សាមគ្គីធម៌ និងសន្តិភាព៖ អភិបាលព្រះសហគមន៍កាតូលិនា សួរសុខទុក្ខជនភៀសសឹកនៅខេត្តបាត់ដំបង ក និងព្រះសង្ឃពុទ្ធសាស
កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ពនៅជួរមុខក្នុងខេត្តពោធិ៍សាត់ រួមជាមួយអគ្គនាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិ ក្នុងបរិយាកាសស្និទ្ធស្នាល ការគោរពគ្នាទៅវិញទៅមក និងប្រកបដោយភាតរភាព។
នេះគឺជាឱកាសមួយក្នុងការចូលរួមឧបត្ថម្ភ ជាស្បៀងអាហារ និងសម្លៀកបំពាក់ ជូនបងប្អូនវីរៈកងទ័ពខ្មែរ និងដើម្បីលើកទឹកចិត្តពួកគាត់នៅតំបន់ក្តៅ តាមព្រំដែន។
ក្នុងស្មារតីមេត្តាធម៌ និងសន្តិភាព កាលពីយប់ថ្ងៃទី១៨ និងព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានរួមដំណើរជាមួយព្រះសង្ឃជាព្រះចៅអធិការវត្ត ចំនួន៧វត្ត មកពីស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ទៅចែកជូនគ្រួសារភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្នតាមវត្តអារាមនានា ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
អំណោយសប្បុរសធម៌ទាំងនោះ រួមមានស្បៀងអាហារចាំបាច់ដូចជា អង្ករ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអុីវ អំបិល ទឹកដោះគោ និងបន្លែស្រស់ៗ។ ក្រៅពីនេះ ក៏មានសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងភួយ ដើម្បីផ្តល់ភាពកក់ក្តៅផងដែរ។
សម្ភារទាំងអស់នេះ បានពីការរៀបចំ ដោយវត្តអង្គមន្ត្រី (ស្រុកត្រាំកក់ ខេត្តតាកែវ) និងព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម (ចំការទៀង ខេត្តតាកែវ)។ នេះគឺជាសញ្ញាពិសេសនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងសហគមន៍ពុទ្ធបរិស័ទ និងគ្រីស្តបរិស័ទកាតូលិក នៅក្នុងគ្រាដ៏លំបាកនេះ។
ប្រជាពលរដ្ឋភៀសសឹកទាំងនេះ បានចាកចេញពីផ្ទះសម្បែង ដើម្បីស្វែងរកទីជម្រកសុវត្ថិភាពបណ្តោះអាសន្ននៅតាមវត្តអារាមនានា បន្ទាប់ពីការប្រយុទ្ធគ្នា និងការបាញ់ផ្លោងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ក្នុងពេលសំណេះសំណាលជាមួយប្រជាជនភៀសសឹក លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍ដោយក្ដីក្ដុកក្ដួលថា៖ «យើងសង្ឃឹមថា អំណោយទាំងនេះ នឹងអាចជួយសម្រាលទុក្ខលំបាក និងជាការលើកទឹកចិត្តដល់បងប្អូនក្នុងគ្រាលំបាកនេះ។ យើងចង់ឱ្យមានសន្តិភាព និងការស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ក្នុងនាមជាគ្រួសារតែមួយ»។ ជាពិសេសសុំឲ្យមានសនិ្តភាពឆាប់ៗ ដើម្បីបងប្អូនឆាប់បានត្រលប់ទៅផ្ទះវិញ។
សកម្មភាពរួមគ្នានេះ ជាសក្ខីភាពយ៉ាងរស់រវើកនៃកិច្ចសហប្រតិបត្តិការអន្តរសាសនារវាងព្រះពុទ្ធសាសនា និងព្រះសហគមន៍កាតូលិកនៅកម្ពុជា។ នេះសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការកសាងសន្តិភាព និងសុខដុមរមនាសង្គម ដោយរួមសាមគ្គីគ្នាដើម្បីជួយដល់ប្រជាជន ក្នុងគ្រា គ្រោះអាសន្ន និងរងទុក្ខវេទនានេះ៕