លោកឪពុក Clarence Devadass ៖ «សាក្ខីភាពដ៏អស្ចារ្យបំផុតគឺឯកភាពរបស់ព្រះសហគមន៍នៅអាស៊ី»
នៅក្នុងអំឡុងពេលនៃមហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោកអភិបាលកាតូលិកអាស៊ី (FABC) នៅទីក្រុងហ្សាការតា លោកឪពុកក្លារិន ឌីវ៉ាដាស (Clarence Devadass) អគ្គលេខាធិការរងនៃ FABC និងជាអគ្គលេខាធិការប្រតិបត្តិនៃគណៈកម្មការសម្រាប់ស៊ីណូដាល បានចែករំលែកទស្សនាទានរបស់លោកជាមួយវិទ្យុវើរីតាសអាស៊ី (RVA) អំពីគោលដៅចម្បង បញ្ហាប្រឈម និងទស្សនវិស័យសម្រាប់ព្រះសហគមន៍កាតូលិកនៅទូទាំងទ្វីបអាស៊ីដែលមានជាចំណុចសំខាន់ៗខាងក្រោម៖
- ស៊ីណូដាលជាផ្លូវនៃជីវិត៖ គោលដៅចម្បងនៃមហាសន្និបាត គឺដើម្បីលើកកម្ពស់វិញ្ញាណសារទរនៃស៊ីណូដាល ដែលជាវប្បធម៌នៃការឈ្វេងយល់រួមគ្នា និងការធ្វើដំណើរសហការគ្នារវាងលោកអភិបាល លោកបូជាចារ្យ បព្វជិត-ជិតា និងគ្រីស្តបរិស័ទជាគ្រហស្ថ ជាជាងការមើលឃើញស៊ីណូដាលត្រឹមតែជាឧបករណ៍សម្រាប់ធ្វើសេចក្តីសម្រេចចិត្ត។
- ការអំពាវនាវឱ្យធ្វើជាអ្នកកសាងស្ពាន៖ ដោយសារគ្រីស្តបរិស័ទជាក្រុមភាគតិចនៅក្នុងប្រទេសភាគច្រើននៅអាស៊ី ព្រះសហគមន៍មានបេសកកម្មពិសេសមួយក្នុងការធ្វើជាឧបករណ៍នៃសន្តិភាព ការសន្ទនា និងការសម្រុះសម្រួល។ ការកសាងស្ពាននេះត្រូវអនុវត្តទាំងខាងក្រៅ ឆ្លងកាត់ការបែងចែកសាសនា ពូជសាសន៍ និងជាតិសាសន៍ និងខាងក្នុងចំណោមសមាជិកព្រះសហគមន៍។
- បញ្ហាប្រឈមចម្បងៗនៅក្នុងតំបន់៖ លោកឪពុកឌីវ៉ាដាស បានគូសបញ្ជាក់ពីសម្ពាធជាច្រើនដែលព្រះសហគមន៍នៅអាស៊ីកំពុងប្រឈមមុខ រួមមាន៖ កំណើនលទ្ធិលោកិយនិយម លទ្ធិបរិភោគនិយម លទ្ធិប្រជាធិបតេយ្យសេរី/ប្រាក់និយម ការបែកបាក់មនោគមវិជ្ជា ភាពក្រីក្រ អំពើពុករលួយ ការផ្លាស់ប្តូរទីលំនៅដោយបង្ខំ និងការបំផ្លាញបរិស្ថាន។ ដើម្បីឆ្លើយតប ព្រះសហគមន៍ត្រូវតែធ្វើសកម្មភាពជា «អំបិល និងពន្លឺ» ដើម្បីដឹកនាំការផ្លាស់ប្តូរវិជ្ជមានក្នុងសង្គម។
- ការអំពាវនាវឱ្យមានឯកភាព និងការទទួលខុសត្រូវរួមគ្នា៖ ដោយព្រមានអំពីគ្រោះថ្នាក់នៃភាពមិនខ្វល់ខ្វាយ លោកឪពុកឌីវ៉ាដាស បានសង្កត់ធ្ងន់ថា ព្រះសហគមន៍ជារបស់អ្នកទទួលបានជ្រមុជទឹកទាំងអស់ មិនមែនតែក្រុមអ្នកបួសនោះទេ។ លោកបានបបួលគ្រីស្តបរិស័ទកាតូលិកនៅអាស៊ី ឱ្យផ្តោតលើជំនឿរួម ជាជាងភាពខុសគ្នា ដោយកត់សម្គាល់ថា ឯកភាពគឺជារឿងចាំបាច់សម្រាប់កំណើនខាងផ្លូវវិញ្ញាណ។
- តួនាទីរបស់ FABC៖ ក្នុងការបញ្ជាក់ឱ្យច្បាស់អំពីគោលបំណងរបស់ FABC លោកឪពុកឌីវ៉ាដាស បានពន្យល់ថា FABC មិនមែនជាអង្គភាពគ្រប់គ្រង ឬត្រួតពិនិត្យលើព្រះសហគមន៍មូលដ្ឋាននោះទេ។ ផ្ទុយទៅវិញ វាបំពេញភារកិច្ចជាសហការីភាពនៃការងាររួមគ្នា ដើម្បីគាំទ្រ អមដំណើរ និងតភ្ជាប់ក្រុមប្រឹក្សាអភិបាលនៅអាស៊ី ដោយបង្កើតបណ្តាញទំនាក់ទំនង ដូចជាការសហការរវាងវិទ្យាស្ថានស្រាវជ្រាវកាតូលិក ដើម្បីឱ្យព្រះសហគមន៍មូលដ្ឋានអាចចែករំលែកធនធាន និងរៀនសូត្រពីគ្នាទៅវិញទៅមក៕
