នារបស់យើងនៅក្នុងពិធីអភិបូជា ជាពិសេសគឺពិធីអរព្រះគុណ» នេះជាបន្ទូលរបស់សម្តេចប៉ាប។
បន្ទាប់មក ទ្រង់បានធ្វើការអំពាវនាវដោយផ្ទាល់ទៅកាន់លោកអភិបាលទាំងឡាយ៖
«ដោយសារហេតុផលនេះ ខ្ញុំចង់លើកទឹកចិត្តអ្នករាល់គ្នា ឱ្យបន្តលើកកម្ពស់ផ្លូវវិញ្ញាណតាមរយៈពិធីអភិបូជា នៅតាមសហគមន៍កាតូលិកក្នុងស្រុករបស់អ្នក»។
សម្តេចប៉ាបបានពិពណ៌នាអំពីផ្លូវវិញ្ញាណនេះថា ជាវិធីដែលលើកកម្ពស់ឯកភាពនៃព្រះសហគមន៍ តាមរយៈសេចក្តីមេត្តាករុណាដែលហូរចេញពីអំណោយទានរបស់ព្រះអម្ចាស់ នៅក្នុងពិធីអរព្រះគុណ។
«វាគឺជាវិញ្ញាណនៃឯកភាពព្រះសហគមន៍ ដែលផ្អែកលើសេចក្តីស្រឡាញ់ មេត្តា ដែលហូរចេញពីអំណោយទាននៃព្រះអម្ចាស់របស់យើងនៅក្នុងពិធីអរព្រះគុណ»។
យោងតាមសម្តេចប៉ាប ឡេអូ ពិធីអភិបូជាបានជួយឲ្យជីវិតព្រះសហគមន៍ក្នុងស្រុក ក៏ដូចជាតំបន់នៅអាស៊ី អាចធ្វើជាសាក្សីដល់ដំណឹងល្អកាន់តែប្រសើរបន្ថែមទៀត។
«ខ្ញុំសង្ឃឹមថា ចំណងព្រះកាយព្រះគ្រីស្តទាំងមូលដ្ឋាន និងរវាងសហគមន៍កាតូលិកក្នុងស្រុក នឹងត្រូវបានពង្រឹង ហើយក្លាយជាទីសំគាល់កាន់តែធំធេងនៃវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសផ្សេងៗរបស់អ្នក ដែលជាថ្នូរនឹងជួយអ្នកឱ្យក្លាយជាអ្នកកសាងស្ពានជាមួយគ្នានៅទូទាំងតំបន់អាស៊ី»។
សម្តេចប៉ាបបានភ្ជាប់ទស្សនវិស័យនេះទៅនឹងប្រធានបទនៃមហាសន្និបាត FABC ដែលដកស្រង់ចេញពីបន្ទូលរបស់ព្រះយេស៊ូទៅកាន់លោក ណាថាណាអែល៖ «អ្នកនឹងបានឃើញការអស្ចារ្យលើសពីនេះទៅទៀត»។ ទ្រង់មានបន្ទូលថា ព្រះគ្រីស្តមិនត្រឹមតែជាប្រភពនៃការរួមផ្សំគ្នារបស់មនុស្សជាតិជាមួយព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ជាប្រភពទាក់ទងរវាងយើងនិងព្រះអង្គ និងយើងនិងអ្នកដទៃផងដែរ។
សារលិខិតរបស់ទ្រង់បានឆ្លុះបញ្ចាំងពីប្រធានបទស្នូលមួយនៃសន្និបាតរយៈពេលមួយសប្តាហ៍នេះ ដែលប្រតិភូបានសញ្ជឹងគិតអំពីការប្រែចិត្តគំនិតបែបស៊ីណូដាល និងការអនុវត្តស៊ីណូដាលស្តីពីភាពជាស៊ីណូដាល។ នៅរាល់ការជួបជុំគ្នា អ្នកចូលរួមបានសង្កត់ធ្ងន់ថា ការរួមផ្សំគ្នាកាន់តែរឹងមាំរវាងសហគមន៍កាតូលិកក្នុងស្រុក គឺជារឿងចាំបាច់ ប្រសិនបើព្រះសហគមន៍នៅអាស៊ីត្រូវបំពេញបេសកកម្មរបស់ខ្លួនជាអ្នកកសាងស្ពានមេត្រីភាព នៅក្នុងសង្គមដែលមានបក្សពួក វប្បធម៌ និងសាសនាចម្រុះ។
នៅចុងបញ្ចប់នៃសារលិខិត សម្តេចប៉ាប ឡេអូ បានផ្ញើមហាសន្និបាតនេះទៅក្រោមការជួយជ្រោមជ្រែងពីព្រះនាងម៉ារី ជាព្រះមាតានៃព្រះសហគមន៍ «មិត្តភក្តិជាទីស្រឡាញ់ ក្នុងការផ្ញើអ្នករាល់គ្នា និងការពិភាក្សារបស់អ្នកទៅព្រះនាងម៉ារី ជាព្រះមាតានៃព្រះសហគមន៍ ខ្ញុំសូមប្រសិទ្ធពរជ័យ និងប្រទានពរដល់គ្រីស្តបរិស័ទ នូវអំណោយទាននៃប្រាជ្ញា និងភាពក្លាហានស៊ូទ្រាំពីព្រះអម្ចាស់ជូនចំពោះអ្នករាល់គ្នា»។
ទ្រង់បានបញ្ចប់ដោយការប្រទានពរក្នុងនាមជាគ្រីស្តទូត ជូនដល់អ្នកចូលរួមទាំងអស់នៅក្នុងមហាសន្និបាត៕