សម្តេចប៉ាបនៅមិនទាន់រុះរើរចនាសម្ព័ន្ធដឹកនាំសន្តអាសនៈនៅឡើយទេ

សម្តេចប៉ាបឡេអូ ទី១៤ ពន្យារពេលដំណើរការ ជ្រើសរើសសមាជិកនិងរៀបចំរចនាសម្ព័នសន្តអាសនៈថ្មី ។
សេចក្តីប្រកាសដែលចេញផ្សាយដោយ សន្តអាសនៈកាលពីចុងសប្តាហ៍មុនបានឲ្យដឹងថា សម្តេចប៉ាបឡេអូទី១៤ បានពន្យាពេល ដំណើរការជ្រើសតាំងរចនាសម្ព័ន្ធដឹកនាំសន្តអាសនៈសិន ដោយប្រកាសថា រចនាសម្ព័ន្ធដែលមានស្រាប់គឺនៅបន្តដដែល រហូតដល់មានការប្រកាសជាថ្មី។
សម្តេចប៉ាបឡេអូទី ១៤ បានលើកឡើងថា ទ្រង់នឹងជ្រើសរើសពេលវេលា មុនពេលកំណត់ពេល ឫ បញ្ជាក់ពីរចនាសម្ព័ន្ធនៃការដឹកនាំនៅក្នុងស្ថាប័នគ្រប់គ្រងរបស់បុរីវ៉ាទីកង់។
សម្តេចប៉ាឡេអូទី១៤ ដែលមានព្រះនាមដើមថា រ៉ូបឺត ហ្រ្វង់ស៊ី ប្រេវូស (Robert Francis Prevost) ត្រូវបានបោះឆ្នោតជ្រើសរើសជាសម្តេចប៉ាបទី ២៦៧ នៅថ្ងៃទី ៨ ខែឧសភាឆ្នាំ ២០២៥ បន្ទាប់ពីការសោយទិវង្គតរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ។
ការដែលទ្រង់ត្រូវបានជ្រើសតាំងឡើងបានកត់សម្គាល់ពីពេលវេលាជាប្រវត្តិសាស្ត្រមួយ ខណៈដែលទ្រង់បានក្លាយជាសម្តេចប៉ាបដំបូងគេពីសហរដ្ឋអាមេរិក និងជាសមាជិកនៃក្រុម សន្តអូហ្គូស្ទីន ដែលត្រូវបានជ្រើសរើស ដើម្បីបម្រើនិងគង្វាលព្រះសហគមន៍និងគ្រិស្តបរិស័ទកាតូលិកនៅទូទាំងពិភពលោក ។
តាមការគ្រោងទុកពិធីនៃការរៀបចំមហាព្រឹត្តិការណ៍ថ្វាយអភិបូជា នៃការក្លាយជាសម្តេចប៉ាប គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ ។
សម្តេចប៉ាបបានលើកឡើងថា ទ្រង់ត្រូវការសិក្សានិងសន្ទនាជាមុននៅមុនពេលធ្វើសេចក្តីសម្រេចចិត្តតែងតាំង រចនាសម្ព័ន្ធដឹកនាំរបស់សន្តអាសនៈថ្មី៕
Daily Program
