លោកអេម៉ានូអែល ម៉ាក្រុង បរិហារអំពីការវាយប្រហាររបស់អ៊ីរ៉ង់ មិនអាចទទួលយកបាន ប្រឆាំងនឹងប្រទេសអារ៉ាបរួម អេមីរ៉េត
ប្រធានាធិបតីបារាំង លោកអេម៉ានូអែល ម៉ាក្រុង បញ្ជាក់ថា មិនអាចទទួលយកបាន សម្រាប់ការវាយប្រហាររបស់អ៊ីរ៉ង់ប្រឆាំងនឹងប្រទេសអារ៉ាបរួម អេមីរ៉េត ដែលកើតឡើងកាលពីថ្ងៃចន្ទ ទី៤ ខែឧសភា។ នេះគឺជាការវាយប្រហារដំបូងៗរបស់ទីក្រុងតេអេរ៉ង់ ដែលផ្ទុះឡើងវិញ នៅ តំបន់មជ្ឈិមបូព៌ា ជាមួយនឹងការប្រើប្រាស់ដ្រូន និងមីស៊ីលបញ្ជាទិស។ លោកអេម៉ានូអែល ម៉ាក្រុង បានបរិហារនៅលើបណ្តាញសង្គមអ៊ិក X របស់លោកថា ការវាយប្រហាររបស់អ៊ីរ៉ងប្រឆាំងនឹងហេដ្ឋរចនាសម្ព័ន្ធស៊ីវិលរបស់ប្រទេសអារ៉ាបរួម អេមីរ៉េត គឺមិនយុត្តិធម៌ និងមិនអាចទទួលយកបាន។
ចំណែកនាយករដ្ឋមន្រ្តីអង់គ្លេស លោកខេ ស្តាកមើ បានថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ ប្រឆាំងនឹងប្រទេសអារ៉ាបរួម អេមីរ៉េត ដែលកើតឡើងសាជាថ្មីបន្ទាប់ពីការចូលជាធរមាននូវបទឈប់បាញ់កាលពីដើមខែមេសា និងអំពាវនាវឲ្យមានដំណោះស្រាយការទូតនៅមជ្ឈិមបូព៌ា។ នៅក្នុងសេចក្តីប្រកាសមួយ លោកខេ ស្តាកមើ បានប្រតិកម្មថា ៖ “ចក្រភពអង់គ្លេស ថ្កោលទោសការវាយប្រហារដោយដ្រូន និងមីស៊ីល ដែលបានដាក់គោលដៅលើប្រទេសអារ៉ាបរួម អេមីរ៉េត។ ប្រមុខរដ្ឋាភិបាលអង់គ្លេស បានបន្ថែមថា ការកើនឡើងនូវភាពតានតឹងនេះត្រូវតែបញ្ឈប់។ អ៊ីរ៉ង់ត្រូវតែសន្យាឲ្យបានពិតប្រាកដនូវការចចាដើម្បីធានាថា បទឈប់បាញ់នៅមជ្ឈិមបូព៌ានៅតែបន្ត និងថាដំណោះស្រាយការទូតរយៈពេលវែងត្រូវតែមាន។
រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់ថា មិនអាចទទួលយកបានដែរ សម្រាប់ការវាយប្រហារដែលបានដាក់គោលដៅលើទីក្រុងហ្វ៊ូចៃរ៉ា នៃប្រទេសអារ៉ាបរួម អេមីរ៉េត ដែលបានធ្វើឲ្យរបួសជនជាតិឥណ្ឌា ៣នាក់។
ចំណែកប្រទេសអារ៉ាប៊ី សាអ៊ូឌីត បានព្រមានសម្រាប់ការផ្ទុះឡើងនូវភាពតានតឹងខាងយោធាសាជាថ្មីនៅក្នុងតំបន់ឈូងសមុទ្រ និងអំពាវនាវឲ្យបន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលបន្ទាប់ពីការចាប់ផ្តើមឡើងនូវការប៉ះទង្គិចរវាងកងកម្លាំងអាម៉េរិក និងអ៊ីរ៉ង់ ដែលគំរាមកំហែងដល់បទឈប់បាញ់។
នៅលើបណ្តាញសង្គមអ៊ិក X ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីតបានសម្តែងនូវការព្រួយបារម្ភរបស់ប្រទេសខ្លួន ប្រឈមនឹងការកើនឡើងនូវភាពតានតឹងខាងយោធានៅពេលនេះនៅក្នុងតំបន់ និងអំពាវនាវសម្រាប់ភាពចាំបាច់ក្នុងការបន្ធូបន្ថយភាពតានតឹងនៃស្ថានការណ៍ កុំចូលរួមក្នុងការបង្កើនភាពតានតឹងបន្ថែមទៀត ហើយត្រូវបង្ហាញខ្លួនលើការទប់ស្កាត់សង្រ្គាម។
ទីក្រុងរីយ៉ាដ ក៏បញ្ជាក់គាំទ្រការធ្វើជាអន្តរការី និងកិច្ចខិតខំប្រឹងប្រែងខាងការទូតរបស់ប្រទេសប៉ាគីស្ថានក្នុងគោលដៅដើម្បីឈានទៅរកដំណោះស្រាយខាងនយោបាយ និងដែលជួយបញ្ចៀសតំបន់មិនឲ្យរអិលទៅរកភាពតានតឹង និងអស្ថិរភាពកាន់តែច្រើនថែមទៀត។
នៅលើបណ្តាញសង្គមអ៊ិក X លោកអាបបា អារ៉ាជី រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថា ៖ “សភាពការណ៍នៅចក្រអ័រមូស បង្ហាញថា វាមិនមានដំណោះស្រាយខាងយោធាសម្រាប់វិបត្តិនយោបាយទេ។ លោកបានជំរុញឲ្យសហរដ្ឋអាម៉េរិកផ្តល់អាទិភាពលើផ្លូវនៃការធ្វើជាអន្តរការីរបស់ប៉ាគីស្ថាន និងព្រមានអាម៉េរិកអំពីហានិភ័យនៃការចូលរួមធ្វើឲ្យរអិលធ្លាក់ទៅក្នុងស្ថានភាពដ៏ស្មុគស្មាញ។
បទឈប់បាញ់ អាម៉េរិក អ៊ីរ៉ង់ មានភាពផុយស្រួយ ជាពិសេសជាមួយនឹងការចាប់ផ្តើមការបាញ់របស់អ៊ីរ៉ង់ឆ្ពោះទៅកាន់ប្រទេសអារ៉ាបរួម អេមីរ៉េត។
តាមសំដីដែលរាយការណ៍ដោយសារព័ត៌មាន ហ្វ៉កញូ (Fox News) ប្រធានាធិបតីអាម៉េរិក បានព្រមានថា ប្រសិនបើអ៊ីរ៉ង់ដាក់គោលដៅវាយប្រហារលើនាវាអាម៉េរិកនៅក្នុងតំបន់ លោកនឹងបំផ្លាញអ៊ីរ៉ង់ឲ្យខូចខាតទាំងស្រុងចេញពីភពផែនដី។