វិស័យអាកាសចរណ៍ និងទេសចរណ៍កម្ពុជា រួមគ្នាកំណត់យុទ្ធសាស្ត្រ «វាយបក» ដើម្បីស្តារកំណើនអ្នកដំណើរឡើងវិញ

វិស័យអាកាសចរណ៍ស៊ីវិល និងឧស្សាហកម្មគ្មានផ្សែងរបស់កម្ពុជា កំពុងស្ថិតក្នុងរបត់មួយដែលត្រូវប្រឈមមុខនឹងឥទ្ធិពលអវិជ្ជមានពីសម្ពាធភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល។

យោងតាមរបាយការណ៍ចុងក្រោយរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបង្ហាញថា ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ ចំនួនអ្នកដំណើរតាមផ្លូវអាកាសនៅកម្ពុជាមានចំនួន ២,៨៧៤,០៨៤ នាក់ ថយចុះ ៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ ទិន្នន័យពីក្រសួងទេសចរណ៍ក៏បានគូសបញ្ជាក់ដែរថា ចំនួនភ្ញៀវទេសចរបរទេសមកដល់កម្ពុជាមានប្រមាណ ១,៥៤ លាននាក់ ធ្លាក់ចុះ ៤៧,៨ភាគរយ ដែលជាសញ្ញាជំរុញឱ្យមានការអន្តរាគមន៍ជាយុទ្ធសាស្ត្រជាបន្ទាន់។

នៅក្នុងរបាយការណ៍ដដែលបានបង្ហាញថា ចរន្តអ្នកដំណើរផ្លូវអាកាសធ្លាក់ចុះនេះ មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែវាបណ្តាលមកពីកត្តាចម្បងៗមួយចំនួន។ កត្តាដំបូង គឺភាពតានតឹងភូមិសាស្ត្រនយោបាយសកល ដោយសារជម្លោះរ៉ាំរ៉ៃនៅតំបន់មជ្ឈិមបូព៌ា បានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍នានាត្រូវបង្វែរផ្លូវហោះហើរឆ្ងាយជាងមុន ដែលនាំឱ្យតម្លៃប្រេងឥន្ធនៈសកលហក់ឡើងខ្ពស់។ ជាមួយគ្នានេះ សម្ពាធថ្លៃដើមប្រតិបត្តិការពីការកើនឡើងនៃតម្លៃប្រេង និងការចំណាយលើការហោះហើរ បានរុញច្រានឱ្យតម្លៃសំបុត្រយន្តហោះហក់ឡើងខ្ពស់ ដែលជាឧបសគ្គដល់ការសម្រេចចិត្តធ្វើដំណើររបស់ភ្ញៀវអន្តរជាតិ។ ក្រៅពីនេះ ការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ដើម្បីទប់ទល់នឹងការខាតបង់ ដោយការសម្រេចចិត្តផ្អាក ឬលុបចោលជើងហោះហើរមួយចំនួនមកកាន់តំបន់ ក៏ជាមូលហេតុរួមចំណែកផងដែរ។

យ៉ាងណាក៏ដោយ ទោះបីជាត្រូវជួបខ្យល់ព្យុះសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំ និងអ្នកជំនាញក្នុងវិស័យនេះនៅតែបង្ហាញក្តីសង្ឃឹម និងទស្សនវិស័យវិជ្ជមានក្នុងរយៈពេលវែង តាមរយៈការដាក់ចេញនូវវិធានការ និងយុទ្ធសាស្ត្រ «វាយបក» របស់រាជរដ្ឋាភិបាល និងវិស័យឯកជនជាបន្តបន្ទាប់។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានសង្កត់ធ្ងន់ថា ដើម្បីទាក់ទាញអ្នកដំណើរត្រឡប់មកវិញ ក្រុមហ៊ុនអាកាសចរណ៍ និងរដ្ឋបាលអាកាសយានដ្ឋានត្រូវរួមគ្នាផ្តល់តម្លៃសមរម្យ បង្កើនទំនុកចិត្ត បង្កើតយុទ្ធសាស្ត្រតម្លៃប្រកួតប្រជែង និងពង្រឹងបទពិសោធន៍ធ្វើដំណើរឱ្យកាន់តែប្រសើរ។ ទន្ទឹមនឹងនេះ ការធ្វើទំនើបកម្ម និងពង្រីកហេដ្ឋារចនាសម្ព័ន្ធដោយអនុវត្តបច្ចេកវិទ្យាទំនើប ពង្រឹងប្រព័ន្ធសុវត្ថិភាព និងបន្តពង្រីកព្រលានយន្តហោះ រំលេចជាមួយគោលនយោបាយ «មេឃបើកចំហ» (Open Skies Policy) នៅតែបន្តជំរុញការហោះហើរត្រង់ទៅកាន់គោលដៅទេសចរណ៍ និងតំបន់សេដ្ឋកិច្ចសំខាន់ៗ ព្រមទាំងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗឱ្យមកចុះបញ្ជីហោះហើរនៅកម្ពុជា។

ទាក់ទងនឹងការងារនេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្តែងនូវសុទិដ្ឋិនិយមថា រដ្ឋាភិបាលកំពុងពន្លឿនការស្តារវិស័យនេះឡើងវិញ ដោយផ្តោតលើការងារផ្សព្វផ្សាយរួមគ្នារវាងរដ្ឋ និងឯកជន ការធានាសុវត្ថិភាពភ្ញៀវទេសចរ ការអភិរក្សវប្បធម៌ និងការធ្វើពិពិធកម្មផលិតផលទេសចរណ៍ថ្មីៗ ចាប់ពីតំបន់បេតិកភណ្ឌអង្គរ រហូតដល់ទេសចរណ៍ឆ្នេរសមុទ្រ និងអេកូទេសចរណ៍។

ចំណែកឯ លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមទេសចរណ៍កម្ពុជា បានផ្តល់អនុសាសន៍ថា យុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» និងគម្រោងសាកល្បងលើកលែងទិដ្ឋាការរយៈពេល ៤ខែ សម្រាប់ភ្ញៀវទេសចរចិន ចាប់ផ្តើមហុចផ្លែផ្កាជាបណ្តើរៗហើយ។ ទន្ទឹមនឹងការរង់ចាំភ្ញៀវអន្តរជាតិ កម្ពុជាចាំបាច់ត្រូវតែរួមគ្នារំញោច «ចលនាទេសចរណ៍ក្នុងស្រុក» ឱ្យមានការចូលរួមកាន់តែខ្លាំងក្លា ព្រមទាំងជំរុញឱ្យប្រតិបត្តិករសេវាកម្ម និងអ្នកជំនាញអាជីពធ្វើការផ្សព្វផ្សាយទីផ្សារឱ្យបានទូលំទូលាយ និងសកម្មបំផុត។

អ្នកជំនាញរំពឹងថា ប្រសិនបើយុទ្ធសាស្ត្ររួមគ្នារវាងរដ្ឋ និងឯកជន ត្រូវបានអនុវត្តដោយរលូន និងមានសកម្មភាពរស់រវើកនោះ វិស័យអាកាសចរណ៍ និងវិស័យទេសចរណ៍កម្ពុជា នឹងអាចជម្នះវិបត្តិសកលនេះ ហើយវិលត្រឡប់ទៅរកភាពប្រក្រតី និងកំណើនប្រកបដោយចីរភាពឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ៕

 

Daily Program

Livesteam thumbnail