សម្តេចប៉ាបឡេអូអធិស្ឋានសម្រាប់ជនរងគ្រោះនៃការវាយប្រហារនៅទីក្រុងស៊ីដនី
សម្តេចប៉ាបឡេអូទី១៤ បានសោកស្តាយនិងអធិដ្ឋានជូនដល់ជនរងគ្រោះនិងក្រុមគ្រួសាររបស់ជនរងគ្រោះ ក្នុងការបាញ់ប្រហារដោយហិង្សានៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ការអធិដ្ឋានេះធ្វើឡើងក្នុងពេល សម្តេចប៉ាបថ្លែងទៅកាន់ក្រុមដែលបានបរិច្ចាគដើមឈើណូអែល និងការរៀបចំតុបតែងសម្រាប់បុណ្យព្រះយេស៊ូនៅបុរីវ៉ាទីកង់នៅឆ្នាំនេះ ។
នាឱកាសនោះ សម្តេចប៉ាបឡេអូ បានគូសបញ្ជាក់ពីភាពស្និទ្ធស្នាលរបស់ទ្រង់ចំពោះមនុស្សជាតិ និងអំពាវនាវឱ្យមានការអធិស្ឋានសម្រាប់ជនរងគ្រោះដោយសារសង្គ្រាម និងអំពើហិង្សា ជាពិសេសជនរងគ្រោះនៃការវាយប្រហារភេរវកម្មនៅថ្ងៃអាទិត្យលើសហគមន៍យូដានៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា ដើមណូអែល និង ការរៀបចំសម្រាប់បុណ្យព្រះយេស៊ូប្រសូត្រ គឺជា «សញ្ញានៃជំនឿ និងក្តីសង្ឃឹម»។ ខណៈនោះ សម្តេចប៉ាបបានទូលអង្វរសុំព្រះជាម្ចាស់ប្រទានអំណោយនៃសន្តិភាព និងភាតរភាពមកកាន់មនុស្សជាតិ។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា គ្រប់គ្រាន់ហើយជាមួយនឹងទម្រង់នៃអំពើហិង្សាប្រឆាំងនឹងមនុស្សជាតិ ។ យើងត្រូវតែលុបបំបាត់ការស្អប់ខ្ពើមចេញពីចិត្តរបស់យើង៕