សហរដ្ឋអាមេរិកបានលើកឡើងពីភាពចាំបាច់នៃ “ការផ្លាស់ប្តូរ” បន្ទាប់ពីម៉ាឌូរ៉ូ នៅ វ៉េណេហ្ស៊ុអេឡា

ប្រមុខថ្មីនៃបេសកកម្មការទូតរបស់សហរដ្ឋអាម៉េរិកសម្រាប់វ៉េណេហ្ស៊ូអេឡា លោកស្រី​ឡូរ៉ា ដូហ្គូ បានលើកឡើងកាលពីថ្ងៃទី២ ខែកុម្ភៈ នៅអំឡុងជំនួបលើកទី១ របស់លោកស្រី​ជាមួយ​ប្រធានាធិបតីស្តីទីវ៉េណេហ្ស៊ូអេឡា លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេ អំពីភាពចាំបាច់​នៃការ​ផ្លាស់​ប្តូរ​នៅវ៉េណេហ្ស៊ូអេឡា បន្ទាប់ពីមួយខែនៃការចាប់ខ្លួនប្រធានាធិបតីវ៉េណេហ្ស៊ូអេឡា លោក​នីកូឡា ម៉ាឌូរ៉ូ ដោយទាហានអាម៉េរិក។

នៅពេលមកដល់ទីក្រុងការ៉ាកាស លោកស្រីឡូរ៉ា ដូហ្គូ បានសរសេរនៅលើបណ្តាញសង្គម​ អ៊ិក X របស់លោកស្រីថា លោកស្រីបានជួបលោកស្រីដេលស៊ី រ៉ូឌ្រីហ្គេ និងលោក ហ្ស័ហ្ស រ៉ូឌ្រីហ្គេ ប្រធានសភាជាតិ ដើម្បីនិយាយម្តងទៀតអំពីដំណាក់កាលទាំងបី ដែលប្រមុខការទូត​អាម៉េរិក លោកម៉ាកូ រូប៊ីយ៉ូ បានស្នើសម្រាប់វ៉េណេហ្ស៊ូអេឡា នោះគឺ ស្ថិរភាព ការចាប់ផ្តើម​ដំណើរ​ការសេដ្ឋកិច្ច និងផ្សះផ្សារជាតិឡើងវិញ និងការផ្លាស់ប្តូរ (អន្តរកាលអំណាច)។

ទន្ទឹមពេល​ជាមួយគ្នាដែរ លោកស្រីដេលស៊ី រ៉ូឌ្រីហ្គេ បានតែងតាំង​អតីតរដ្ឋមន្រ្តីកិច្ចការ​បរទេស​​​លោកហ្វ៉េលីក ប្លាសង់ស្យា ជាប្រមុខបេសកកម្មការទូត​នៅសហ​រដ្ឋអាម៉េរិក។ ការ​តែងតាំង​លោកហ្វ៉េលីក ប្លាសង់ស្យា គឺជាការកត់សម្គាល់នូវរបត់នៅក្នុងទំនាក់ទំនងរវាង​ទីក្រុង​​​វ៉ាស៊ីនតុន និងទីក្រុងការ៉ាកាស។ ទំនាក់ទំនងនេះត្រូវបានកាត់ផ្តាច់នៅឆ្នាំ២០១៩ នៅ​ពេល​សហរដ្ឋអាម៉េរិក ក្រោមអណត្តិ​លើកទី១ នៃប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានតវ៉ាអំពីការជាប់ឆ្នោតម្តងទៀត​របស់ប្រធានាធិបតីលោកនីកូឡា ម៉ាឌូរ៉ូ និង​បាន​ជ្រើសរើស​ទទួលស្គាល់ជំនួសវិញនូវរដ្ឋាភិបាលស្របគ្នា(parallèle) ​ដែលដឹកនាំដោយបក្សប្រឆាំង លោក ហ្ស័ន ហ្គៃដូ។

លោកអ៊ីវ៉ាន់ ហ្ស៊ីល រដ្ឋមន្រ្តីការបរទេសវ៉េណេហ្ស៊ូ​អេឡា បានបញ្ជាក់ថា ៖ “ការចាប់ដំណើរការ ទាំង​តំណាងការទូតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅវ៉េណេហ្ស៊ូអេឡា ដែល​នឹងដឹកនាំ​ដោយ​លោកស្រីឡូរ៉ា ដូហ្គូ និងទាំងតំណាងការទូតរបស់យើងនៅវ៉ាស៊ីនតោន នឹងប្រព្រឹត្តទៅ​ក្នុង​រយៈពេលពីរបីថ្ងៃខាងមុខនេះ។  លោកអ៊ីវ៉ាន់ ហ្ស៊ីល បានបន្តថា រដ្ឋាភិបាល​វ៉េណេហ្ស៊ូអេឡា បានបញ្ជាក់អំពីភាពចាំបាច់នៃការស្ថាបនារបៀបវារៈក្នុងន័យស្ថាបនា សន្តិភាព ការគោរព និងរបៀបវារៈ​ដែលស្របតាមយ៉ាងល្អឥតខ្ចោះ​ទៅនឹងគោលការណ៍​នៃ​ច្បាប់​​អន្តរជាតិ​ដើម្បីយើងអាចកំណត់ទិសដៅម៉ឺងម៉ាត់លើទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និង​វ៉េណេហ្ស៊ូអេឡា និងឆ្ពោះទៅកាន់ផ្លូវនៃសុភមង្គល់សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ 

លោកអ៊ីវ៉ាន់ ហ្ស៊ីល ក៏បានអំពាវនាវនៅក្នុងបំណងប្រាថ្នារបស់លោកឲ្យមានការដកទណ្ឌកម្ម​សេដ្ឋកិច្ចរបស់អាម៉េរិកនៅក្នុងក្របខណ្ឌការទូត។

ចំណែកប្រមុខបក្សប្រឆាំងវ៉េណេហ្ស៊ូអេឡា លោកស្រីម៉ារីយ៉ា កូរីណា ម៉ាចាដូ ពានរង្វាន់​ណូបែល​សន្តិភាព ក៏បានប្រើពាក្យ ផ្លាស់ប្តូរ ដោយលើកឡើងអំពីលទ្ធភាពនៃជំនួប​ជាមួយ​លោក​ស្រីដេលស៊ី រ៉ូឌ្រីហ្គេផងដែរ។ យោងតាមសារចម្លងនៃជំនួបជាមួយសារព័ត៌មានកូឡុំប៊ី ដែល​បានផ្សាយជាសាធារណៈ លោកស្រី ម៉ារីយ៉ា កូរីណា ម៉ាចាដូ បានបញ្ជាក់ថា វានឹង​មាន​ការ​ចាំបាច់ដើម្បីផ្លាស់ប្តូរយោបល់​ក្នុងអំឡុងជំនួបមួយដើម្បីកំណត់បរិច្ឆេទក្នុងការផ្លាស់ប្តូរ​អំណាច ដែល​​រឿងនេះនឹងត្រូវធ្វើ។  លោកស្រីបានបន្ថែមថា ប៉ុន្តែរដ្ឋាភិបាលប​ណ្តោះអាសន្ន​របស់​​លោកស្រី​​ដេលស៊ី រ៉ូឌ្រីហ្គ៉េ នៅតែជាម៉ាហ្វីយ៉ា។

នៅខណៈដែលលោកដូណាល់ ត្រាំ ធ្វើឲ្យមានភាពធម្មតា​នូវទំនាក់ទំនងរបស់លោកជាមួយ​រដ្ឋ​អំណាចវ៉េណេហ្ស៊ូអេឡា បន្ទាប់ពីអាម៉េរិកចាប់ខ្លួនលោកប្រធានាធិបតីម៉ាឌូរ៉ូ និងភរិយា​នៅ​អំឡុង​ប្រតិបត្តិការយោធាដ៏អស្ចារ្យមួយនៅទីក្រុងការ៉ាកាស តួនាទីដែលបាន​កំណត់​សម្រាប់​លោក​ស្រីម៉ារីយ៉ា កូរីណា ម៉ាចាដូ នៅក្នុងទិដ្ឋភាពអនាគតនយោបាយ​នៃ​ប្រទេស​វ៉េណេហ្ស៊ូអេឡា នៅតែដឹងមិនពិតប្រាកដ។

 

Daily Program

Livesteam thumbnail