សន្តអាសនៈប្រកាសអំពីវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម

សេចក្តីថ្លែងការណ៍របស់ការិយាល័យព័ត៌មានសន្តអាសនៈ បានអះអាងថា កិច្ចប្រជុំនៃក្រុមការងាររួមវៀតណាម -សន្តអាសនៈ នៅបុរីវ៉ាទីកង់ គឺដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីបានធ្វើឡើង កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្នុងបរិយាកាសមិត្តភាព ទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក។
កិច្ចប្រជុំលើកទី១២ នៃក្រុមការងាររួមនេះ បានប្រព្រឹត្តក្រោមការដឹកនាំដោយ លោកស្រី ឡេ ធីធូហាង ( Le Thi Thu Hang ) អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានគណៈប្រតិភូវៀតណាម និង ម៉ុងសេញ័រ មីរ៉ូស្លាវ វាចូវស្គី (Mirosław Wachowski) អនុរដ្ឋមន្រ្តីទទួលបន្ទុកក្រសួងទំនាក់ទំនងរដ្ឋនិងអង្គការអន្តរជាតិ។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានទទួលស្គាល់ការរួមវិភាគទានជាវិជ្ជមានរបស់ព្រះសហគមន៍កាតូលិក ក្នុងការអភិវឌ្ឍន៍រួមរបស់ប្រទេសវៀតណាម ក្នុងស្មារតីរស់រានមានជីវិតនៃ ដំណឹងល្អក្នុងពិភពលោកដោយក្លាយជាអ្នកកាន់សាសនាកាតូលិកល្អ និងជាពលរដ្ឋល្អ។
ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពលើទំនាក់ទំនងទ្វេភាគីចាប់តាំងពីកិច្ចប្រជុំលើកទី១១ ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយកាលពីខែឧសភា ឆ្នាំ២០២៤។
ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងទ្វេភាគីបន្ថែមទៀតតាមរយៈការផ្លាស់ប្តូរកម្រិតខ្ពស់ ហើយបានឯកភាពបន្តរៀបចំកិច្ចប្រជុំជាទៀងទាត់នៃក្រុមការងារចម្រុះនេះ។
ក្នុងឱកាសនោះ គណៈប្រតិភូវៀតណាមក៏ត្រូវបានទទួលស្វាគមន៍ដោយសម្តេចប៉ាប ឡេអូទី១៤ ហើយចូលជួបសម្តែងការគួរសមជាមួយលោក កាឌីណាល់ ព្រែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តី ទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិ លោកអគ្គអភិបាល ប៉ូល ហ្គាឡាហ្គ័រផងដែរ៕
Daily Program
