លោក កឹម សុខា អំពាវនាវឱ្យខ្មែរួបរួមគ្នាការពារទឹកដីពីមហិច្ឆតាឈ្លានពានរបស់សត្រូវ

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ លោក កឹម សុខា ត្រូវបានអនុញ្ញាឲ្យចេញក្រៅបានទៅចូលរួម គោរពវិញ្ញាណក្ខន្ធនាយទាហានដែលបានពលីជីវិតនៅលើសមរភូមិ ក្នុងបុព្វហេតុការពារទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ។
ក្នុងឱកាសនោះដែរ លោកបានអំពាវនាវដល់ពលរដ្ឋខ្មែរឱ្យរួមគ្នាកាន់តែខ្លាំងឡើងទៀត ដើម្បីឱ្យខ្មែរកាន់តែខ្លាំងនិងរឹងមាំ ដើម្បីការពារទឹកដីពីមហិច្ឆតាឈ្លានពានពីចោរសៀម ចាប់តាំងពីអតីតកាល រហូតមកទល់នឹងពេលនេះ។
លោកបានមានប្រសាសន៍ថា ៖ «ខ្មែរយើងបានឆ្លងកាត់សង្គ្រាមឈ្លានពានច្រើនដងហើយ មកដល់ពេលនេះហើយថៃនៅមកឈ្លានពានយើងទៀត វាហួសហេតុពេកហើយ។ ដូចនេះហើយ យើងជាខ្មែរត្រូវរួមគ្នា ខ្មែរត្រូវរួមសាមគ្គីគ្នាឱ្យរឹងមាំដើម្បីការពារទឹកដីសុវណ្ណភូមិសម្រាប់កូនចៅយើងបន្តទៀត»។
ជាមួយគ្នានោះដែរ លោក កឹម សុខា បានកោតសរសើរចំពោះការសាមគ្គីភាពរបស់ប្រជាពលរដ្ឋកម្ពុជា សរសើរដល់ភាពក្លាហានរបស់វីរកងទ័ពខ្មែរដែលអាចការពារទឹកដីបាន។
លោកថា ៖ «ខ្ញុំសុំកោតសរសើរដល់កងទ័ពយើង សរសើរដល់ប្រជាពលរដ្ឋខ្មែរដែលចេះសាមគ្គីគ្នា ហើយខ្ញុំសុំអំពាវនាវសុំបន្តពង្រីកការសាមគ្គីភាពខ្មែរឱ្យរឹងមាំតទៅទៀតដើម្បីប្រទេសយើង»។
សូមរម្លឹកដែរថា លោក កឹម សុខា ត្រូវបានតុលាការរាជធានីភ្នំពេញ កាត់ទោសពពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬឃុបឃិត ត្រូវរ៉ូវគ្នាជាមួយបរទេស ដែលស្មើនឹងអំពើក្បត់ជាតិ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ហើយតាមការផ្តន្ទាទោសនោះ លោកត្រូវដាក់ឱ្យស្ថិតក្រោមការឃុំខ្លួន នៅក្នុងផ្ទះរយៈពេល ២៧ ឆ្នាំ។ សិទ្ធិនយោបាយរបស់លោកទាំងអស់ត្រូវបានដកហូត ហើយលោកក៏មិនត្រូវបានអនុញ្ញាតឱ្យជួបជនបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ៕
Daily Program
