សហភាពអឺរ៉ុប និងយូនីសេហ្វ ផ្តល់ជំនួយជាសម្ភារមនុស្សធម៌សង្គ្រោះជីវិត ជូនដល់កុមារ និងគ្រួសារភៀសសឹកដោយសារវិបត្តិនៅតាមព្រំដែនក្នុងប្រទេសកម្ពុជា
លោក អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានអញ្ជើញចូលរួមជាមួយ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង លោកវេជ្ជបណ្ឌិត Anirban Chatterjee នាយករងយូនីសេហ្វប្រចាំកម្ពុជា ដើម្បីប្រគល់សម្ភារសង្គ្រោះបន្ទាន់ជានិមិត្តរូបជូនដល់គ្រួសារភៀសសឹកនៅជំរំភៀសសឹក វត្តកណ្តោល។
សម្ភារសង្គ្រោះបន្ទាន់ទាំងអស់មានប្រមាណ ៣០តោន ដែលជាសកម្មភាពរួមគ្នានេះ បង្ហាញពីការឆ្លើយតបរបស់សហភាពអឺរ៉ុបចំពោះវិបត្តិនៅតាមព្រំដែន សម្រាប់ការជួយគាំទ្រដល់ប្រជាជនប្រមាណ ១៥,០០០ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ នៅតាមបណ្តាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប និងព្រះវិហារ។
សម្ភារទាំងនោះរួមមាន តង់ និងកៅស៊ូតង់សម្រាប់ប្រើប្រាស់ជាកន្លែងសិក្សាបណ្តោះអាសន្ន និងទីកន្លែងកុមារមេត្រី ដើម្បីធានាថាកុមារអាចបន្តការសិក្សារបស់ពួកគេក្នុងបរិយាកាសដែលមានសុវត្ថិភាព។ ការផ្តល់ជូននេះក៏រួមបញ្ចូលផងដែរនូវកញ្ចប់អនាម័យ អំពូលសូឡា សម្ភារសុខភាព អនាម័យ និងទឹកស្អាតផ្សេងទៀត ដើម្បីជួយឱ្យគ្រួសារនីមួយៗអាចរក្សាបាននូវសុខភាព និងសេចក្តីថ្លៃថ្នូរ ក្នុងអំឡុងពេលស្នាក់នៅជំរំបណ្តោះអាសន្នទាំងនោះ។
លោក អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ យើងមានមោទកភាពក្នុងការផ្តល់ជូនសម្ភារចាំបាច់តាមរយៈភាពជាដៃគូជាមួយយូនីសេហ្វប្រចាំកម្ពុជា បន្ថែមពីលើការគាំទ្រផ្នែកសុខភាពផ្លូវចិត្តដែលកំពុងអនុវត្តដោយអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) ដើម្បីផ្តល់សេវាកម្មប្រឹក្សាផ្លូវចិត្តដែលបង្កដោយជម្លោះប្រដាប់អាវុធដល់ប្រជាជនភៀសសឹក ។ សហភាពអឺរ៉ុបប្តេជ្ញាគាំទ្រកម្ពុជា និងដៃគូក្នុងការការពារសុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់កុមារ និងគ្រួសារភៀសសឹកគ្រប់រូប»។
លោកវេជ្ជបណ្ឌិត Anirban Chatterjee នាយករងយូនីសេហ្វប្រចាំកម្ពុជាបានលើកឡើងថា៖ «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាពអឺរ៉ុបសម្រាប់គាំទ្រដល់កុមារ និងគ្រួសារជនភៀសសឹកក្នុងអំឡុងពេលមានវិបត្តិនេះដែលផ្តល់ឲ្យពួកគេទទួលបាននូវសេវាចាំបាច់នានា និងឱកាសក្នុងការកសាងអនាគតឡើងវិញ។ ការគាំទ្រនេះនឹងជួយធានាថាកុមារតូចៗនៅតែអាចបន្តការរៀនសូត្រ គ្រួសារសម្ភារបរិក្ខាទឹកស្អាត និងអនាម័យប្រើប្រាស់ ហើយសហគមន៍អាចរក្សាបាននូវសុខភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងអំឡុងពេលដែលពួកគេកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះ»។
សហភាពអឺរ៉ុប និងយូនីសេហ្វ នៅតែបន្តប្តេជ្ញាចិត្តក្នុងការធានាថាកុមារ និងគ្រួសារពួកគេទទួលបានជំនួយចាំបាច់ ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងត្រៀមបង្ការ និងការស្តារឡើងវិញសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ដោយសារវិបត្តិនៅតាមព្រំដែននេះ៕