សម្តេចប៉ាបឡេអូទី១៤សង្កត់ធ្ងន់រឿងបទឈប់បាញ់ និងជំនួយសម្រាប់តំបន់ហ្គាហ្សា

ក្នុងអំឡុងពេលសាវនាការការងារជាលក្ខណៈឯកជនជាមួយនឹងប្រធានាធិបតីអ៊ីស្រាអែល លោក អ៊ីសាអាក ហេហ្សូក ( Isaac Herzog ) សម្តេចប៉ាបឡេអូទី១៤ បានពិភាក្សាលើប្រធានបទសំខាន់តែពីរទេគឺអំពីតម្រូវការសម្រាប់បទឈប់បាញ់បន្ទាន់ និងការទទួលបានជំនួយដោយគ្មានការរារាំងសម្រាប់តំបន់ហ្គាស្សា ក៏ដូចជាការរំដោះចំណាប់ខ្មាំងដែលនៅសល់ទាំងអស់ និងដំណោះស្រាយរដ្ឋពីរដែលជាផ្លូវតែមួយគត់ដើម្បីសន្តិភាព។
វ៉ាទីកង់ញូវបានរាយការណ៍ថា ជំនួបនេះ គឺបានធ្វើកាលពីសប្តាហ៍មុន នៅពេលដែលលោក អ៊ីសាអាក ហេហ្សូក បានមកបំពេញទស្សនៈកិច្ច នៅទីក្រុងរ៉ូម ហើយក្រោយពេលជួបសម្តេចប៉ាបរួច លោក ក៏បានបន្តជួបលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តី និង លោក អគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិ។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យព័ត៌មានសន្តអសនៈបានឲ្យដឹងថា ជំនួបនោះ គឺមានការពិភាក្សាអំពីការបន្តការចរចារដើម្បីឱ្យមានឆន្ទៈ និងការសម្រេចចិត្តដ៏អង់អាច ក៏ដូចជាការគាំទ្រពីសហគមន៍អន្តរជាតិចំពោះ ការដោះលែងចំណាប់ខ្មាំងទាំងអស់អាចសម្រេចបាន បទឈប់បាញ់ជាអចិន្ត្រៃយ៍ ការចូលដោយសុវត្ថិភាពនៃជំនួយមនុស្សធម៌ទៅកាន់តំបន់ដែលរងផលប៉ះពាល់ខ្លាំង និងការគោរពពេញលេញចំពោះច្បាប់មនុស្សធម៌ត្រូវបានធានា។
សេចក្តីថ្លែងការណ៍បានបន្ថែមថា មានការពិភាក្សាអំពីរបៀបធានាអនាគតសម្រាប់ប្រជាជនប៉ាឡេស្ទីន និងអំពីសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
នាឱកាសនោះ សន្តអាសនៈក៏ បានបញ្ជាក់ឡើងវិញនូវទស្សនៈរបស់ខ្លួនថា "ដំណោះស្រាយរដ្ឋពីរគឺជាផ្លូវតែមួយគត់ចេញពីសង្រ្គាមបច្ចុប្បន្ន"៕
Daily Program
