សម្តេចប៉ាបៈ ព្រះសហគមន៍កាតូលិកត្រូវតែឆ្លើយតបទៅនឹងបដិវត្តន៍ឌីជីថល

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងសុន្ទរកថាដំបូងរបស់ទ្រង់ទៅកាន់ក្រុមប្រឹក្សាលោកកាឌីណាល់ សម្តេចប៉ាប ឡេអូទី ១៤ បានអំពាវនាវឱ្យព្រះសហគមន៍បន្តគោលដៅដែលជាកេរ្តិ៍ដំណែលបន្សល់ទុករបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ និង សម្តេចប៉ាបឡេអូទី ១៣។
សម្តេចប៉ាបបានមានបន្ទូលថា ទ្រង់ចង់ឱ្យព្រះសហគមន៍កាតូលិកឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មថ្មី និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត។
នៅក្នុងសុន្ទរកថាផ្លូវការដំបូងរបស់ទ្រង់សម្តេចប៉ាបបានបង្ហាញពីការបំផុសគំនិតនៅពីក្រោយព្រះនាមដែលទ្រង់បានជ្រើសរើស ពោលគឺ បង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ព្រះសហគមន៍ចំពោះការរក្សាបាននូវសេចក្តីថ្លៃថ្នូររបស់មនុស្ស និងយុត្តិធម៌សង្គម។
កន្លងមកអ្វីដែលគេដឹងនោះ គឺថា សម្តេចប៉ាបឡេអូទី ១៣ គឺទ្រង់ផ្តោតសំខាន់និងតម្រង់គោលដៅរបស់ព្រះសហគមន៍ពាក់ព័ន្ធនឹងបរិវត្តន៍ឧស្សាហកម្ម រីឯសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ គឺទ្រង់តែងតែសង្កត់ធ្ងន់នៅលើបញ្ហាបញ្ញាសិប្បនិម្មិត។
សម្តេចប៉ាបបានមានបន្ទូលថា ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម និងការវិវត្តន៍នៃបញ្ញាសិប្បនិមិត្ត ព្រះសហគមន៍ចាំបាច់ណាស់ត្រូវយកចិត្តទុកដាក់។
នៅក្នុងនាមជាអ្នកបន្តវេនពីសន្តសិលាម្នាក់ សម្តេចប៉ាប បានមានបន្ទូលថា ការទទួលខុសត្រូវនេះគឺធំធេងណាស់ ហើយក៏អាចនឹងហួសពីកម្លាំងរបស់ទ្រង់ ដូច្នេះហើយទ្រង់ត្រូវការការចូលរួមគាំទ្រពីកម្លាំងនានានៅក្នុងព្រះសហគមន៍។
ពាក់ព័ន្ធនឹងអ្វីដែលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានបន្សល់ទុក សម្តេចប៉ាបបានមានបន្ទូលថា សូមឲ្យយើងរក្សាកេរដំណែលដ៏មានតម្លៃនេះ ហើយបន្តដំណើររបស់យើងឡើងវិញ៕
Daily Program
