សម្តេចប៉ាប ឡេអូ សម្រេចព្រះទ័យបញ្ជូនជំនួយទៅកាន់ប្រទេសនេប៉ាល់
តាមរយៈទីស្នាក់ការកណ្តាលសម្រាប់សេវាកម្មសប្បុរសធម៌ សម្តេចប៉ាប ឡេអូទី១៤ បានសម្រេចបញ្ជូនការគាំទ្រផ្នែកហិរញ្ញវត្ថុទៅកាន់អង្គការ ការីតាស នេប៉ាល់ ដើម្បីជួយគាំទ្រដល់ប្រតិបត្តិការសង្គ្រោះដែលនៅតែបន្ត ខណៈដែលចំនួនអ្នកស្លាប់នៅក្នុងតំបន់រងផលប៉ះពាល់បានកើនឡើងជារៀងរាល់ម៉ោង។
គិតត្រឹមថ្ងៃចន្ទ មានសេចក្តីរាយការណ៍ថា មានមនុស្សជាង ៦៣០នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ និងប្រហែល ៣,០០០នាក់នៅតែបាត់ខ្លួន។
ប្រភពពី វ៉ាទីកង់ញូវ (Vatican News) បានរាយការណ៍ថា បន្ទាប់ពីបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះគ្រោះទឹកជំនន់ដ៏សាហាវឃោរឃៅនៅប្រទេសនេប៉ាល់ កាលពីថ្ងៃពុធ ទី២៦ ខែសីហា សម្តេចប៉ាប ឡេអូ បានបញ្ជូនជំនួយផ្នែកហិរញ្ញវត្ថុជាបន្ទាន់ ក្រោមការសម្របសម្រួលពីស្ថានឯកអគ្គរាជទូតសន្តអាសនៈប្រចាំនៅប្រទេសនេប៉ាល់ ដើម្បីបំពេញតម្រូវការបន្ទាន់បំផុតរបស់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ។
ការចូលរួមវិភាគទាននេះ នឹងជួយឱ្យអង្គការ ការីតាស នេប៉ាល់ ក្រោមការដឹកនាំរបស់ព្រះសហគមន៍ អាចបន្តសកម្មភាពនានាដែលបានចាប់ផ្តើមរួចហើយចាប់តាំងពីម៉ោងដំបូងៗបន្ទាប់ពីទឹកជំនន់មក ពោលគឺការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដូចជា អាហារ តម្រូវការចាំបាច់មូលដ្ឋាន និងទីជម្រកសម្រាប់អ្នកដែលបានបាត់បង់ទ្រព្យសម្បត្តិអស់។
លោកអភិបាល ល្វីស ម៉ាទីន ដេ សាន ម៉ាទីន (Luis Marín de San Martín) ជាអភិបាលព្រះសហគមន៍កាតូលិកនៅនេប៉ាល់ បានមានប្រសាសន៍ថា នេះគឺជាជំនួយដំបូងដែលសម្តេចប៉ាបបានសម្រេចចិត្តផ្តល់ជូន ដើម្បីបំពេញតម្រូវការបន្ទាន់របស់ប្រជាជននេប៉ាល់។ លោកអភិបាលបានលើកឡើងថា នេះគឺជាសញ្ញាបង្ហាញយ៉ាងឆាប់រហ័ស និងជាក់ស្តែង ជាពិសេសសម្រាប់អ្នកដែលងាយរងគ្រោះបំផុត ដើម្បីចូលរួមរំលែកទុក្ខសោកដ៏ក្រៀមក្រំនេះ៕
