សង្រ្គាមនៅមជ្ឈិមបូព៌ា លោកដូណាល់ ត្រាំ អះអាងថា ការវាយប្រហារកាន់តែ ធ្ងន់ធ្ងរ ធ្វើនៅអ៊ីរ៉ង់
កាលពីរាត្រីថ្ងៃពុធ ឆ្លងចូលថ្ងៃព្រហស្បតិ៍ លោកដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បាន ថ្លែងសន្ទរកថាតាមកញ្ចក់ទូរទស្សន៍ដែលគេទន្ទឹងរង់ចាំ ដែលក្នុងនោះលោកបានប្រកាសថា ទាហានអាម៉េរិកនឹងឈានទៅសម្រេចគោលដៅរបស់ខ្លួនឆាប់ៗ សម្រាប់សង្រ្គាមនៅអ៊ីរ៉ង់ ហើយបើតាមរូបលោក ការវាយប្រហារលើអ៊ីរ៉ង់នឹងកាន់តែធ្ងន់ធ្ងរ។ ប្រធានាធិបតីអាម៉េរិកបានថ្លែងថា សហរដ្ឋអាម៉េរិកបានបំផ្លាញកងទ័ពជើងទឹក និងអាកាសរបស់អ៊ីរ៉ង់ និងព្រមានថា អាម៉េរិកនឹងបន្តវាយប្រហារលើអ៊ីរ៉ង់ក្នុងអំឡុងពេលពី ២ ទៅ ៣ សប្តាហ៍ខាងមុខ។
លោកប្រធានាធិបតីអាម៉េរិក បានឲ្យដឹងដែរថា ៖ “អាម៉េរិកនឹងវាយប្រហារពួកគេឲ្យខ្លាំងក្លាជាទីបំផុតនៅអំឡុងពី២ ទៅ ៣ សប្តាហ៍ខាងមុខ។ យើងនឹងនាំពួកគេឲ្យទៅកាន់យុគសម័យថ្ម ដែលពួកគេត្រូវនៅទីនោះ។
ម្ចាស់សេតវិមានអាម៉េរិក បានជៀសវាងចម្លើយចំពោះសំណួរសំខាន់ៗមួយចំនួនដែលនៅសេសសល់ ដូចជា ស្ថានភាពអ៊ុយរ៉ានីយ៉ូម ដែលអ៊ីរ៉ង់បានបង្កើនឲ្យមានកម្រិតខ្ពស់ និងការធ្វើដំណើរចូលទៅកាន់ច្រកសមុទ្រអ័រមូស Hormuz ដែលជាច្រកសមុទ្រ ដែលមានប្រហែល 20% នៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវ (GNL) ជាសកល តែងតែឆ្លងកាត់។ លោកប្រធានាធិបតីអាម៉េរិកបានប្រកាសថា ច្រកសមុទ្រនោះនឹង បើកដោយខ្លួនឯង នៅពេលជម្លោះបញ្ចប់។
តម្លៃនៃប្រេងបានហក់ឡើងជាង ៦% កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រធានាធិបតីដូណាល់ ត្រាំ បានថ្លែងថា សហរដ្ឋអាម៉េរិកនឹងបន្តការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ ហើយក៏មិនបានសន្យាសម្រាប់ការបរិច្ឆេទច្បាស់លាស់ដើម្បីបញ្ចប់ជម្លោះនេះដែរ ដែលវាមានរយៈពេល ១ខែមកហើយ។ នេះធ្វើឲ្យទីផ្សារប្រេងសកលបានឡើង ៦,៤៧% គឺទៅដល់ ១០៧,៧១ ដុល្លារ ក្នុងមួយបារ៉ែល ខណៈប្រេងឆៅស្រាលអាម៉េរិក បានកើន៥,២៦% គឺទៅដល់ ១០៥,៣៩ ដុល្លារ ក្នុងមួយបារ៉ែល។
សុន្ទរកថាដែលមានការរំពឹងទុកខ្លាំងរបស់ម្ចាស់សេតវិមាន បានបន្សល់ទុកនូវសំណួររបស់អ្នកវិនិយោគអំពីរយៈពេលនៃសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលមិនទទួលបានចម្លើយ និងបង្កើនការព្រួយបារម្ភកាន់តែខ្លាំងចំពោះសក្តានុពលនៃការបន្តរំខានដល់ការផ្គត់ផ្គង់ប្រេងឆៅជាសកល។
ចំណែកនៅមជ្ឈិមបូព៌ា នៅរាត្រីថ្ងៃពុធ ទាហានអ៊ីស្រាអែលបានប្រកាសថា បានកំណត់អត្តសញ្ញាញមីស៊ីលដែលបាញ់មកពីប្រទេសអ៊ីរ៉ង់ ក្នុងទិសដៅមកលើដែនដីរដ្ឋអ៊ីស្រាអែល។ ពួកវាត្រូវបានបាញ់មក បីដង ក្នុងអំឡុងតែប៉ុន្មានម៉ោង។ យ៉ាងហោចណាស់ មានមនុស្ស ៤នាក់ បានរបួសស្រាល នៅអំឡុងពេលវាយប្រហារ។
រីឯការិយាល័យប្រព័ន្ធផ្សព្វផ្សាយ អាប៊ូ ដាប៊ី បានប្រកាសថា នៅប្រទេសអារ៉ាបរួម អេមីរ៉េត ប្រព័ន្ធការការពារអាកាស បានចាប់បានមីស៊ីលមួយនៅជិតតំបន់សេដ្ឋកិច្ច ខាលីហ្វ៉ា នៅទីក្រុងអាប៊ូ ដាប៊ី។ ប្រព័ន្ធផ្សព្វផ្សាយនេះក៏បានបន្ថែមថា មានការខូចខាតតិចតួចដែរ។
រីឯនៅក្នុងសំបុត្រមួយដែលផ្ញើចំពោះប្រជាជនអាម៉េរិក កាលពីថ្ងៃពុធ ប្រធានាធិបតីអ៊ីរ៉ង់ លោកម៉ាសូដ ប៉ាហ្សេស្កៀន បានបញ្ជាក់ថា អ៊ីរ៉ង់មិនមានការប្រទូស្តរាយណាមួយចំពោះប្រជាជនអាម៉េរិកធម្មតានោះទេ។ លោកបានបន្ថែមក្នុងលិខិតនេះ ដែលសារព័ត៌មានអ៊ីរ៉ង់បានផ្សព្វផ្សាយ និងត្រូវបានចែកចាយបន្តលើបណ្តាញសង្គមអ៊ិក X ថា ការដែលពិពណ៌នាអ៊ីរ៉ង់ថាជាហានិភ័យ គឺមិនស្របតាមសច្ចភាពប្រវត្តិសាស្ត្រ និងមិនស្របតាមព្រឹត្តិការណ៍ពិតដែលអាចសង្កេតឃើញបាននៅសព្វថ្ងៃឡើយ។ នៅក្នុងសំបុត្រនេះទៀត លោកម៉ាសូដ ប៉ាហ្សេស្កៀន បានបន្តថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាអាយុជីវិតអ៊ីរ៉ង់ គឺជាការបាញ់ផ្ដោតទៅលើប្រជាជនអ៊ីរ៉ង់ ហើយវានឹងផ្តល់ផលវិបាកលើសពីព្រំដែនប្រទេស។