សន្តិភាពមិនមែនគ្រាន់តែជាអវត្តមាននៃជម្លោះ តែជាវត្តមាននៃយុត្តិធម៌ ការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការក្នុងចំណោមមនុស្សជាតិទាំងអស់ ទោះបីមាននិន្នាការសាសនា ពូជសាសន៍និងវប្បធម៌ផ្សេងៗគ្នាក៏ដោយ

ថ្លែងក្នុងពិធីបើក សិក្ខាសាលា​ស្តីពី​ «កិច្ចសហប្រតិបត្តិការអន្តរសាសនានៅកម្ពុជា» ដែលរៀបចំដោយក្រុមប្រឹក្សាអន្តរសាសនាកម្ពុជា (ក.អ.ក) កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដោយមានការចួលរួមពីតំណាងសាសនាធំៗ នៅកម្ពុជា ដូចជា តំណាងព្រះពុទ្ធសាសនា​ តំណាងគ្រីស្តសាសនា​ និងតំណាងអ៊ីស្លាមសាសនា សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ និងជាអគ្គលេខាធិការក្រុមប្រឹក្សាអន្តរសាសនាកម្ពុជា សម្របសម្រួលសិក្ខាសាលានេះ បានថ្លែងឡើងពីការចូលរួមនៃសាសនាទាំងអស់ក្នុងការកសាងសន្តិភាពថា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចងភ្ជាប់មនុស្សជាតិទាំងមូល  ដោយក្តីមេត្តា ការអត់ឱន ក្តីស្រឡាញ់ ការសង្គ្រោះ និងការគោរពគ្នាទៅវិញទៅមក។ ដែរទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាងសន្តិភាពយូរអង្វែង។ សម្តេចបានបន្តែមទៀតថា សន្តិភាពមិនមែនគ្រាន់តែជាអវត្តមាននៃជម្លោះនោះទេ ប៉ុន្តែវាគឺជាវត្តមាននៃយុត្តិធម៌ ការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការក្នុងចំណោមមនុស្សជាតិទាំងអស់ ទោះបីមាននិន្នាការសាសនា ពូជសាសន៍និងវប្បធម៌ផ្សេងៗគ្នាក៏ដោយ។

សិក្ខាសាលាដែលមានរយៈពេលពេញមួយរសៀលនេះក្នុងគោលបំណង សំខាន់ៗចំនួនពីរគឺ៖ ១. ពិភាក្សាអំពីវឌ្ឍនភាព និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងសាសនាផ្សេងៗគ្នានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ២. កំណត់ទិសដៅការងារ សម្រាប់ពេលខាងមុខ ក្រោមការសម្របសម្រួលពីថ្នាក់ដឹកនាំសាសនាអន្តរជាតិ រួមមាន លោកស្រី Deepika Singh អគ្គលេខាធិការរង «សាសនាដើម្បីសន្តិភាពអន្តរជាតិ» និងលោក Rev. Dr. Yoshinori Shinohara អគ្គលេខា​ធិការ «សាសនាដើម្បីសន្តិភាពប្រចាំតំបន់អាស៊ី»

លោកស្រី Deepika Singh បានថ្លែងបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ថ្នាក់ដឹកនាំសាសនា ក្នុងការកសាងសន្តិភាព ដែលជាការរួមចំណែកដល់ការអភិវឌ្ឍ ការព្យាបាលរបួសផ្លូវចិត្ត ការកសាងទំនុកចិត្តឡើងវិញ និងការជំរុញការផ្សះផ្សា។ លោកស្រីក៏បានបន្ថែមទៀតថា ការចូលរួមរបស់គ្រប់ថ្នាក់ដឹកនាំសាសនា​ទាំងអស់ដែលបានខិតខំ​ តាមរយៈប្រពៃណីសាសនាផ្សេងៗ ការបង្រៀនដ៏វិសេសតែងតែលើកតម្កើងការអត់ឱន មេត្តាករុណា និងការយល់ចិត្ត ជាគុណធម៌ដ៏ឧត្តុង្គឧត្តមដែលបង្កើតទៅកាន់ការព្យាបាល ការផ្លាស់ប្តូរ និងសន្តិភាពយូរអង្វែង នៅពេលដែលថ្នាក់ដឹកនាំសាសនារួមគ្នាធ្វើសកម្មភាព ដែលមានឫសគល់ពីតម្លៃដ៏វិសុទ្ធរបស់ពួកគាត់ ភក្តីភាពរបស់ពួកគាត់នឹងកើនឡើងជាច្រើនដង បង្កើតបានជាការយល់ដឹង ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ។ លោកស្រីបានរំលឹកថា សន្តិភាពប្រកបដោយនិរន្តរភាពមិនអាចសម្រេចបានតាមរយៈមធ្យោបាយនយោ​បាយ ឬសេដ្ឋកិច្ចតែមួយមុខនោះទេ។ វាទាមទារឱ្យមានការផ្លាស់ប្តូរផ្នែកសីលធម៌ ចរិយាធម៌ និងស្មារតីនៃផ្ទៃក្នុងយ៉ាងជ្រាលជ្រៅ ដែលទទួលស្គាល់នូវមនុស្សជាតិរួមគ្នា និងសេចក្តីថ្លៃថ្នូរដែលមានពីកំណើតរបស់មនុស្សគ្រប់រូប។​

ជាមួយគ្នានេះ លោក Rev. Dr. Yoshinori Shinohara អគ្គលេខាធិការ «សាសនាដើម្បីសន្តិភាពប្រចាំតំបន់អាស៊ី» បានសាទរ និងទទួលស្គាល់នូវភាពសុខដុមអន្តរសាសនានៅកម្ពុជា ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ក្នុងភាតរភាព ពិសេសការយកចិត្តទុកដាក់ចំពោះ ការការពារសាសនាភាគតិច ដែលនេះជាចំនុចខ្លាំងរបស់កម្ពុជាដែលគួរឱ្យផ្សព្វផ្សាយទៅកាន់ពិភពលោក។ 

អង្គសិក្ខាសាលាបានពិភាក្សាមួយដ៏សំខាន់មួយ​ ដើម្បីស្តាប់នូវមតិយោបល់ផ្សេងៗពីសកម្មភាព​ និងគំនិតនានាពីគ្រប់សាសនា​ បន្តកិច្ចសហការល្អគ្រប់កំរិត ក្នុងការកសាងសន្តិភាព​ ប្រកបដោយសុខុដមរម្យនានៅកម្ពុជា។​ 

ព្រឹត្តិការណ៍នេះ គឺជាសក្ខីភាពមួយបង្ហាញពីស្មារតីសាមគ្គីភាព និងការរួមរស់ជាមួយគ្នាដោយ​​សន្តិភាពរវាងសាសនាខុសៗគ្នានៅក្នុងសង្គមកម្ពុជា ដែលជាគ្រឹះយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសង្គមប្រកបដោយសុខដុមរមនា។

Daily Program

Livesteam thumbnail